មន្ត្រីអង្គការអាដហុករូបនេះ បានអះអាងពីមូលហេតុ ដែលមិនអនុញ្ញាតឲ្យពលរដ្ឋទាំងនោះ ស្នាក់អាស្រ័យនៅស្នាក់ការរបស់ខ្លួនថា ៖ «យើងមិនអនុញ្ញាតឲ្យគាត់ស្នាក់នៅទេ ព្រោះលទ្ធផល យើងបានរងជាច្រើន ពីការចោទប្រកាន់របស់អាជ្ញាធរ ដូចជាថា ពួកយើងជាជនឱកាសនិយម ពួកយើងជាអ្នកញុះញង់ប្រជាពលរដ្ឋក្នុងការធ្វើបាតុកម្ម ឬក៏ធ្វើការតវ៉ាអី ហើយចំណុចមួយទៀតក្រុម សិទ្ធិមនុស្សគឺជាអ្នកធ្វើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការលំបាក»។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈពលរដ្ឋជាង ១០នាក់ បានធ្វើដំណើរមកពីភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីតវ៉ាការពារអ្នកភូមិបីនាក់ ដែលតុលាការខេត្តបាត់ដំបងកោះមកសាកសួរពីរឿងទំនាស់ដីធ្លី និងការបំផ្លិចបំផ្លាញដំណាំស្រូវ។
ការបដិសេធរបស់សមាគមអាដហុកនេះ គឺបានធ្ងើឡើងជាលើកដំបូង ក្រោយពីការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង បានទទួលរងការចោទប្រកាន់ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗថា ជាអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី។
លោក សៀង ស៊ុតថង អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ការជួយឬផ្តល់ទីកន្លែងស្នាក់អាស្រ័យដល់ប្រជាពលរដ្ឋ គឺជាសិទ្ធិរបស់សមាគមអាដហុក ក្នុងការធ្វើសេចក្តីសម្រេច ប៉ុន្តែករណីកើតមានឡើងកន្លងមកប្រហែលជាមានការចាត់តាំងនៅពីក្រោយ។
លោក សៀង ស៊ុតថង មានប្រសាសន៍ថា ៖ «មិនមែនគ្រាន់តែចោទអាដហុកទេ គ្រាន់តែថា ប្រហែលជាមានការចាត់តាំង ការជួយអន្តរគមន៍បានជាពលរដ្ឋនៅឆ្ងាយៗ មួយនៅគាស់ក្រឡ មួយនៅ បវេល ប៉ុន្តែជួបគ្នាបាន»។
លោក ស៊ុន តឹក មន្ត្រីសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្ស ប្រចាំខេត្តបាត់ដំបង បានថ្លែងថា ក្នុងរយៈពេលកន្លងមក សមាគមការពារសិទ្ធិអាដហុក និងអង្គការការិយាល័យអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង ក៏រងការចោទប្រកាន់ពីសំណាក់អាជ្ញាធរដូចគ្នាដែរ។
តាមលោក ស៊ុន តឹក គឺថា ការអនុញ្ញាតឲ្យប្រជាពលរដ្ឋស្នាក់នៅទីស្នាក់ការបណ្តោះអាសន្ន គឺមិនមែនជាខុសច្បាប់ទេ ប៉ុន្តែនៅពេលមានការចោទប្រកាន់ ដូច្នេះអាដហុក ត្រូវជៀសវាងការចោទប្រកាន់នេះ ៖ «ការចោទប្រកាន់មិនមែនជាការពិតទេ ពីព្រោះខ្ញុំគិតថា គាត់ប្រហែលជាមិនទាន់ស្គាល់តួនាទី NGO ជាពិសេសអង្គការសិទ្ធិមនុស្ស នៅក្នុងប្រទេសខ្មែរ»។
ទោះយ៉ាងនេះក្តី លោក យិន ម៉េងលី បានបញ្ជាក់ថា សមាគមអាដហុក នៅបន្តជួយប្រជាពលរដ្ឋដែលបញ្ហាតាមផ្លូវច្បាប់ជាធម្មតា គ្រាន់តែមិនអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្នក្នុងស្នាក់ការនាពេលយប់ប៉ុណ្ណោះ។
ទាក់ទងនឹងការចោទប្រកាន់ថា អាដហុក ជាអ្នកនៅពីក្រោយខ្នងនេះ កាលពីមុនការបោះឆ្នោតកន្លងទៅថ្មីៗនេះ គណៈកម្មាធិការប្រព្រឹត្តិកម្ម ក៏មានជំនួបមួយជាមួយលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបងដើម្បីដោះស្រាយពីបញ្ហានេះ។
បើតាមលោក សៀង ស៊ុតថង បានអះអាងបញ្ជាក់ថា ខាងអាជ្ញាធរខេត្តមិនមានការចោទប្រកាន់អី្វទៀតទេ មកលើសមាគមការពារសិទ្ធិមនុស្សអាដហុក៕
