សាលា​ក្ដី​ខ្មែរ​ក្រហម​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​បន្ថែម​ទៀត

សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែល​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ក្នុង​រឿង​ក្តី​ខ្មែរ​ក្រហម​បន្ថែម​ទៀត ត្រូវ​បាន​អង្គ​បុរេ​ជំនុំ​ជម្រះ​សម្រេច​អនុញ្ញាត​ឲ្យ​អនុវត្ត​ហើយ បន្ទាប់​ពី​បាន​ខ្វែង​យោបល់​គ្នា​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក។

0:00 / 0:00

ការ​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្តី​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​ធ្វើ​ឡើង​ដោយ​លោក Lars Olsen មន្រ្តី​ទំនាក់​ទំនង​ផ្នែក​ច្បាប់​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩។

តាម​រយៈ​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលា​ក្តី​ខ្មែរ​ក្រហម លោក Lars Olsen ថ្លែង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ហើយ​នៅ​ក្នុង​សេចក្ដី​ពិចារណា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នេះ គឺ​មាន​ន័យ​ថា សហ​ព្រះរាជអាជ្ញា​ខាង​ភាគី​អន្តរជាតិ​ហ្នឹង គាត់​បាន​បញ្ជូន​ដីកា​សន្និដ្ឋាន បញ្ជូន​ឲ្យ​ស៊ើបសួរ​ថ្មី​ទៅ​កាន់​សហ​ចៅក្រម​ស៊ើប​អង្កេត ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់»

លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ ដែល​ធ្លាប់​ជំទាស់​ទៅ​នឹង​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​កន្លង​មក ថ្លែង​ថា សេចក្តី​សម្រេច​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ស្នើសុំ​ស៊ើប​សួរ​បន្ថែម​នេះ​ជា​សិទ្ធិ​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ ៖ «អាស្រ័យ​ទៅ​លើ​ច្បាប់ យើង​អត់​អាច​ធ្វើ​អី​ហួស​ពី​ច្បាប់​ដែល​មាន»

លោក Lars Olsen មន្រ្តី​ទំនាក់​ទំនង​ផ្នែក​ច្បាប់ ថ្លែង​ថា សេចក្តី​ពិចារណា​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​បញ្ជូន​ទៅ​សហ​ព្រះរាជអាជ្ញា​ហើយ។

លោក William Smith សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ស្តីទី បញ្ជាក់​ថា ខាង​ការិយាល័យ​របស់​លោក​បាន​ទទួល​សេចក្តី​សម្រេច​នេះ​ហើយ ហើយ​លោក​នឹង​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​តាម​អ្វី​ដែល​លោក Robert Petit បាន​ស្នើ​កន្លង​មក។

លោក William Smith បាន​មាន​ប្រសាសន៍​ថា ៖ "យើង​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើបសួរ​ក្រុម​មនុស្ស​និង​បទល្មើស​ជាក់លាក់​មួយចំនួន​បន្ថែម​ទៀត ដែល​មិន​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​បច្ចុប្បន្ន"។

ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​បាន​កើត​មាន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៨ ដែល​កាល​នោះ លោក Robert Petit សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើបសួរ​ជន​សង្ស័យ​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​រឿង​ក្តី​ខ្មែរ​ក្រហម។ ក៏​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ​ជំទាស់ ដោយ​សំអាង​ហេតុផល​ទាក់ទង​នឹង​សន្តិសុខ​និង​ស្ថិរភាព​សង្គម។

សេចក្តី​សម្រេច​ឲ្យ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​មាន​សិទ្ធិ​អាច​បញ្ជូន​ដីកា​សន្និដ្ឋាន​ឲ្យ​ស៊ើប​សួរ​ថ្មី​ទៅ​កាន់​សហ​ចៅក្រម​ស៊ើប​អង្កេត​នេះ ត្រូវ​លោក Lars Olsen ថ្លែង​ថា​ជា​ដំណោះស្រាយ​ធ្វើ​ឡើង​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​បន្ទាប់​ពី​អង្គ​បុរេ​ជំនុំ​ជម្រះ​ប្រកាស​ថា ខ្លួន​មិន​អាច​រក​សំឡេង​ចៅក្រម​៤​រូប​ក្នុង​ចំណោម​៥​រូប​បាន ដើម្បី​សម្រេច​លើ​ការ​ខ្វែង​យោបល់​គ្នា​នេះ។

លោក Lars Olsen បញ្ជាក់​ថា នៅ​ពេល​នេះ​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​មិន​ទាន់​បាន​ទទួល​ដីកា​សន្និដ្ឋាន​ឲ្យ​ស៊ើប​សួរ​ថ្មី​ពី​សហ​ព្រះរាជអាជ្ញា​នៅ​ឡើយ​ទេ៕