អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​ជាង​៣០​គ្រួសារ​ដើម្បី​ធ្វើ​រង្វង់​មូល

ផ្ទះ​ពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ​នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​អា ខាង​កើត​ជាប់​ស្ពាន​ជ្រោយចង្វា ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ក្នុង​ភ្នំពេញ ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​និង​ឈូស​ឆាយ​ដើម្បី​យក​ទីតាំង​នេះ​អភិវឌ្ឍ​ជា​រង្វង់​មូល។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ដោយ​បង្ខំ​បាន​អះអាង​ថា មិន​មាន​ការ​ជូន​ដំណឹង​ឲ្យ​ពួក​គាត់​បាន​ដឹង​ជា​មុន​នោះ​ទេ ហើយ​ពួក​គាត់​បាន​តវ៉ា​ឲ្យ​មាន​ការ​សង​ឬ​ដោះដូរ​មួយ​ដែល​សមរម្យ​ដែល​អាច​ទទួល​យក​បាន។

អ្នកស្រី ស្រេង សុងលីន ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​ត្រូវ​សមត្ថកិច្ច​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​នោះ​បាន​ថ្លែង​ដោយ​ការ​ខក​ចិត្ត​ថា ៖ «ឥឡូវ​ជិត​អស់​ផ្ទះ​ហើយ គាត់​ឈូស​តាំង​ពី​ព្រឹក​មក​ម៉្លេះ។ អត់​ទាមទារ​ចង់​បាន​អី​ទេ ព្រោះ​ដី​ខ្ញុំ​៣៥​ម៉ែត្រ ខ្ញុំ​សុំ​ថា ៥​ម៉ែត្រ​ក៏​ខ្ញុំ​នៅ​ដែរ ខ្ញុំ​អត់​មាន​តវ៉ា​ឈ្លោះ​រឿងរ៉ាវ ចង់​បាន​លុយ ចង់​បាន​កាក់​អី​ទេ នៅ​សល់​៥​ម៉ែត្រ​ហ្នឹង​គាត់​អត់​ឲ្យ​ខ្ញុំ​នៅ​ទៀត។ និយាយ​ទៅ និយាយ​មួយ​ម៉ាត់​ថា យក​ឬ​មិន​យក​ហី? គាត់​អត់​ឲ្យ​ខ្ញុំ​តវ៉ា​អី​ទាំង​អស់»។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​ត្រូវ​សមត្ថកិច្ច​ឈូស​ឆាយ​នោះ​បាន​ថ្លែង​ថា ពួក​គាត់​មិន​ក្រាញ​ននៀល​ឬ​ប្រឆាំង​ក្នុង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​និង​គិតគូរ​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ការ​សិក្សា​របស់​ក្មេងៗ​នោះ​ផង។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​ផ្តល់​ដី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​នៅ​ឯ​សង្កាត់​បឹងទំពន់ ខណ្ឌ​មានជ័យ ជា​ការ​ដោះដូរ។

មន្ត្រី​នៃ​សាលា​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ក្នុង​ករណី​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ជា​រង្វង់​មូល​នៅ​ខាង​កើត​ស្ពាន​ជ្រោយចង្វា​នោះ​ទេ។ ចំណែក​ឯ​ចៅ​សង្កាត់​ជ្រោយចង្វា​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មន្ត្រី​នៃ​ក្រុមប្រឹក្សា​សង្កាត់​ជ្រោយចង្វា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា នេះ​គឺ​ជា​គម្រោង​របស់​សាលា​ក្រុង​ភ្នំពេញ​ក្នុង​ការ​សាងសង់​រង្វង់​មូល​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​នោះ។

ចំណែក​ឯ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​ថា ក្នុង​ពេល​ឈូស​ឆាយ​ផ្ទះ​ស្ទើតែ​មាន​អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទៅ​ហើយ។ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ដដែល​បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ត្រូវតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​និង​សង​សំណង​សមរម្យ​ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង៕