អ្នកស្រីបានសម្ដែងក្ដីខឹងសម្បារយ៉ាងខ្លាំងថា ការរកយុត្តិធម៌ដល់អ្នកស្រីគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ ហើយជនរងគ្រោះដទៃទៀតពិតជាអស់សង្ឃឹមក្នុងប្រព័ន្ធតុលាការរបស់ខ្មែរ។
អ្នកស្រី តាត ម៉ារីណា ដែលជាជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដ កាលពី ១១ ឆ្នាំមុន បានប្រតិកម្មយ៉ាងភ្ញាក់ផ្អើលទាំងរន្ធត់ បន្ទាប់ពីបានឮលោក ទិត្យ សុធា មន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្រ្តីអះអាងថា តុលាការក្រុងភ្នំពេញ បានបិទករណីរបស់អ្នកស្រីចប់សព្វគ្រប់រួចរាល់ហើយ។ អ្នកស្រីមានប្រសាសន៍ថា ប្រសិនបើតុលាការបិទបញ្ចប់ករណីរបស់អ្នកស្រីពិតមែននោះ វាគឺជាអំពើ ដែលគ្មានការទទួលខុសត្រូវរបស់តុលាការ និងគ្មានយុត្តិធម៌។
អ្នកស្រី តាត ម៉ារីណា ៖ «មកដល់ពេលនេះ ខ្ញុំមិនដែលបានឮថា ជនល្មើសត្រូវបានចាប់ខ្លួន ឬសងជំងឺចិត្ត ហើយនឹងបក្សពួកមួយចំនួនទៀត ដែលបានព្រួតគ្នាវាយដំលើរូបរាងកាយរបស់នាងខ្ញុំ ចាក់ទឹកអាស៊ីដបំផ្លាញរូបរាងកាយនាងខ្ញុំទាំងស្រុង។ ធ្វើឲ្យរូបរាងនាងខ្ញុំក្លាយជាមនុស្សមិនមែនមនុស្ស ខ្មោចមិនមែនខ្មោច។ អ្វីដែលលោក ទិត្យ សុធា បានបញ្ជាក់នោះបានបង្ហាញពីភាពអយុត្តិធម៌សម្រាប់នាងខ្ញុំ ដែលជាជនរងគ្រោះ ហើយនាងខ្ញុំក៏សូមអង្វរដល់រាជរដ្ឋាភិបាល និងតុលាការយុត្តិធម៌ និងសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន សូមលោកជួយរកភាពយុត្តិធម៌ដល់រូបនាងខ្ញុំផង»។
អ្នកស្រីថ្លែងថា អ្នកស្រីនៅតែស្វែងរកយុត្តិធម៌ឲ្យខ្លួនឯងតាមរយៈសហគមន៍អន្តរជាតិ និងតាមរយៈការប្ដឹងបន្តទៀត ទៅសាលាឧទ្ធរណ៍ ឬទៅសាលាកំពូលនៅកម្ពុជាជាដើម។
ចំណែកបងប្រុសរបស់អ្នកស្រី តាត ម៉ារីណា លោក តាត សុក្វាន់ដូ ដែលជាអ្នកជួយសង្គ្រោះប្អូនស្រីរបស់លោកពីប្រទេសកម្ពុជាមកព្យាបាល និងរស់នៅក្នុងសហរដ្ឋអាមេរិក ក្រោយពីរងការវាយប្រហារដោយទឹកអាស៊ីដនោះ មានប្រសាសន៍ថា ករណីរបស់ប្អូនស្រីលោក ត្រូវបានគេបិទចោលចាប់តាំងពីថ្ងៃកើតហេតុមកម្ល៉េះ។ លោកថ្លែងបន្តថា យុត្តិធម៌នៅកម្ពុជាមានត្រឹមតែនៅលើក្រដាស និងគ្មានរូបរាងពិតប្រាកដឡើយ។
លោក តាត សុក្វាន់ដូ ៖ «និយាយទៅវាពិបាកដែរ ព្រោះពេលដែលគេបិទសំណុំរឿងប្អូនស្រីខ្ញុំចោលហ្នឹង គឺតាំងពីថ្ងៃទីមួយ នៅក្នុងវិនាទីដែលកើតហេតុហ្នឹង។ គឺថា សំណុំរឿងគេបិទតែម្តង ហើយដូចជាតុលាការចេញដីកាអីហ្នឹង គ្រាន់តែជាការយកល្អមើលតែប៉ុណ្ណោះ។ ខ្ញុំជាសាមីខ្លួន ពេលគេកាត់ទោស ឃួន សុផល ហ្នឹង ខ្ញុំអត់មានដឹងអីបន្តិច ថាគេកាត់ទោស ឃួន សុផល ហ្នឹងកាត់ពេលណា ដោយអ្នកណាអី ខ្ញុំអត់បានដឹងទេ។ អ្នកដែលគេស្គាល់ ឃួន សុផល គេមិនដែលឃើញ ឃួន សុផល ជាប់គុកបានមួយថ្ងៃទេ។ ឃួន សុផល ដើរសប្បាយពេញទីក្រុងភ្នំពេញដោយមានសិទ្ធិសេរីគ្រប់បែបយ៉ាងទាំងអស់។ មិនដែលមានជាប់គុកទេ»។
