សកម្មជនសិទ្ធិមនុស្សបានចោទប្រធានគណៈកម្មការវត្ត ម៉ុង ចិន ឈ្មោះ សយ សាខន ថាបានទូរស័ព្ទទៅគំរាមកំហែងផ្ដាច់ផ្ដល់អាយុជីវិតរបស់ខ្លួន បន្ទាប់ពីលោកបានចុះទៅបំពេញបេសកកម្មស៊ើបអង្កេតជុំវិញបញ្ហាទំនាស់ នៃការឈូសបំផ្លាញផ្នូរកប់ខ្មោចបូរាណរបស់អ្នកភូមិ នៅក្នុងបរិវេណវត្ត ម៉ុង ចិន កាលពីពេលថ្មីនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ខៀវ បូរី អាយុ៣១ឆ្នាំ ជាសកម្មជនអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្សត្តិ៍ ទី១៥ ខែកក្កដាថា កាលពីថ្ងៃ ទី១៣ ខែកក្កដា លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងបុគ្គលឈ្មោះ សយ សាខន ជាប្រធានគណៈកម្មការវត្ត ម៉ុង ចិន ពីបទគំរាមកំហែងអាយុជីវិតរបស់លោក ៖ «សយ សាខន ហ្នឹង គាត់ថា ឯងប្រាប់អញឲ្យត្រង់មក អញដឹងហើយផ្ទះឯងនៅកន្លែងណា ក៏អញដឹងដែរ ឯងស្ថិតនៅក្នុងកណ្ដាប់ដៃអញ ហើយហ្ហែងមិនបាច់គេចទេ បើឯងចង់សុខ ហ្ហែងមកសារភាព តែអញទុកឱកាសឲ្យហ្ហែងមួយយប់ ដើម្បីឲ្យហ្ហែងហ្នឹងប្រាប់អ្នកណា ដែលរាយការណ៍ឲ្យហ្ហែង និងអត់ឲ្យលុយហ្ហែងចាយ អញនឹងធ្វើអ្នកនុះសំងាត់»។
លោកថា កាលពីថ្ងៃទី២១ ខែឧសភា ក្នុងនាមខ្លួនជាសកម្មជនអង្គការអាដហុក និងអ្នកកាសែតពីរនាក់ មានឈ្មោះ ប៉ាល់ ហ៊ន ជាចាងហ្វាងកាសែតកម្ពុជាសច្ចៈ លោក ឆាំ ពេជ្រ ជាអ្នកយកព័ត៌មានការសែតមាតុភូមិ បានចុះទៅកាន់វត្តម៉ុងចិន បន្ទាប់ពីទទួលព័ត៌មានថា នៅវត្តម៉ុងចិនមានការឈូសឆាយផ្នូរកប់ខ្មោចបូរាណរបស់អ្នកភូមិ។ ស្រាប់តែនៅថ្ងៃទី៩ ទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១០ លោក សយ សាខន និងក្រុមគ្រួសារបានទូរស័ព្ទទៅគំរាមដោយចេតនាទុច្ចរិតម្ដង ហើយម្ដងទៀតធ្វើឲ្យប៉ះពាល់សន្តិសុខផ្ទាល់ខ្លួន។
ប្រធានគណៈកម្មការវត្តម៉ុងចិន លោក សយ សាខន រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងថាលោកពិតជាបានទូរស័ព្ទទៅបង្ខំឲ្យលោក ខៀវ បូរី បង្ហាញឈ្មោះប្រភពដែលបានផ្ដល់ព័ត៌មានជុំវិញបញ្ហានៃការចុះផ្សព្វផ្សាយ ជុំវិញទំនាស់ជាច្រើន នៅវត្តម៉ុងចិន ៖ «ខ្ញុំមិនស្គាល់ផ្ទះគាត់នៅកន្លែងណាផង រឿងអីដែលខ្ញុំទៅគំរាមកំហែង ខ្ញុំទូរស័ព្ទឲ្យគាត់មកជួបខ្ញុំនៅវត្តម៉ុងចិន បកស្រាយសំងាត់ៗ យ៉ាងម៉េច»។
ព្រះរាជអាជ្ញារងតុលាការខេត្តបន្ទាយមានជ័យ លោក ឡុង ញៀប បានមានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹង និងបានចេញដីកាកោះហៅភាគីដើមចោទ ចុងចោទ មកធ្វើការសាកសួរនាពេលខាងមុខនេះ ៖ «ខ្ញុំបានចេញដីកាកោះហៅភាគីទាំងពីរហើយ ចូលមកឆ្លើយ ដីកាខ្ញុំចេញម្សិលមិញដាក់ទៅស្នងការ កោះហៅទាំងដើមបណ្ដឹង និងជនសង្ស័យ»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតដីធ្លី នៃសមាគមអាដហុក បានចាត់ទុកថា ការគំរាមខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់សកម្មជនការពារសិទ្ធិមនុស្ស ៖ «ម្យ៉ាងវិញទៀត ជាការមួយដែលធ្វើឲ្យនៅកន្លែងនោះ ហាក់បីដូចជាមិនមានការទប់ស្កាត់ ការការពារនូវបទរំលោភសិទ្ធិមនុស្សទេ ប្រសិនបើអាជ្ញាធរលោកមិនព្រមចាត់វិធានការទៅលើអ្នកដែលគំរាមកំហែងមកសកម្មជនសិទ្ធិមនុស្សរបស់យើង»។
សមាគមការពារសិទ្ធិមនុស្សអាដហុក ជាមួយគ្នានេះក៏បានចេញលិខិតអន្តរាគមន៍ដាច់ដោយឡែកមួយទៀត ដាក់ទៅតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ដោយចាត់ទុកថា ករណីនេះជាករណីគំរាមកំហែងដល់អាយុជីវិតទាំងគ្រួសារ ទាំងការរស់នៅ ទាំងសុវត្ថិភាពផ្ទាល់ខ្លួន និងរំលោភសិទ្ធិបុគ្គល។
នៅក្នុងពាក្យបណ្ដឹងរបស់សកម្មជនសមាគមអាដហុក ប្ដឹងទៅតុលាការខេត្តបន្ទាយមានជ័យ បានស្នើសុំឲ្យតុលាការផ្ដន្ទាទោសលោក សយ សាខន តាមនីតិវិធីច្បាប់ និងបានទាមទារការបង់ជំងឺចិត្ត ពីលោក សយ សាខន នូវទឹកប្រាក់ចំនួន ២០.០០០ដុល្លារ៕