អាជ្ញាធរឃាត់ខ្លួនអ្នកចែកខិត្តប័ណ្ណការពារព្រៃឡង់ប្រមាណ១០០នាក់
2011.08.18
ការចាប់ខ្លួនប្រជាសហគមន៍ទាំងនោះ ក្រោយពេលដែលក្រុមសហគមន៍ព្រៃឡង់ ប្រមាណជាង ២០០នាក់ តំណាងប្រជាពលរដ្ឋចំនួន ១១៩សហគមន៍ មកពីខេត្តក្រុងចំនួន ១៩ ក្នុងប្រទេសបានមកប្រជុំគ្នានៅព្រះអង្គដងកើ ក្បែរព្រះបរមរាជវាំងដើម្បីបួងសួងសុំឲ្យមានការគាំទ្រ និងថែរក្សាព្រៃឡង់ ព្រមទាំងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ការចែកខិត្តប័ណ្ណនោះ គឺបានធ្វើឡើងនៅតាមភ្លើងស្តុប ១០កន្លែងផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញ។
ព្រះតេជគុណ លួន សាវ៉ាត ដែលបានចូលរួមចែកខិត្តប័ណ្ណជាមួយប្រជាពលរដ្ឋសហគមន៍ព្រៃឡង់ ហើយត្រូវសមត្ថកិច្ចឃាត់ព្រះកាយនោះ មានថេរដីកាថា អំពើរបស់សមត្ថកិច្ចមិនសមទាល់តែសោះដែលឃាត់ខ្លួនប្រជាពលរដ្ឋធ្វើសកម្មភាពដើម្បីអំពាវនាវឲ្យមានកិច្ចការពារបរិស្ថាន និងព្រៃឈើ ដោយមិនប៉ះពាល់ដល់កិច្ចការនយោបាយ ឬប៉ះពាល់ដល់សន្តិសុខផងនោះ។
ព្រះតេជគុណបន្តថា ៖ «ការពារ ថែរក្សាទឹកដីប្រទេសកម្ពុជា មិនគួរណាអាជ្ញាធរមកហាមឃាត់ មកទប់ស្កាត់អ៊ីចឹងសោះ! គួរតែអនុញ្ញាតឲ្យគាត់ធ្វើដោយសេរី។ គ្រាន់តែចែកខិត្តប័ណ្ណមួយ ធ្វើឲ្យភ្ញាក់ផ្អើលអាជ្ញាធរលែងបានដេកពួន។ អាត្មាគិតថា មិនគួរ។ នេះជាការរំលោភសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរមួយដ៏ធ្ងន់ធ្ងរ»។
អ្នកស្រី ខា ស្រស់ ជនជាតិកួយ រស់នៅក្នុងខេត្តស្ទឹងត្រែង ថ្លែងថា ការកាប់ព្រៃឡង់នោះ គឺធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរទទួលទានរបស់ពួកគាត់យ៉ាងខ្លាំង រាប់ទាំងការធ្វើស្រែចម្ការ និងរកអនុផលព្រៃឈើជាដើម។
អ្នកស្រីឲ្យដឹងបន្ថែមដូច្នេះ ៖ «ពួកខ្ញុំមកបន់ព្រះអង្គនេះ សូមឲ្យព្រះអង្គទៅជួយបន្ទន់ចិត្តឪ ម៉ែ ដែលអ្នកគ្រប់គ្រងរាល់ថ្ងៃហ្នឹង ឲ្យគាត់នឹកឃើញកូនចៅផង ព្រោះកូនចៅសព្វថ្ងៃរស់នៅតែក្នុងព្រៃ បើបាត់បង់ព្រៃទៅមិនដឹងទៅនៅឯណាទេ...។ ពួកជនជាតិពួកខ្ញុំហ្នឹងមិនដឹងពឹងពាក់អីទេ ពឹងពាក់តែលើព្រៃឈើ បើអស់ព្រៃឈើ អស់ដី ពួកខ្ញុំមិនដឹងទៅនៅឯណាទេ»។
ក្រុមប្រជាពលរដ្ឋសហគមន៍ព្រៃឡង់បានថ្លែងថា ព្រៃឡង់ទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា ហ៊ុមព័ទ្ធខេត្ត៤ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គឺជាប្រភពធនធានធម្មជាតិដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបាន ប៉ុន្តែសព្វថ្ងៃបានហិនហោចបន្តិចម្ដងៗដោយសារតែការកាប់បំផ្លាញព្រៃឈើ ហើយជាពិសេសការអភិវឌ្ឍដោយផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនឯកជនដាំដើមកៅស៊ូ៕