ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ លោក សំ សឿន បានបញ្ជាក់ថា កម្មករទាំង ៧រូបដែលថៅកែបានបញ្ឈប់ពីការងារ ដោយសារពួកគេបានចូលធ្វើការជាតំណាងសហព័ន្ធរបស់លោក ពីព្រោះថា ថៅកែរោងចក្រមានការរើសអើងសហជីព។
កម្មករជាង ៣០០នាក់នោះ ក៏បានទាមទារលក្ខខណ្ឌការងារចំនួន ១១ចំណុចផ្សេងទៀត ក្រៅពីទាមទារឲ្យថៅកែទទួលយកតំណាងសហជីពឲ្យចូលធ្វើការវិញនោះ ដូចជាសុំឲ្យថៅកែអនុញ្ញាតឲ្យកម្មករឈប់ពេលកម្មករមានធុរៈបន្ទាន់ សុំផ្ដល់ប្រាក់រង្វាន់ លុយព្រីមទៀងទាត់ទៅតាមការឈប់ជាក់ស្ដែងរបស់កម្មករ សុំឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យកម្មករឈប់សម្រាក និងរក្សាប្រាក់ឈ្នួលពេលមានជំងឺ ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យស្ថាប័នរដ្ឋ សុំឲ្យថៅកែឈប់បង្ខំឲ្យថៅកែធ្វើការថែមម៉ោង សុំឲ្យផ្ដល់ប្រាក់ ១២ដុល្លារជូនកម្មករវិញ ចំពោះកម្មករដេរស៊ីបុង និងបញ្ហាផ្សេងៗមួយចំនួនទៀត។
កម្មករទាំងនេះបានលើកឡើងថា កន្លងមកអ្នកគ្រប់គ្រងបានគាបសង្កត់កម្មករឲ្យធ្វើការថែមម៉ោង បើមិនដូច្នោះទេ ថៅកែនឹងបណ្ដេញចេញពីការងារ ហើយប្រាក់ថែមម៉ោងច្បាប់កំណត់ឲ្យ ២ពាន់រៀលក្នុងមួយម៉ោងនោះ គេផ្ដល់ជូនតែ ៦០០រៀលទេ។
ប្រធានរដ្ឋបាលរោងចក្រ ជា វ័យ លោក តាំង សុវណ្ណរិទ្ធិ មិនធ្វើអត្ថាធិប្បាយអំពីការទាមទាររបស់កម្មករ ឬអំពីមូលហេតុដកតំណាងកម្មករទាំង ៧នាក់នោះទេ លោកគ្រាន់តែបញ្ជាក់ថា កម្មករក្នុងរោងចក្ររបស់លោកទាំងអស់មានប្រមាណ ១.០០០នាក់។
ប្រធានការិយាល័យវិវាទការងារនៃនាយកដ្ឋានវិវាទការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វ៉ា យុវវឌ្ឍនា បានលើកឡើងថា ថៅកែរោងចក្រ ជា វ័យ មិនបានបញ្ឈប់តំណាងសហជីពទាំង ៧នាក់នោះពីការងារទេ ពួកគាត់ថៅកែមិនបន្តកុងត្រាឲ្យទៀតនៅពេលកុងត្រាការងាររបស់ពួកគាត់បានបញ្ចប់ក្នុងរយៈពេល ៦ខែ។
លោកបញ្ជាក់ថា ភាគីរោងចក្រ និងភាគីកម្មករនឹងជួបគ្នាដោះស្រាយបញ្ហានេះនៅក្រសួងការងារ នៅថ្ងៃច័ន្ទ ទី៥ ខែកញ្ញា។
ក្រុមកម្មករបានលើកឡើងថា នៅថ្ងៃច័ន្ទ ទី៥ ខែកញ្ញា ខាងមុខនេះ ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគាត់នឹងបន្តធ្វើកូដកម្មទៀត។
របាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា នៅក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០១១ មានករណីកម្មកររោងចក្រធ្វើកូដកម្មនៅក្នុងខណ្ឌដង្កោ ដោយសារតែថៅកែបញ្ឈប់តំណាងរបស់ខ្លួនពីការងារ និងករណីទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារមានប្រមាណ ១០ករណី បើធៀបទៅឆ្នាំ២០១០ ក្នុងរយៈពេលដូចគ្នាមានការថយចុះចំនួន ១០ករណី៕