ចៅក្រមកាត់ក្ដីនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត បានប្រកាសសាលក្រមសម្រេចនៅព្រឹកថ្ងៃទី២៥ ខែមករា ដោយតម្រូវឲ្យលោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះ បង់ប្រាក់ពិន័យចំនួន ១លានរៀល និងប្រាក់សំណងទៅក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ ចំនួន ៣លានរៀល។
លោក សំ ច័ន្ទគា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី បន្ទាប់ចេញពីស្ដាប់សេចក្ដីប្រកាសសាលក្រមសម្រេចនៅតុលាការខេត្តកំពង់ឆ្នាំងថា លោកមិនទទួលយកលទ្ធផលនៃការកាត់សេចក្ដីនេះឡើយ ហើយនឹងប្ដឹងឧទ្ធរណ៍ចំពោះករណីនេះ។ លោក សំ ច័ន្ទគា បន្តថា ការសម្រេចនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើមាត្រាទី៤១ នៃរដ្ឋធម្មនុញ្ញ និងមាត្រាទី១៩ នៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោក សំ ច័ន្ទគា មានប្រសាសន៍បន្ថែមថា ៖ «ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយមាត្រា១៩ ហាក់ដូចជាមិនអាចប្រើកើតទេ។ បើសិទ្ធិនៃការបញ្ចេញមតិ ដែលសូម្បីតែខ្ញុំដែលធ្វើការខាងសង្គមស៊ីវិល ដែលធ្វើការខាងហ្នឹង ក៏មិនអាចបញ្ចេញមតិផ្លូវច្បាប់ពន្យល់ប្រជាពលរដ្ឋបានផង តើមានប្រយោជន៍អីដែលត្រូវមានមាត្រា៤១ និងមាត្រា១៩នោះ?»។
មេធាវីការពារក្តីឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ គឺលោក ផាត់ ពៅស៊ាង មិនឆ្លើយនឹងសំណួរវិទ្យុអាស៊ីសេរីទេ នៅរសៀលថ្ងៃទី២៥ ខែមករានេះ ដោយលោកជំរុញឲ្យសួរទៅតំណាងក្រុមហ៊ុនវិញ។
លោក ផាត់ ពៅស៊ាង បញ្ជាក់ ៖ «ខ្ញុំការពារក្តីហើយប៉ុណ្ណឹង គឺខ្ញុំចប់ភារកិច្ចហើយ។ លោកចង់ដឹង លោកសួរទៅម្ចាស់គេចុះណា៎! ព្រោះភារកិច្ចខ្ញុំបានចប់ហើយលោក»។
លោក ថៃ ហ៊ី តំណាងឲ្យក្រុមហ៊ុនខេ.ឌី.ស៊ី អន្តរជាតិ ក៏សុំមិនឆ្លើយចំពោះសំណួររបស់វិទ្យុអាស៊ីសេរីដែរ នៅល្ងាចថ្ងៃដដែលនេះ។
លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានលោកស្រី ជា ខេង នាយិកាក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ តាមរយៈតំណាង គឺលោក ថៃ ហ៊ី ប្ដឹងចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ ដោយសារមន្ត្រីសិទ្ធិមនុស្សរូបនេះបានផ្ដល់មតិផ្នែកច្បាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី. អន្តរជាតិ នៅពេលកន្លងទៅ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់ចៅក្រមតុលាការខេត្តកំពង់ឆ្នាំង ក្នុងករណីនេះ។
លោក ចាន់ សុវ៉េត មានប្រសាសន៍ទៀតថា ៖ «ចៅក្រមដែលគេជឿជាក់ថា ខ្លួនអាចផ្ដល់យុត្តិធម៌ឲ្យហើយបែរជាជំនុំជម្រះដោយអត់បានគិតគូរអំពីធាតុពិតយ៉ាងនេះ យើងខ្ញុំមានការព្រួយបារម្ភណាស់។ ការធ្វើបែបនេះ វាប៉ះពាល់ដល់ស្ថានភាពនៃការបញ្ចេញមតិរបស់សង្គមស៊ីវិល ក៏ដូចជាសកម្មភាពការងាររបស់សង្គមស៊ីវិលដែរក្នុងការអនុវត្តសិទ្ធិមនុស្សនេះ។ រាជរដ្ឋាភិបាលបានចំណាយរាប់លានដុល្លារដើម្បីបណ្ដុះបណ្ដាលចៅក្រម ព្រះរាជអាជ្ញាដើម្បីឲ្យពួកគេជាតំណាងឲ្យរាជរដ្ឋាភិបាលក្នុងការការពារសិទ្ធិប្រជាពលរដ្ឋ និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញពួកគេចាប់អារម្មណ៍ការពារឲ្យតែអ្នកមាន»។
កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ តុលាការខេត្តកំពង់ឆ្នាំង ក៏បានចេញសាលក្រមសម្រេចឲ្យលោក រាជ សីមា ប្រជាពលរដ្ឋនៅភូមិឡពាង ចាញ់ក្ដីដើមបណ្ដឹងក្រុមហ៊ុន ខេ.ឌី.ស៊ី.នេះដែរ ដោយពិន័យជាប្រាក់ ២លានរៀល និងបង់ជំងឺចិត្ត ៨លានរៀលទៅឲ្យភាគីក្រុមហ៊ុន៕
