គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចីសម្បទានចំនួនជាង៦៧លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ។
ខេត្តចំនួន៦នោះ មានដូចជាខេត្តព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និងខេត្តកណ្ដាល ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់ឆ្នាំ២០១១។
មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងដឹកនាំក្រុមអ្នកកាសែតទៅត្រួតពិនិត្យ ឬទស្សនានៅខេត្តព្រៃវែង និងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ ដែលគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនោះ បានទទួលជោគជ័យ។
ការស្ដារឡើងវិញនោះ គឺមានតម្លៃ៦០លានដុល្លារអាមេរិក ក្រោមប្រាក់កម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
នាយករងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅប្រទេសកម្ពុជា លោក ភីធឺ ប្រីមបូល (Patter Brimble) បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៤ ខែកញ្ញា ថា រាល់គម្រោងស្ដារឡើងវិញទាំងនោះ គឺជាប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី លើកលែងតែស្បៀងពលកម្មទេ គឺជាជំនួយ៖ «វាជាប្រាក់កម្ចីសម្បទានពិសេស ពីព្រោះវាស្ថិតក្នុងគ្រាដែលត្រូវការប្រាក់កម្ចីសម្បទានសង្គ្រោះបន្ទាន់»។
ទាក់ទងនឹងគម្រោងស្ដារឡើងវិញ នៅខេត្តចំនួន៦នោះ អនុប្រធានក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក ហ៊ី សំណាង ដែលតាមដានការអនុវត្តគម្រោងកន្លងមក បានមានប្រសាសន៍ថា ផ្លូវថ្នល់ និងស្ពានមួយចំនួន ត្រូវបានជួសជុលហើយ៖ «ក្រវាត់ក្រុងខេត្តព្រៃវែង នោះ គឺថារៀបនឹងបាក់ទៅហើយបាទ បើសិនជាទំនប់នោះបាក់ គឺថាប្រជាជននៅក្រុងព្រៃវែង ទាំងមូល គឺត្រូវរងការខូចខាតទាំងស្រុង។ នៅពេលដែលមានទឹកជំនន់ឆ្នាំ២០១១ នោះ ខាងក្រសួងធនធានទឹក សាលាខេត្តបានធ្វើការត្រួតពិនិត្យជាប្រចាំតែម្តង។ យើងបានសាងសង់ស្រទាប់គ្រឹះរួចហើយ បានរហូតដល់៣០% នៃគម្រោងទាំងមូលនោះ បើសិនមានភ្លៀងមក មានទឹកជំនន់ទៀត គឺលែងមានការព្រួយបារម្ភទៀត»។
ការវាយតម្លៃខូចខាតដោយសារទឹកជំនន់ កាលពីឆ្នាំ២០១១ កន្លងទៅនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា គឺមានតម្លៃសរុបជិត៥០០លានដុល្លារអាមេរិក។ ការខូចខាតនោះ នៅក្នុងខេត្តចំនួន១៨។ ប្រជាពលរដ្ឋជិត២លាននាក់ បានរងការប៉ះពាល់ដោយសារទឹកជំនន់។ មនុស្សស្លាប់ចំនួន២៥០នាក់។ ប្រជាពលរដ្ឋជាង៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព។
ទាក់ទងគ្រោះធម្មជាតិនេះដែរ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានកោះប្រជុំជាបន្ទាន់មួយ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ដើម្បីត្រៀមវិធានការចាំបាច់នានា ដើម្បីសង្គ្រោះបន្ទាន់ នៅគ្រាដែលមានគ្រោះទឹកជំនន់នៅឆ្នាំ២០១២ និងគ្រោះរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
