អតីតអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហៅកាត់ថា អាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតទីស្នាក់ការកណ្ដាលសមាគមអាដហុក អះអាងថា លោកទទួលយកដំណោះស្រាយបញ្ចប់ការប្ដឹងមន្ត្រីអាជ្ញាធរឃុំប៉ាតាង ពីបទគំរាមកំហែង និងបង្ខូចកេរ្តិ៍ បន្ទាប់ពីមន្ត្រីអាជ្ញាធរឃុំទទួលស្គាល់ថា បានអនុវត្តតួនាទីមានកំហុសមកលើមន្ត្រីសង្គមស៊ីវិល។
កាលពីថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៣ មន្ត្រីស្ថាប័នអយ្យការតុលាការខេត្តរតនគិរី បានកោះអញ្ជើញមេធាវីការពារក្ដីលោក ឡុង លន និងភាគីដើមបណ្ដឹង លោក ប៉ែន ប៊ុណ្ណារ៍ រួមទាំងមន្ត្រីអាជ្ញាធរឃុំប៉ាតាង មកពិភាក្សាដោយផ្ទាល់មាត់នៅចំពោះមុខមន្ត្រីស្ថាប័នអយ្យការ។
លោក ប៉ែន ប៊ុណ្ណារ៍ នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា លោកមិនចង់ប្ដឹងមន្ត្រីអាជ្ញាធរមូលដ្ឋានទេ ក៏ប៉ុន្តែកន្លងទៅនេះ មន្ត្រីអាជ្ញាធរឃុំប៉ាតាង ជាច្រើននាក់ បានរំលោភទៅលើសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីគោលការណ៍បើកវគ្គអប់រំ សិក្ខាសាលា និងការប្រជុំអប់រំរបស់សមាគមដល់ប្រជាពលរដ្ឋ។
លោកបន្តថា ឆន្ទៈរបស់លោក គឺធ្វើយ៉ាងណាឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានចូលរួមជាមួយសង្គមស៊ីវិល និងប្រជាពលរដ្ឋ បង្កើនការអប់រំយល់ដឹងពីបញ្ហាច្បាប់ សិទ្ធិមនុស្ស និងលុបបំបាត់អំពើល្មើសច្បាប់នៅមូលដ្ឋាន៖ «អ្វីដែលយើងដាក់ពាក្យបណ្ដឹងទៅ យើងទាមទារឲ្យមានការកែប្រែ មានការទទួលស្គាល់ថា អ្វីដែលគាត់បានប្រតិកម្មមកលើយើងនៅពេលយើងចុះភូមិថា យើងញុះញង់វាជាបទបរិហារកេរ្តិ៍សាធារណៈ»។
លោក ប៉ែន ប៊ុណ្ណារ៍ និងអ្នកសម្របសម្រួលគម្រោងពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក ឈឹម សាវុធ កាលពីខែសីហា ឆ្នាំ២០១២ បានដាក់ពាក្យប្ដឹងពីរដោយឡែកពីគ្នា គឺលោក ប៉ែន ប៊ុណ្ណារ៍ ប្ដឹងមេភូមិប៉ាតាង លោក ផែន ម៉ាំង ពីបទបង្ខូចកេរ្តិ៍ឈ្មោះ ចំណែកលោក ឈឹម សាវុធ ប្ដឹងមេឃុំប៉ាតាង លោក គិ ចេន និងនាយនគរបាលប៉ុស្តិ៍ លោក ប្លាង នា ពីបទគំរាមកំហែង បន្ទាប់ពីមន្ត្រីមូលដ្ឋានទាំងនោះបានប្រើប្រាស់ប៉ូលិសប្រដាប់អាវុធ គំរាមបណ្ដេញមន្ត្រីអង្គការទាំងពីរមិនឲ្យបើកវគ្គអប់រំប្រជាពលរដ្ឋនៅភូមិប៉ាតាង កាលពីខែកក្កដា។
មេភូមិប៉ាតាង លោក ផែង ម៉ាំង មានប្រសាសន៍ទទួលស្គាល់ថា កន្លងទៅនេះលោកបានធ្វើខុសឆ្គងបញ្ហាខ្លះមកលើមន្ត្រីអង្គការក្រៅសង្គមស៊ីវិល ហេតុនេះលោកសុំឲ្យមន្ត្រីអង្គការសង្គមស៊ីវិលបញ្ចប់ការប្ដឹងនេះ។
ចំណែកមេឃុំប៉ាតាង លោក គិចេន មានប្រសាសន៍បញ្ជាក់ដែរថា ភាគីអាជ្ញាធរក៏បានស្នើសុំឲ្យមន្ត្រីសង្គមស៊ីវិលសហការជាមួយអាជ្ញាធរ ពេលមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដូចគ្នា៖ «គាត់បានប្ដឹងទៅហើយ កំហុសយើងបានលប់លាងនៅតុលាការរួចរាល់អស់ហើយតើ! តុលាការគាត់ណែនាំទាំងពីរដែរ»។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក រស់ សារាំ មានប្រសាសន៍បញ្ជាក់ថា ឆន្ទៈភាគីទាំងពីរស្របគ្នាក្នុងការបញ្ចប់ជម្លោះ ហេតុនេះលោកបានអញ្ជើញភាគីទាំងពីរមកពិភាក្សាគ្នាដើម្បីបញ្ចប់បញ្ហា។
លោកបន្តថា ដោយសារបណ្ដឹងរបស់មន្ត្រីសង្គមស៊ីវិលទាំងពីរស្ថាប័ន មានអង្គហេតុតែមួយ ហេតុនេះលោកចាត់ទុកបណ្ដឹងប្ដឹងមន្ត្រីអាជ្ញាធរឃុំនេះក្នុងសំណុំរឿងតែមួយ ហើយលោកនឹងចេញដីកាសម្រេចនៅពេលខាងមុខ៖ «យើងអាចនិយាយថា មិនមែនជាការសម្របសម្រួលនៅពេលដែលមានកំហុសនោះទេ គ្រាន់តែថា ឆន្ទៈមិនចង់បន្តនីតិវិធីតាមផ្លូវតុលាការចំពោះគ្នានឹងគ្នាទេ»។
កាលពីឆ្នាំ២០០៩ មេឃុំប៉ាតាង លោក គិចេន បានដាក់ពាក្យប្តឹងចោទប្រកាន់មន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និងលោក ឆាយ ធី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ពីបទញុះញង់ប្រជាពលរដ្ឋភូមិប៉ាតាង ឲ្យប្រព្រឹត្តបទឧក្រិដ្ឋរំលោភទ្រព្យ និងកាប់បំផ្លាញដំណាំក្រុមហ៊ុន ឌីអឹម ហ្គ្រុប ប៉ុន្តែរហូតមកទល់នឹងចុងឆ្នាំ២០១២ មន្ត្រីស្ថាប័នអយ្យការបានចេញដីកាសម្រេចមិនចាត់ការពាក្យប្តឹងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
