មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១១ បានស្នើឲ្យតុលាការថៃ នៅខេត្តស៊ីសាកេត (Si Sa Ket) លើកលែងការចោទប្រកាន់ និងដោះលែងប្រជាពលរដ្ឋខ្មែរម្នាក់ឈ្មោះ អ៊ុង គឹមតៃ ដែលអាជ្ញាធរថៃ ចាប់ខ្លួនក្រោមបទចារកម្មកន្លងមក ឲ្យមានសេរីភាពឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា មន្ត្រីតំណាងអង្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ ចំនួន ៣នាក់ និងមេធាវីជនជាតិថៃ ចំនួន ៤នាក់ទៀត ចូលរួមក្នុងសវនាការនោះ ៖ «ព្រោះប្រជាពលរដ្ឋខ្មែរ លោក អ៊ុង គឹមតៃ លោកបានបញ្ជាក់ម្ដងហើយម្ដងទៀត (ថា) លោកមិនបានប្រព្រឹត្តតាមការចោទប្រកាន់ទាំងបំពានពីភាគីថៃនោះទេ។ អ៊ីចឹងយើងសង្ឃឹមថា លោក អ៊ុង គឹមតៃ នឹងទទួលបាននូវយុត្តិធម៌។ ទី១ គឺគាត់ជាជនរងគ្រោះ មិនមែនជនល្មើសតាមការចោទ»។
លោកបានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរថៃ មិនបានបង្ហាញឲ្យដឹងអំពីភស្តុតាងណាមួយជុំវិញការចោទប្រកាន់នោះទេ។
អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា អ្នកនយោបាយខ្មែរ និងថៃ មានតួនាទីដោះស្រាយសំណុំរឿងនេះ ក្រោយពីការសម្រេចរបស់តុលាការ ៖ «ក្រោយពីបានកាត់ទោសហើយ ខុសត្រូវយ៉ាងណា វាជាផ្លូវតុលាការ ប៉ុន្តែអ្នកនយោបាយនឹងដោះស្រាយនៅពេលក្រោយ។ ឥឡូវនេះនៅក្នុងប្រព័ន្ធច្បាប់ទុកឲ្យច្បាប់គេចាត់ចែងចុះ»។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ អាជ្ញាធរថៃ បានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ជនជាតិថៃ ឥស្លាមម្នាក់ និងជនជាតិខ្មែរម្នាក់ឈ្មោះ អ៊ុង គឹមតៃ អាយុ ៤៣ឆ្នាំ ក្រោមបទចារកម្ម។
នៅមុនការចាប់ខ្លួននោះ អាជ្ញាធរកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១០ កន្លងទៅ បានចាប់ខ្លួនជនជាតិថៃ ចំនួន ៧នាក់ ក្រោមបទចារកម្ម និងចូលក្នុងដីកម្ពុជា ដោយខុសច្បាប់ នៅខេត្តឧត្តរមានជ័យ។
អាជ្ញាធរកម្ពុជា បានដោះលែងជនជាតិថៃ ចំនួន ៥នាក់ឲ្យមានសេរីភាពវិញ តាមការសម្រេចរបស់តុលាការកម្ពុជា។ ប៉ុន្តែជនជាតិថៃ ចំនួន ២នាក់ នៅក្នុងចំណោម ៧នាក់ គឺលោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់គុក ៨ឆ្នាំ ផាកពិន័យចំនួន ១,៨លានរៀល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ។
តុលាការដដែលបានកាត់ទោសលោកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapauboon) ឲ្យជាប់គុក ៦ឆ្នាំ និងផាកពិន័យ ១,២លានរៀល ក្រោមបទចារកម្មចូលទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងប្រមូលផ្តុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១១ កន្លងទៅ បានបដិសេធថា លោកមិនឲ្យមានការដោះដូរចារកម្មរវាងកម្ពុជា និងថៃទេ នៅមុនពេលតុលាការថៃ កាត់ទោសជនសង្ស័យជនជាតិខ្មែរនោះ៕