ការជួបជុំគ្នានេះបានចាប់ផ្ដើមពីម៉ោង ៧និង៣០នាទី រហូតដល់ម៉ោង ៨ និង៣០ព្រឹក ដោយមានការចូលរួមពីសំណាក់មន្ត្រីនិងសកម្មជននៃអង្គការសង្គមស៊ីវិលប្រមាណ ១០០នាក់ ដែលរួមមានជនជាតិភូមាប្រហែល ១០នាក់ផងដែរ ភាគច្រើនមានកាន់រូបថតលោកស្រី អ៊ុងសាន ស៊ូជី និងបដាសរសេរជាភាសាខ្មែរ ភាសាភូមា និងជាភាសាអង់គ្លេស សម្ដែងពីការចង់បានរបស់ពួកគេ ក្នុងនោះមានបដាធំមួយសរសេរថា «Freedom from Fear ឬសេរីភាពផុតពីការភ័យខ្លាច»។
ការទាមទាររបស់សកម្មជនសិទ្ធិមនុស្សនិងមន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាជនជាតិភូមាបានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងតែមមាញឹកក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំទទួលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៧នៃសមាគមអាស៊ាននិងសហភាពអឺរ៉ុបរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភានេះ។
ប្រធានសម្ព័ន្ធខ្មែរដើម្បីជំរឿននិងការពារសិទ្ធិមនុស្សមនុស្ស លីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ដែលជាអ្នកផ្ដួចផ្ដើមនូវការជួបជុំ បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការទាមទារនេះ យ៉ាងដូច្នេះ ៖ «ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតហើយ ដែលគេត្រូវឃុំនៅក្នុងផ្ទះ ដូច្នេះរដ្ឋាភិបាលភូមាត្រូវសម្រេចថា តើលែង ឬក៏ឃុំតទៅទៀត? អ៊ីចឹងបានយើងទាំងអស់គ្នាហ្នឹងនាំគ្នាមកជួបជុំគ្នាដើម្បីសុំឲ្យ អាស៊ាន ដែលមកប្រជុំគ្នាហ្នឹងជួយគាំទ្រ»។
សូមរំឭកជូនថា ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី បានរស់នៅការឃុំខ្លួន មានទាំងការឃុំខ្លួនក្នុងគេហដ្ឋានផង និងការឃុំខ្លួននៅក្នុងពន្ធនាគារផងអស់រយៈពេល ១៣ឆ្នាំហើយ ហើយលោកស្រីកំពុងតែប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារក្រោមបទចោទប្រកាន់ថា បានទទួលបុរសជនជាតិអាម៉េរិកាំងម្នាក់ដែលហែលឆ្លងទន្លេ ឲ្យស្នាក់នៅក្នុងគេហដ្ឋានរបស់លោកស្រីដោយគ្មានការអនុញ្ញាតពីអាជ្ញាធរយោធាភូមានាពេលថ្មីៗកន្លងទៅនេះ។
ជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានសម្ដែងនូវសុទិដ្ឋិនិយមថា រដ្ឋាភិបាលភូមានឹងបំពេញតាមឆន្ទៈ ក៏ដូចជាក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិដោយដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំងអ្នកទោសនយោបាយភូមាប្រហែល ២.០០០នាក់ទៀតឲ្យមានសេរីភាព។
ការទាមទារបានបញ្ចប់នៅវេលាម៉ោង៨ និង៣០ព្រឹក ដោយមន្ត្រីតំណាងអង្គការសង្គមស៊ីវិលចំនួនប្រាំរូបបានប្រគល់នូវរូបថតលោកស្រី អ៊ុងសាន ស៊ូជី និងប័ណ្ណប្រកាស ទាមទារឲ្យមានការដោះលែងលោកស្រី ជូនដល់ស្ថានទូត។
ទោះយ៉ាងណា ពុំមានមន្ត្រីស្ថានទូតណាម្នាក់បានចេញមកទទួលយករូបថត និងប័ណ្ណប្រកាសទាំងនោះទេ ប៉ុន្តែមានមន្ត្រីនគរបាលខ្មែរមួយរូបបានទទួលជំនួស៕
