ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​នៅ​មណ្ឌលគិរី​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង

ប្រជាពលរដ្ឋ​ប្រមាណ ៤០០​គ្រួសារ នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី កំពុង​ខ្វះ​ខាត​ស្បៀង​អាហារ បន្ទាប់​ពី​ភាព​រាំង​ស្ងួត​បាន​បំផ្លាញ​ដំណាំ​ជា​ច្រើន​លើក​ច្រើន​សា។

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​អស់​ទុន​ដើម្បី​ដាំ​ដុះ​លើ​ដី​ខ្លួន​ឯង ក្លាយ​ជា​អ្នក​ដើរ​ស៊ី​ឈ្នួល​គេ ខ្លះ​ចូល​ព្រៃ​រក​ជ័រ វល្លិ និង​បន្លែ ខ្លះ​ទៀត​កំពុង​ដាច់​បាយ​ត្រូវ​ហូប​បបរ និង​យក​ផ្លែ​ឈើ​ជំនួស​អង្ករ​ទៀត​ផង។

តំណាង​សហគមន៍​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា លោក ជ័យ ណេន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ថា គ្រួសារ​លោក​ផ្ទាល់​ត្រូវ​ស៊ី​ឈ្នួល​គេ​ដើម្បី​បាន​ប្រាក់​កម្រៃ​ទិញ​អង្ករ ហើយ​គ្រួសារ​ជា​ច្រើន​ទៀត​កំពុង​ខ្វះ​ខាត​ស្បៀង​ដូច​គ្នា ក្នុង​នោះ​អ្នក​ភូមិ​ជាមួយ​គ្នា​ខ្លះ ដូច​ជា​គ្រួសារ​ឈ្មោះ ជឹម សេងឡាំ ជា​ដើម បាន​ដាច់​បាយ​ជា​ញឹក​ញាប់​ហើយ ហើយ​បាន​នាំ​ប្រពន្ធ​កូន​ហូប​ផ្លែ​ចេក​ស្ងោ​ជំនួស​បាយ។

ជឹម សេងឡាំ ជា​អ្នក​ដាច់​ស្បៀង​មុន​គេ​បង្អស់​ក្នុង​ភូមិ​អូរអាម បាន​បញ្ជាក់​ថា ដំឡូង​ខូច​ច្រើន​លើក ត្រូវ​ទិញ​ពូជ​ដាំ​ម្ដង​ហើយ​ម្ដង​ទៀត ធ្វើ​ឲ្យ​ចំណាយ​អស់​ប្រាក់​បម្រុង​ផ្នែក​ស្បៀង​អាហារ ហើយ​ម្យ៉ាង​ទៀត​ចាប់​តាំង​ពី​ក្រុម​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​ស្រុក​កែវសីមា ចាប់​គោយន្ត​ប្រភេទ​កន្ត្រៃ​របស់​លោក​ដែល​ស៊ី​ឈ្នួល​ដឹក​ក្ដារ​ចំនួន ១០​សន្លឹក​ឲ្យ​អ្នក​ភូមិ​យក​ទៅ​ធ្វើ​ផ្ទះ​នោះ​មក លោក​ក៏​ត្រូវ​ដាច់​ជើង​គ្មាន​មធ្យោបាយ​រក​ប្រាក់​ទៀត​ដែរ។

ជឹម សេងឡាំ អាយុ ៥០​ឆ្នាំ មាន​កូន​តូចៗ​ចំនួន ៤​នាក់ បាន​រៀប​រាប់​ថា លោក​នៅ​មាន​ចេក​ចំនួន​ប្រមាណ ២០​គុម្ព គ្រាន់​នឹង​បេះ​ផ្លែ​យក​មក​ស្ងោ​ដាក់​អំបិល​ហូប​ជំនួស​បាយ​នៅ​រាល់​ពេល​ដែល​គ្មាន​អង្ករ ប៉ុន្តែ​វា​មាន​ការ​លំបាក​ណាស់ ព្រោះ​កូនៗ​ឃ្លាន និង​ចេះ​តែ​ទារ​រក​បាយ។