លោក តាត សុក្វាន់ដូ មានប្រសាសន៍បន្តថា នៅកម្ពុជា លោកអស់សង្ឃឹមមិនដឹងអាចប្ដឹងអំពីករណីប្អូនស្រីរបស់លោកទៅទីណាទៀតទេ ដោយសារតុលាការនៅទីនោះរងឥទ្ធិពលរបស់គណបក្សកាន់អំណាច ៖ «ខ្ញុំដាក់ពាក្យបណ្ដឹងទៅ ហ៊ុន សែន មួយច្បាប់ និងទៅតុលាការក្រុងភ្នំពេញមួយច្បាប់។ ប៉ុន្តែ អ្វីៗ ហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ព្រោះចូលទៅវាសុទ្ធសឹងតែបក្សពួករបស់ពួកគេទាំងអស់ទៅហើយ។ ម៉្លោះហើយខ្ញុំមិនដឹងទៅកន្លែងណាតទៅទៀតផង ទោះបីខ្ញុំប្ដឹងតទៅទៀត ក៏ខ្ញុំប្ដឹងទៅបក្សពួកគ្នាគេ ព្រោះគេធ្វើការតែជាមួយបក្សពួកគេតែប៉ុណ្ណឹងតើ»។
អ្នកស្រី តាត ម៉ារីណា កាលពីមានវ័យ ១៦ ឆ្នាំ ដែលជាតារាខារ៉ាអូខេ ដ៏ស្រស់ស្អាត បានរងការវាយប្រហារដោយទឹកអាស៊ីដ កាលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ពីសំណាក់ឧក្រិដ្ឋជនមួយក្រុម ដែលដឹកនាំដោយអ្នកស្រី ឃួន សុផល ភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ នៅដើមឆ្នាំ ២០០០ តុលាការក្រុងភ្នំពេញបានចេញដីកាបញ្ជាចាប់ខ្លួនអ្នកស្រី ឃួន សុផល និងបក្សពួក ប៉ុន្តែ ដោយសារអ្នកស្រីជាភរិយារបស់មន្ត្រីរដ្ឋាភិបាលដ៏មានអំណាច ទើបរហូតមកទល់ពេលនេះ គេឃើញអ្នកស្រី ឃួន សុផល កំពុងរស់នៅយ៉ាងមានសេរីភាពពេញបរិបូរណ៍។
ទោះបីជាយ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទគាំទ្រទៅនឹងប្រសាសន៍របស់លោក ទិត្យ សុធា ដែលកាលពីពេលថ្មីៗ កន្លងទៅនេះ ដោយបញ្ជាក់ថា តុលាការក្រុងភ្នំពេញបានចាត់ការតាមនីតិវិធីជំនុំជម្រះលើករណីរបស់អ្នកស្រី តាត ម៉ារីណា ហើយជនដៃដល់ក៏ត្រូវបានផ្ដន្ទាទោសផងដែរ។
លោក ខៀវ សុភ័គ ៖ «បាទដូចអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីលោកបានជម្រាបអញ្ចឹង ករណីនេះ ក្រសួងមានសមត្ថកិច្ចរបស់យើងអត់មានការបង្គាប់អ្វីផ្សេងទៀតពីតុលាការនោះទេ ពីព្រោះតុលាការលោកបានធ្វើអស់ហើយបាទ។ ប្រសាសន៍របស់អ្នកនាំពាក្យនៃអង្គភាពប្រព្រឹត្តិកម្មរហ័ស គឺយកជាផ្លូវការរបស់រដ្ឋាភិបាល។ គាត់អាចតុលាការឧទ្ធរណ៍ ឬកំពូលអីបន្តដំណើរការអីតាមហ្នឹងទៀតទៅ។ ប៉ុន្តែ រឿងហ្នឹងវាចប់សព្វគ្រប់ហើយ ហើយសមត្ថកិច្ចរបស់អង្គការនីតិប្រតិបត្តិ ក៏អាចអនុវត្តន៍អ្វីឲ្យខុសពីច្បាប់នោះដែរ»។
ប៉ុន្តែ លោក ខៀវ សុភ័គ ក៏ដូចជាលោក ទិត សុធា ដែរនៅមិនបានបញ្ជាក់ថា តើសាលាដំបូងក្រុងភ្នំពេញបិទបញ្ចប់សំណុំរឿងរបស់អ្នកស្រី តាត ម៉ារីណា នៅពេលណា និងដោយចៅក្រមណាកាន់រឿងក្ដីនោះឡើយ។
