មនុស្ស​៥​នាក់​ស្លាប់​និង​៣​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

មនុស្ស ៥​នាក់​បាន​ស្លាប់ និង ៣​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ ដែល​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​មាន​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ចំណុច ឃុំ​អន្លង់វិល ស្រុក​សង្កែ កាល​ពី​វេលា​ម៉ោង​ជាង ១០​ព្រឹក ថ្ងៃ​ទី​១៥ ខែ​មេសា នេះ ចំ​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

គ្រោះថ្នាក់​នេះ​បាន​បង្ក​ឡើង​ដោយសារ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល​ទេសចរណ៍ និង​ម៉ូតូ​បី​គ្រឿង។ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​ចុះ​ទៅ​វាស់វែង​នៅ​កន្លែង​កើត​ហេតុ បាន​ថ្លែង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​ការ​បើក​បរ​មាន​ល្បឿន​លឿន៖ «ស្លាប់ ៥​នាក់ ម៉ូតូ​បី​គ្រឿង។ អា​នេះ​ឡាន​ក្រុង​បុក​ពី​ក្រោយ​ចំ ព្រោះ​វា​មក​ស្រប​ទិស​គ្នា ចំណែក​ឯ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះ​ដៃ​គ្នា ប៉ះ​ដៃ​គ្នា​ទៅ ឡាន​ក្រុង​បុក​បញ្ជូន​មក​វិញ បញ្ជូន​ឡាន​ក្រុង​បួង​ចង្កូត​គេច​មក​បុក​អា​នេះ​មួយ​ទៀត​របួស​បី​នាក់»

នៅ​កន្លែង​កើត​ហេតុ​គេ​សង្កេត​ឃើញ​មាន​ម៉ូតូ​បី​គ្រឿង​រង​ការ​ខូចខាត​ទាំង​ស្រុង។ ចំណែក​សាកសព​មនុស្ស​ខ្លះ​មាន​ជាប់​នៅ​ក្រោម​រថយន្ត និង​សាកសព​ខ្លះ​ទៀត ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ដាច់​ក ធ្លាយ​ខួរ ធ្លាយ​ពោះវៀន មាន​ឈាម​ក្រហម​ប្រឡាក់​ពេញ​លើ​ផ្លូវ​ថ្នល់។ ហ្វូង​អ្នក​ដំណើរ​ជា​ច្រើន​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លង​កាត់​កន្លែង​គ្រោះ​នោះ​បាន​សម្ដែង​ការ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។

ក្រៅ​ពី​សាកសព​គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ជាប់​នៅ​ក្រោម​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល​ទេសចរណ៍​នោះ ដែល​ជ្រុល​ចង្កូត​ធ្លាក់​ពី​លើ​ចិញ្ចើម​ថ្នល់​ទៅ​ក្នុង​ប្រឡាយ​ទឹក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។