មេ​ភូមិ​អូរអាម លោក គឹម សុថេង មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប ៧៥៤​គ្រួសារ មាន​អ្នក​កំពុង​រង​គ្រោះ​ខ្វះ​ស្បៀង​ចំនួន ៣៥​គ្រួសារ​ហើយ ហើយ​ចំនួន​អ្នក​ខ្វះ​ខាត​ដាច់​ស្បៀង​ដោយ​ពេល​ខ្លះ​ទាំង​នេះ នឹង​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ទៀត​ក្នុង​ពេល​ខាង​មុខ។

លោក គឹម សុថេង មាន​ប្រសាសន៍​ថា ៖ «ឆ្នាំ​នេះ​គ្រាន់តែ​ដំឡូង​យើង​ធ្វើ​ពីរ​បី​សា​ហើយ​អត់​បាន​ផល ម្ល៉ោះ​ហើយ​លក់​ខ្ទេច​លក់​ខ្ទី​ហើយ​យក​ទៅ​បន្ត​ពូជ​ដំឡូង»

ភូមិ​ចំនួន​២ គឺ​ភូមិ​អូរអាម និង​ភូមិ​អូរស្នែង ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​ប្រជាជន​ប្រមាណ ៤០០​គ្រួសារ​ហើយ​កំពុង​តែ​ខ្វះ​ខាត​ស្បៀង​អាហារ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចំណាយ​ដើម​ទុន​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ការ​ដាំ​ដំណាំ​ផ្សេងៗ ហើយ​ដំណាំ​ទាំង​នោះ​ត្រូវ​ងាប់​ខូច​អស់ បន្ទាប់​ពី​ភាព​រាំង​ស្ងួត​កើត​មាន​ក្នុង​រយៈ​ពេល​យូរ​ខែ​មក​នោះ។ ជាមួយ​គ្នា​នេះ កង្វះ​ខាត​ដី​សម្រាប់​ដាំ​ដុះ​ក៏​ជា​បញ្ហា​មួយ​ផ្នែក​ដែរ។

ចំណែក​ឯ​មេ​ភូមិ​អូរស្នែង លោក ខៀវ សំបូរ វិញ បាន​ថ្លែង​ថា ក្នុង​ភូមិ​របស់​លោក​មាន​ប្រជាជន​សរុប ៨៤៨​គ្រួសារ ក្នុង​នេះ​អ្នក​រង​គ្រោះ​កំពុង​ខ្វះ​ស្បៀង​ជាក់​ស្ដែង​មាន​ចំនួន​ប្រមាណ​ពី ៣០០ ទៅ ៤០០​គ្រួសារ។ ពួក​គាត់​ត្រូវ​ហូប​បបរ​នៅ​ខណៈ​ដែល​អស់​អង្ករ​ដោយ​ពេល។

លោក ខៀវ សំបូរ ថ្លែង​ថា លោក​កំពុង​ស្រង់​ស្ថិតិ​ជាក់​លាក់​អំពី​អ្នក​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ និង​អ្នក​ខ្វះ​ល្មមៗ ដើម្បី​ដាក់​ជូន​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក ស្វែង​រក​ការ​គាំទ្រ​ផ្នែក​ជំនួយ ពីព្រោះ​កង្វះ​ខាត​នៅ​ចំពោះ​មុខ​នេះ​មិន​អាច​ឲ្យ​ប្រជាជន​ទ្រាំទ្រ​បាន​យូរ​អង្វែង​ទេ។

តំណាង​សហគមន៍​ភូមិ​អូរស្នែង លោក ហ្គស សាលី មាន​ប្រសាសន៍​ថា កង្វះ​ខាត​ស្បៀង​នៅ​ពេល​នេះ មាន​លក្ខណៈ​គួរ​ឲ្យ​បារម្ភ ហើយ​តាម​ការ​កត់​សម្គាល់​ឃើញ​មាន​អ្នក​ភូមិ​កាន់​តែ​ច្រើន​ឡើង​ហើយ​បាន​ដើរ​ស៊ី​ឈ្នួល​គេ​រក​ប្រាក់​ទិញ​អង្ករ​ហូប និង​ផ្គត់ផ្គង់​តម្រូវ​ការ​គ្រួសារ។

