ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៥ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១២ មានចំនួន ១៦៥ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤៨នាក់ របួសធ្ងន់ ២១៤នាក់ និងរបួសស្រាល ១៣០នាក់។ ចំនួនគ្រោះថ្នាក់ទាំងនេះ ប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ គឺមានការថយចុះ ២២%។
ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហឹម យ៉ាន មានប្រសាសន៍នៅថ្ងៃទី១៧ ខែមេសា ថា ខែត្រដែលគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ មាននៅខែត្រកំពង់ចាម ខែត្រតាកែវ និងខែត្របាត់ដំបង។
លោក ហឹម យ៉ាន បានបញ្ជាក់ពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះថា ដោយសារតែបញ្ហាល្បឿន និងបញ្ហាសេពគ្រឿងស្រវឹងដែលជាបញ្ហាសំខាន់ ហើយបញ្ហាទាំងនេះកើតមានជារៀងរាល់ឆ្នាំ៖ «យុវវ័យភាគច្រើនគ្រោះថ្នាក់ហ្នឹង ដោយសារគាត់មិនដែលបានយល់ បានរៀនអំពីច្បាប់សោះ។ ទីពីរទៀត មានមួយចំនួនទៀតគាត់ដឹងពីច្បាប់ តែគាត់មិនអនុវត្តដូចជាការបើកល្បឿនលើសកំណត់ គាត់នៅតែប្រព្រឹត្តបទល្មើស»។
នៅក្នុងរយៈពេល ៥ថ្ងៃដូចគ្នានៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១១ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២១១ករណី បានបណ្ដាលឲ្យមនុស្ស ៥៨នាក់ស្លាប់ របួសធ្ងន់ចំនួន ២៧៩នាក់ របួសស្រាល ២០៥នាក់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងនោះ ដោយសារតែអ្នកបញ្ជាយានយន្តបើកបរក្នុងល្បឿនហួសកំណត់។ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនប្រកាន់ខ្ជាប់តាមគន្លងផ្លូវ ឬចំណែកផ្លូវ ដែលតម្រូវសម្រាប់យានរបស់ខ្លួនជាដើម។ រីឯអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ និងខ្វះការប្រុងប្រយ័ត្ននៅពេលឆ្លងកាត់ថ្នល់ជាដើម។
អ្នកគ្រប់គ្រងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអង្គការជនពិការបែលហ្សិក (Handicap) កញ្ញា សាន សុជាតា បានឲ្យដឹងថា មូលហេតុចម្បងដែលនៅតែគ្រោះចរាចរណ៍កើតមាន បញ្ហាដដែលៗនោះ ដោយសារការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ពីព្រោះថា គេសង្កេតឃើញថា ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍មានតែនៅក្នុងទីក្រុងភ្នំពេញ និងតាមទីប្រជុំជនមួយចំនួនទេ។
កញ្ញា សុជាតា បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត៖ «នាងខ្ញុំទទូចសុំខាងរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបន្ថែមនូវធនធានការចុះផ្សព្វផ្សាយអប់រំច្បាប់ និងការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ ជាពិសេសក្នុងពេលបុណ្យធំៗ។ ជាការពិតទៅការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ វាមិនមែនជាតួនាទីរបស់រដ្ឋាភិបាលតែម្នាក់ឯងទេ ប្រជាពលរដ្ឋគ្រប់រួបដែលធ្វើដំណើរតាមផ្លូវ ដែលប្រជាពលរដ្ឋមានតួនាទី និងទទួលខុសត្រូវក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហឹម យ៉ាន បានពន្យល់ថា នាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ មានផែនការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀតនៅពេលខាងមុខ ដើម្បីសម្រេចយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ យុទ្ធសាស្ត្រទាំងនោះ មានដូចជា ការត្រួតពិនិត្យគោលដៅដើមទីមិនឲ្យមានការដឹកលើសចំណុះ ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ត្រួតពិនិត្យលិខិតស្នាម ប័ណ្ណបើកបរ រឹតបន្តឹងបើកបរលើសល្បឿនកំណត់ រឹតបន្តឹងការបើកបរសេពគ្រឿងស្រវឹង បន្តការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅគ្រប់ទីកន្លែង រឹតបន្តឹងការពាក់មួកសុវត្ថិភាព និងកញ្ចក់ ព្រមទាំងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
