កម្មករប្រមាណ ២ពាន់នាក់នៅមុខមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានទាមទារសុំឲ្យនិយោជក ក៏ដូចជារដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឲ្យពួកគាត់ យ៉ាងហោចណាស់ដល់ពី ៧៣ដុល្លារទៅ ៩៥ដុល្លារក្នុងមួយខែ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា លោកគ្រោងនឹងផ្ញើញត្តិគាំទ្ររបស់កម្មករទាំងអស់ ដែលចូលរួមក្នុងវេទិកាសាធារណៈផ្ញើទៅខាងនិយោជក និងក្រសួងការងារ សុំឲ្យដំឡើងប្រាក់ឈ្នួលឲ្យកម្មករពី៧៥ ទៅ ៩៣ដុល្លារ និងលុយបាយមួយថ្ងៃចំនួន ៣ពាន់រៀល ប្រាក់អតីតភាពការងារ ២ដុល្លារក្នុងមួយឆ្នាំ និងរង្វាន់ទៀងទាត់ ១០ដុល្លារទៀតក្នុងខែនីមួយៗ បើមិនមានដំណោះស្រាយ កម្មករនឹងគ្រោងធ្វើកូដកម្មរយៈពេលមួយសប្ដាហ៍។
លោក អាត់ ធន់ មានប្រសាសន៍ដូច្នេះ ៖ «បើសិនជាមិនមានការឆ្លើយតប យើងនឹងដាក់កំណត់ថ្ងៃណាមួយសមរម្យ នឹងធ្វើកូដកម្មនៅតាមរោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជាហ្នឹង ដើម្បីជំរុញឲ្យចរចាឲ្យដំឡើងប្រាក់ឈ្នួល»។
ការធ្វើវេទិកាសាធារណៈទាមទារដំឡើងប្រាក់ខែនេះ បន្ទាប់ពីក្រុមប្រឹក្សាការងារបានអនុម័តគាំទ្រការដំឡើងប្រាក់ខែគោល ឬប្រាក់ខែអប្បបរមាពីចំនួន ៥០ដុល្លារ ទៅ ៦១ដុល្លារ ទៅឲ្យកម្មករកាត់ដេរ និងកម្មករផលិតស្បែកជើងកាលពីដើមខែកក្កដានេះ។
រដ្ឋមន្រ្តីក្រសួងការងារលោក វង សូត មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារកាលពីពេលថ្មីៗនេះថា ប្រាក់ឈ្នួលចំនួន ៦១ដុល្លារមានលក្ខណៈសមរម្យសម្រាប់កម្មករ។ លោកថា ប្រសិនបើកម្មករទាមទារច្រើនពេក កម្មករនឹងខាតប្រយោជន៍ ពីព្រោះរោងចក្រនឹងមិនព្រមចំពោះការស្នើឲ្យដំឡើងប្រាក់ឈ្នួលនេះទេ។
នៅក្នុងវេទិកាសាធារណៈដែលមានកម្មករមកពីចម្រុះរោងចក្រ បានលើកពីហេតុផលនៃប្រាក់ខែបច្ចុប្បន្ន ដែលពួកគេទទួលបាន អ្នកខ្លះ ៥០ដុល្លារ អ្នកខ្លះ ៦៥ដុល្លារ បូកនឹងថ្លៃថែមម៉ោងនោះថា ពួកគេមិនអាចចាយគ្រប់ទេ ព្រោះទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃ។
ក្រុមកម្មករបានឲ្យដឹងដូច្នេះ ៖ «រាល់ការចំណាយលើថ្លៃផ្ទះ និងថ្លៃបាយ យើងហូបមិនគ្រប់គ្រាន់ទេ។ យើងជាប្រជាពលរដ្ឋ យើងជាកូនចៅរបស់នាយករដ្ឋមន្ត្រី យើងសំណូមពរឲ្យរដ្ឋាភិបាលកុំស្ដាប់តែខាងថៅកែពេក សូមឲ្យស្ដាប់ខាងកម្មករផង»។
មន្រ្តីជាន់ខ្ពស់នៃសមាគមកាត់ដេរកម្ពុជា លោក ជាតិ ខេមរា បានបំភ្លឺថា រោងចក្រមិនអាចដំឡើងប្រាក់ឈ្នួលឲ្យកម្មករលើសពី ៦១ដុល្លារនេះបានទេ ដោយសារពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច។
លោក ជាតិ ខេមរា មានប្រសាសន៍ថា ៖ «អ្វីដែលយើងចង់បានកម្រិតខ្ពស់ពេក ខណៈដែលថៅកែទាំងអស់នោះពុំមានលទ្ធភាពឲ្យ ធ្វើឲ្យយើងហ្នឹងបាត់បង់រោងចក្រ បាត់បង់កម្មករ អត់មានប្រាក់ខែ អត់មានការងារធ្វើ»។
ទោះជាយ៉ាងនេះក្តី លោក ចាន់ សុវ៉េត មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអាដហុក និងលោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបញ្ជាក់ដូចគ្នាថា អ្វីដែលកម្មករទាមទារដើម្បីជីវភាពប្រចាំថ្ងៃរបស់ពួកគេទេ ដែលទំនិញសព្វសារពើឡើងថ្លៃ ឯប្រាក់ឈ្នួលកម្មករឡើងតិចតួចនេះ មិនអាចរស់នៅបានសមរម្យទេ។
លោក មឿន តុលា បានលើកឡើងថា សព្វថ្ងៃកម្មករម្នាក់អាចផលិតបានប្រាក់ចំណេញ ២៨៤ដុល្លារ ប៉ុន្តែពួកគេទទួលបានប្រាក់ខែតែ ៥៦ដុល្លារទេ ដូច្នេះកម្មករទទួលបានតែ ២០% នៃប្រាក់ចំណេញ តែនិយោជកអាចទទួលបាន ៨០% ដែលផ្ទុយពីប្រទេសកំពុងអភិវឌ្ឍន៍៕