លោក ហ្គស សាលី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​ខ្លះ​ដាំ​ដល់​ទៅ ៣​លើក​ទម្រាំ​ដុះ​ឡើង​វិញ អ៊ីចឹង​ពូជ​ដំឡូង​ហ្នឹង​គ្មាន​ផង ត្រូវ​ឡើង​ថ្លៃ​ទៀត។ បើ​ប្រៀប​ធៀប​ទៅ បើសិន​ជា​ផល​ដំឡូង​នៅ​ឆ្នាំ​នេះ​អាច​ទប់ទល់​នឹង​ដើម​ដែល​បាន​ចំណាយ​ទិញ​ដើម​ដំឡូង​ហ្នឹង​វា​គ្មាន​បាន​ចំណេញ​អី​ទេ»

ភូមិ​អូរអាម និង​ភូមិ​ស្នែង មាន​ការ​រស់​នៅ​លាយ​ឡំ​គ្នា ក្នុង​នោះ​មាន​ទាំង​ប្រជាជន​ខ្មែរ ចាម និង​ច្រើន​ជាង​គេ គឺ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង។ ពួក​អ្នក​ភូមិ​ទាំង​នេះ​កំពុង​ជួប​បញ្ហា​កង្វះ​ស្បៀង​ជាមួយ​គ្នា។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កែវសីមា លោក អន សំណាង បាន​បន្ទោស​ទៅ​លើ​ភាព​រាំង​ស្ងួត​ថា ជា​មូលហេតុ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវសីមា ពិសេស​ក្នុង​ភូមិ​អូរអាម និង​ភូមិ​អូរស្នែង ត្រូវ​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ស្បៀង​នៅ​ពេល​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌលគិរី លោក ហេង ប៊ុនអៀង បញ្ជាក់​ឲ្យ​ដឹង​ដូច​គ្នា​ថា ភាព​រាំង​ស្ងួត​បាន​ញាំញី​ខេត្ត​មណ្ឌលគិរី យូរ​ខែ​ពេក បណ្ដាល​ឲ្យ​ដំណាំ​ចម្ការ​ត្រូវ​ងាប់​ខូច​ច្រើន​សា​នៅ​ក្នុង​តំបន់​ខ្លះ ហើយ​ដី​ស្រែ​វិញ​ក៏​គោក​គ្មាន​ទឹក​អាច​ឲ្យ​ព្រោះ និង​ស្ទូង​កើត​ឡើយ បង្ក​ជា​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ។ ជាក់​ស្ដែង​រហូត​មក​ទល់​នឹង​ពេល​នេះ ទឹក​ភ្លៀង​ទើប​នឹង​ទទួល​បាន​ជាង ៤០០​មីលី​ម៉ែត្រ​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​មុនៗ​ឆ្ងាយ​ណាស់។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក ប៊ូ សាវុធ បាន​ឲ្យ​ដឹង​ថា ស្បៀង​នៅ​ឆ្នាំ​ខាង​មុខ​នឹង​មាន​បញ្ហា ពិសេស​ដោយសារ​តែ​ជង្រុក​ស្រូវ​ដ៏​ធំ​របស់​ខេត្ត​នេះ គឺ​វាល​ស្រែ​ក្នុង​ស្រុក​កោះញែក គ្មាន​ទឹក​សម្រាប់​សាប​ព្រោះ ដក​ស្ទូង​កើត​ឡើយ ជាក់​ស្ដែង​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា ដំណាំ​ស្រូវ​សន្ទូង​នៅ​ស្រុក​កោះញែក ទើប​នឹង​ធ្វើ​បាន​ប្រមាណ ១៧១​ហិកតា នៅ​សល់​ផ្ទៃ​ដី​មិន​ទាន់​ដាំ​ស្រូវ​ជាង ១​ម៉ឺន​ហិកតា​ទៀត​គ្មាន​ទឹក​នៅ​ឡើយ។