នៅពេលសាកសួរអំពីរឿងនេះ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញលោក សុខ រឿន មានប្រសាសន៍យ៉ាងខ្លីថា លោកមិនដែលដឹងអំពីដំណើរការជំនុំជម្រះនេះឡើយ ៖ «ខ្ញុំអត់ដឹងទេ បាទខ្ញុំអត់ផង អគុណហើយ»។
ជុំវិញបញ្ហានេះ ក្រុមសង្គមស៊ីវិលនៅកម្ពុជា ដែលតែងតាមដានយកចិត្តទុកដាក់ក្នុងករណីរបស់អ្នកស្រី តាត ម៉ារីណា នេះ បានលើកឡើងដូចៗ គ្នាថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាខកខានមិនបានចាប់ខ្លួនឧក្រិដ្ឋជនដែលបានជះទឹក អាស៊ីដយកមកផ្ដន្ទាទោសទេ នោះគឺជាឧទាហរណ៍មួយនៃនិទ្ទណ្ឌភាព ឬការមិនផ្ដន្ទាទោសជនល្មើសច្បាប់នៅក្នុងសង្គមខ្មែរដែលកំពុងញាំញីប្រព័ន្ធយុត្តិធម៌ ដ៏គួរឱ្យព្រួយបារម្ភ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស Licadho លោក អំ សំអាត មានប្រសាសន៍ថា គេមិនអាចបិទករណីជះទឹកអាស៊ីដនេះបានទេ ពីព្រោះវាជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ ៖ «រហូតមកទល់ពេលនេះ យើងក៏មិនបានឮថាសវនាការតុលាការថាវាយ៉ាងម៉េច ហើយការស៊ើបអង្កេតហ្នឹងបានដល់កម្រិតណាអីកម្រិតណា យើងអត់ដឹងទេ ហើយបើយើងថាបញ្ចប់ដោយមានការបិទសំណុំរឿង តើបិទយ៉ាងម៉េច បើជនល្មើស និងជនសង្ស័យពាក់ព័ន្ធមាន ពីព្រោះ មានដីកាចាប់ខ្លួន បានន័យថាមានជនដែលពាក់ព័ន្ធ»។
ក្រុមអ្នកឃ្លាំមើលនិយាយថា ករណីជះទឹកអាស៊ីដលើអ្នកស្រី តាត មារីណា នេះ ជាបទឧក្រិដ្ឋប៉ុនប៉ងមនុស្សឃាតដោយគិតទុកជាមុន និងបានសម្រេច ហើយដែលច្បាប់របស់កម្ពុជា ត្រូវផ្ដន្ទាទោសដាក់គុកជនដៃដល់ក្នុងអំពើនេះអស់មួយជីវិត។
ចំណែកមន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស Adhoc លោក ចាន់ សូវេត មានប្រសាសន៍ថា ក្រុមរបស់លោកក៏ដូចជាអង្គការការពារសិទ្ធិមនុស្សឯទៀតនឹងខិតខំជំរុញករណីនេះឲ្យតុលាការបន្តដំណើរការទៅមុខទៀត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
លោក ចាន់ សូវេត ៖ «ខាងសង្គមស៊ីវិល និយាយរួមទៅខាង Adhoc និង Licadho បានពិនិត្យមើលលើស្ថាប័នដែលពាក់ព័ន្ធនឹងតុលាការក្នុងរឿងនេះ គឺវាមានអយុត្តិធម៌តាំងពីដើមដំបូងមកម្ល៉េះ ព្រោះថា ជនដែលបញ្ជាពីក្រោយខ្នង បើតាមព័ត៌មានដែលយើងទទួលបានពីដំបូង គឺមិនទាន់ផ្ដន្ទាទោសបានទេ។ យើងអាចបន្តឃ្លាំមើលតទៅទៀតមើល ហើយយើងអាចលើកសំណូមពរខ្លះទៀត ជូនដល់ខាងតុលាការ ហើយស្ថាប័នតុលាការ ក៏ត្រូវតែទាក់ទងជាមួយជនរងគ្រោះដែរ»។
ក្រុមអ្នកការពារសិទ្ធិមនុស្សនិយាយថា ការបិទសំណុំរឿងរបស់អ្នកស្រី តាត ម៉ារីណា គឺធ្វើឡើងមិនសមស្របទៅតាមនីតិវិធី ដោយសារក្រុមគ្រួសាររបស់ជនរងគ្រោះមិនដែលបានដឹងអំពីការផ្ដន្ទាទោសជនដៃដល់ សវនាការជំនុំជម្រះធ្វើឡើងមិនចំពោះមុខសាធារណៈ ឬមានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះ ហើយជនដៃដល់ ក៏មិនបានជាប់ទោសទៅតាមច្បាប់នោះឡើយ៕