សំណើសុំអន្តរាគមន៍របស់សាស្ត្រាចារ្យ និងសិស្សានុសិស្សវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍បញ្ឈប់សកម្មភាពកាត់ដីបរិវេណវិទ្យាល័យទៅឲ្យក្រុមហ៊ុនផលិតទឹកស្អាតឲ្យទាន់ពេល។
សំណើនេះធ្វើឡើងតាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយសមាគមនេះបានផ្ញើលិខិត១ច្បាប់ជូនលោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ដោយភ្ជាប់ជាមួយញត្តិផ្ដិតស្នាមមេដៃគ្រូបង្រៀន និងសិស្សានុសិស្សជាង ១០០នាក់។
លិខិតគ្រូបង្រៀនបានបញ្ជាក់ថា ដីទីធ្លាវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ មានទីតាំងក្នុងក្រុងក្រចេះ ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនផលិតទឹកស្អាត កាត់យកមួយចំហៀងខាងកើត មានទទឹង ៣៦ម៉ែត្រ និងបណ្តោយ ១៨៤ម៉ែត្រ និងចំហៀងខាងត្បូងមានទទឹង ៩ម៉ែត្រ និងបណ្តោយ ២៧៣ម៉ែត្រ។ សកម្មភាពនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបន្តមកដល់សព្វថ្ងៃនេះ។
លោក ទូច រដ្ឋានី ជាតំណាងគ្រូបង្រៀននៃវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ។ លោកបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរក្សាទីធ្លាវិទ្យាល័យនេះឲ្យបានគង់វង្សជាសម្បត្តិជាតិ ព្រោះអត្រាសិស្សានុសិស្សមានចំនួនកើនឡើងពី ១ឆ្នាំទៅ១ឆ្នាំ។
លោក ទូច រដ្ឋានី បន្ថែម៖ «ក្រុមហ៊ុននេះសំអាងថា គេទទួលបានអាជ្ញាប័ណ្ណពីរដ្ឋអំណាចមូលដ្ឋានឲ្យធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះសាលារៀនមិនទាន់ទទួលបានអាជ្ញាប័ណ្ណដែលប្រកាសឲ្យសាងសង់នោះទេ។ លោកគ្រូអ្នកគ្រូមិនសុខចិត្តទេ ដោយសារដីដែលក្រុមហ៊ុនយកមួយចំនួនគឺជាដីសាលា។ តាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី លោកបានហាមមិនឲ្យប៉ះពាល់ដីទីធ្លាសាលា ដីទីវត្តអារាម និងដីមន្ទីរពេទ្យជាដើម។ យើងសូមសំណូមពរទៅនាយករដ្ឋមន្ត្រី សូមឲ្យក្រុមហ៊ុនហ្នឹងដកថយពីបរិវេណទីធ្លាសាលារៀន»។
ឆ្លើយតបបញ្ហានេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានថ្លែងបដិសេធចំពោះការចោទប្រកាន់របស់ក្រុមគ្រូបង្រៀន ដោយអះអាងថា សកម្មភាពឈូសឆាយដីទីធ្លាវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ នោះ គឺជាទិសដៅនៃការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំខេត្តក្រចេះ។
លោក ឡាយ បូរ៉ា៖ «ចំពោះបញ្ហាហ្នឹងខ្ញុំសូមបកស្រាយជូនថា រឿងដីដែលធ្វើផ្លូវនេះ ពីមុនមកវាជាដីមួយដែលយើងមិនទាន់ចុះបញ្ជីទេ បើទោះជាដីរបស់សាលាព្រះកុសុមៈមែន ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់ចុះបញ្ជីជាប្លង់រឹងនៅឡើយទេ ហើយផ្លូវដែលក្រុមហ៊ុនធ្វើនេះ គឺមិនមែនជាផ្លូវរបស់ក្រុមហ៊ុនទេ ជាផ្លូវសាធារណៈរបស់រដ្ឋ យើងបានប្រជុំជាមួយខេត្តរួចហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនផលិតទឹកស្អាត ទូច គិម ដើម្បីបំភ្លឺជុំវិញកង្វល់របស់គ្រូបង្រៀន និងសិស្សានុសិស្សនៃវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ បានទេ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបានចាត់ទុកទង្វើរបស់អាជ្ញាធរ និងក្រុមហ៊ុនផលិតទឹកស្អាតខេត្តក្រចេះ ថាជាទង្វើផ្គើនទៅនឹងសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមមិនឲ្យដោះដូរ ឬលក់អាគាររដ្ឋ និងដីទីធ្លាសាលាជាដើម។
លោក រ៉ុង ឈុន ឲ្យដឹងបន្ថែមដូច្នេះ៖ «អ្នកដែលមានលុយមានអំណាចចេះតែច្រឹបយកដីសាលាជាបន្តបន្ទាប់ ហើយមិនបានគោរពទៅនឹងសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យើងគិតថា អនាគតទៅវាប៉ះពាល់ទៅដល់បរិវេណសាលា។ មនុស្សចេះតែកើន ហើយដីអត់រីកទេ គឺកាន់តែរួម»។
ទោះយ៉ាងណា ក្រុមគ្រូបង្រៀន បុគ្គលិកសិក្សា និងសិស្សានុសិស្សមានជំនឿថា ប្រមុខដឹកនាំនឹងពិនិត្យដោះស្រាយចំពោះបញ្ហារំលោភដីបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ ឲ្យបានគង់វង្ស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
