អង្គការ​ក្រៅ​រដ្ឋាភិបាល​សាទរ​គម្រោង​បំបាត់​អំពើ​ពុករលួយ​នៅ​មូលដ្ឋាន

អង្គការ​សង្គម​ស៊ីវិល​មាន​ការ​សប្បាយ​រីករាយ​ចំពោះ​ដំណឹង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រៀបចំ​បំបាត់​អំពើ​ពុករលួយ​ថ្នាក់​ឃុំ​ទូទាំង​ប្រទេស។

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២ បាន​បើក​សន្និសីទ​មួយ​ស្ដីពី​ការ​លុបបំបាត់​ការ​ទារ​យក​ប្រាក់​កម្រៃ​លើ​សេវា​សាធារណៈ នៅ​តាម​ឃុំ-​សង្កាត់ ឬ​លុប​បំបាត់​លុយ​សំណូក​ក្រោម​តុ ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះ។

នៅ​ក្នុង​សន្និសីទ​នោះ លោក ឆាយ សាវុធ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​មហាជន​ទូទៅ ដើម្បី​ទប់​ស្កាត់​ការ​ទារ​យក​ប្រាក់​លើ​សេវា​សាធារណៈ​នៅ​ថ្នាក់​ឃុំ​សង្កាត់។

លោក​ថា ការ​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​សិន​អង្គភាព​នេះ​ធ្វើ​តែ​ម្នាក់​ឯង​នោះ ចាំបាច់​ត្រូវ​មាន​ការ​ចូល​រួម​ពី​មជ្ឈដ្ឋាន​ទូទៅ៖ «ការ​យក​ប្រាក់​កម្រៃ​ខុស​ច្បាប់​នេះ ធ្វើ​តែ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មួយ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ទាល់​តែ​យើង​ចូល​រួម​ទាំង​អស់​គ្នា។ ការ​ចូល​រួម​ទាំង​អស់​គ្នា​នេះ​ហើយ​បាន​យើង​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​សង្គម​ស៊ីវិល មាន NGO មាន​គណបក្ស​នយោបាយ​នានា ដើម្បី​ចូល​រួម​តាម​រយៈ​ការ​ចុះ MOU ជាមួយ​​គ្នា»

លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថា វា​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​របស់​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ។ ដំណឹង​នេះ​ល្អ​សម្រាប់​សង្គម​ស៊ីវិល​ដើម្បី​ធ្វើការ​ពិចារណា៖ «បាន​បើក​ទ្វារ​ឲ្យ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា ចូល​រួម​ចំណែក​ក្នុង​ការ​អនុវត្ត និង​ឃ្លាំមើល​ដំណើរ​ការ​នូវ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​សង្គម​ស៊ីវិល​ពិចារណា​នូវ​ឱកាស និង​ចូល​រួម​ចំណែក​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អនុវត្ត​វិធានការ​ថ្មី​មាន​ប្រសិទ្ធភាព ពីព្រោះ​អី​ការ​ទប់​ស្កាត់​ការ​សូក​ប៉ាន់ ឬ​ក៏​ទទួល​ប្រាក់​កម្រៃ​ជើងសា​ផ្សេងៗ​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ជា​ការ​បោះ​ជំហាន​យ៉ាង​ល្អ​ប្រសើរ​មួយ ហើយ​យើង​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការ​វិវត្តន៍​នេះ»

ដូច​គ្នា​នេះ​ដែរ លោក សន ជ័យ ប្រធាន​អង្គការ​អ្នក​សម្រប​សម្រួល​បណ្ដាញ​រួបរួម​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា ព័ត៌មាន​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱកាស​ឲ្យ​មហាជន​ចូល​រួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ៖ «ចំពោះ​រឿង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​យក​តំលៃ ទៅ​លើ​ថ្នាក់​ឃុំ​សង្កាត់ ខ្ញុំ​គិត​ថា ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដែល​ល្អ។ សំខាន់​យើង​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ពី​សំណាក់​មហាជន គឺ​ប្រជាពលរដ្ឋ​ដែល​នៅ​ថ្នាក់​មូលដ្ឋាន​តែម្ដង»

ប៉ុន្តែ​លោក សន ជ័យ បន្ថែម​ថា អំពើ​ពុករលួយ​មិន​មែន​មាន​នៅ​តែ​ក្នុង​ថ្នាក់​ឃុំ-​សង្កាត់​នោះ​ទេ គឺ​មាន​នៅ​ក្នុង​ស្ថាប័ន​ប៉ូលិស​ថ្នាក់​មូលដ្ឋាន​ដែរ ហេតុ​នេះ​អង្គភាព​នេះ​គួរ​ចាត់​វិធានការ​ចំពោះ​បញ្ហា​នោះ​ផង៖ «ថ្នាក់​ឃុំ​សង្កាត់​គឺ​ជា​ស្ថាប័ន​នីតិ​បុគ្គល​មួយ ដែល​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ អ៊ីចឹង​ការ​ទារ​លុយ​ទារ​កាក់​ពី​សំណាក់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គឺ​មិន​សូវ​ជា​អ្វី​ដែល​ធំដុំ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ធំដុំ​នោះ គឺ​ស្ថាប័ន​ប៉ូលិស​តែម្ដង ដូច​ជា​ការ​ធ្វើ​សំបុត្រ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ​អី​ហ្នឹង គឺ​មាន​ការ​ទារ​លុយ​ហ្នឹង​មិន​មាន​តាម​កំណត់​ដោយ​ច្បាប់​នោះ​ទេ គឺ​ទារ​ឆៅៗ​តែម្ដង ហើយ​យើង​ក៏​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាត់​វិធានការ​ទៅ​លើ​បញ្ហា​នេះ​ផង​ដែរ ហើយ​ក៏​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដាក់​ការ​ផ្ដល់​សេវា​សាធារណៈ​ដោយ​ប៉ូលិស​ហ្នឹង ជា​របៀបវារៈ​មួយ​សំខាន់​ដែរ មិន​មែន​ធ្វើ​ឡើង​សម្រាប់​តែ​ឃុំ​សង្កាត់​នោះ​ទេ»

ចំណែក​លោក ព្រាប កុល លើក​ឡើង​ថា ទោះ​បី​មាន​ការ​រិះគន់​ខ្លះ​ពី​មនុស្ស​មួយ​ចំនួន​ថា ការ​បើក​ឲ្យ​មាន​យុទ្ធនាការ​នេះ ជា​ការ​ធ្វើ​ឡើង​ដើម្បី​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ក៏ដោយ តែ​យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​សាទរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។