លោក ប៊ូ សាវុធ មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ដំណាំ​អចិន្ត្រៃយ៍​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ជា​ពិសេស​ដំឡូង​មី សណ្ដែក​បាយ សណ្ដែក​សៀង និង​បន្លែ​គ្រប់​មុខ​មាន​ការ​កើន សូម្បី​តែ​ដំណាំ​ពោត​ក៏​កើន​ឡើង​ដែរ។ ដំណាំ​ទាំង​នេះ​អត់​ត្រូវ​ការ​ភ្លៀង​ជោកជាំ​ទេ ភ្លៀងរលឹម សន្សើម​ក៏​អាច​រស់​បាន​ដែរ។ មាន​ការ​កើន​ឡើង​ចំពោះ​ស្រូវ​ចម្ការ​បុក​ដាំ យើង​បាន​ជាង ៩០%​ហើយ រី​ឯ​សន្ទូង​ស្រូវ​ស្រែ យើង​មាន​ការ​យឺត​យ៉ាវ ទើប​តែ​បាន​ជាង ១% តែប៉ុណ្ណោះ»

ទោះ​ជា​យ៉ាង​ណា លោក ប៊ូ សាវុធ មាន​សេចក្ដី​បារម្ភ​លើ​រឿង​ស្រូវ​ពង្រោះ និង​ស្រូវ​សន្ទូង​ដែល​គ្មាន​ទឹក​បង្ក​បង្កើន​ផល​ថា ជា​បញ្ហា​ធំ​ជាង​គេ ចំណែក​ឯ​ដំណាំ​ចម្ការ​វិញ លោក​បាន​អះអាង​ថា ទោះ​ជា​មាន​ងាប់​ច្រើន​លើក​ច្រើន​សា​នៅ​តំបន់​ខ្លះ ដូច​ជា​ស្រុក​កែវសីមា​ក្ដី ប៉ុន្តែ​កសិករ​បាន​ជួស​ជុល និង​ដាំ​ដុះ​នៅ​ទូទាំង​ខេត្ត​សម្រេច​បាន ៩០% ហើយ។ ក្នុង​នេះ​សូម្បី​តែ​ស្រូវ​ចម្ការ​ប្រពៃណី​ជនជាតិ​ដើម​នៅ​តាម​ចង្កេះ​ភ្នំ​ក៏​ដាំ​បាន​ប្រមាណ ៣​ពាន់​ហិកតា ស្មើ​នឹង ៩០%​ដែរ។

មណ្ឌលគិរី ជា​តំបន់​មាន​ភ្នំ​ភាគ​ច្រើន ហើយ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ណា​មួយ​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ផ្គត់ផ្គង់​ការ​ស្រោច​ស្រព​ឡើយ។ ចាប់​តាំង​ពី​ចូល​ដល់​រដូវ​ដាំ​ដំណាំ​មក​ទល់​នឹង​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ខេត្ត​មណ្ឌលគិរី ទើប​នឹង​មាន​ភ្លៀង​ធ្លាក់ ២៥​មេ ផ្ដល់​ទឹក​ភ្លៀង​បាន​ជាង ៤០០​មីលី​ម៉ែត្រ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុន ទឹក​ភ្លៀង​បាន​ទទួល​ជាង ១​ពាន់​មីលី​ម៉ែត្រ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។ ដូច្នេះ​នៅ​ឆ្នាំ​ខាង​មុខ ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយ​បារម្ភ​ថា នឹង​ជួប​ប្រទះ​ភាព​អត់​ឃ្លាន​ច្រើន​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរអាម និង​ភូមិ​អូរស្នែង រំពឹង​ថា ផល​ដំណាំ​ដែល​បាន​ពី​ការ​ដាំ​ជា​ច្រើន​សា​ក្នុង​ឆ្នាំ​នេះ អាច​នឹង​ទទួល​បាន​ផល​កម្រៃ​ស្មើ​នឹង​ប្រាក់​ដើម​ចំណាយ​ជា​ច្រើន​សា​ប៉ុណ្ណោះ មិន​អាច​នឹង​នាំ​ឲ្យ​បាន​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្ត​ទៅ​ឆ្នាំ​បន្ទាប់​ទៀត​បាន​ឡើយ៕