អង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកថា ជាទង្វើអមនុស្សធម៌ និងរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ។ ករណីនេះរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងពង្រឹងការអនុវត្តច្បាប់។
សមាគមការពារសិទ្ធិមនុស្ស អាដហុក បានអះអាងថា ពលករពលការិនីខ្មែរ ដែលធ្វើការចំណាកស្រុក ដោយស្របច្បាប់ និងមិនស្របច្បាប់ កំពុងរងការរំលោភបំពានកម្លាំងពលកម្មមានការកើនឡើងដល់ទៅជាងប្រាំដងក្នុងឆ្នាំ២០១២ នេះ។
របាយការណ៍របស់សមាគម អាដហុក ដែលចេញផ្សាយនៅថ្ងៃទី១៤ មិថុនា បានឲ្យដឹងថា ក្នុងអំឡុង៤ខែ គឺខែមករា ដល់ខែមេសា ដើមឆ្នាំ២០១២ នេះ ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍របស់គ្រួសារពលករពលការិនីចំណាកស្រុក មានចំនួន ១៤១ករណី។ ចំនួននេះបានកើនឡើងជាងប្រាំដង លើសពីចំនួនពាក្យបណ្ដឹងក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១១ ដែលមានចំនួន ២៣ករណី។ ពលកររងគ្រោះទាំងនោះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ អាហ្វ្រិកខាងត្បូង ចិន សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។
លោក ធន សារាយ ប្រធានសមាគម អាដហុក ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការរបស់លោកថា ក្នុងចំណោមពាក្យបណ្ដឹង ១៤១ករណី មាន ៩៤ករណី ឬថា ៧០% នៃពាក្យបណ្ដឹងនេះ គឺបាត់ដំណឹងពលករ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី។
លោកថា បញ្ហានេះដោយសារតែក្រុមហ៊ុនខ្លះ ត្រូវដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះត្រូវបញ្ឈប់សកម្មភាព និងក្ស័យធន។ ហើយហេតុផលមួយទៀតនោះគឺ យន្តការរបស់រដ្ឋក្នុងការទទួលខុសត្រូវឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងជំនួសក្រុមហ៊ុន ក៏ពុំមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ការកើនឡើងការរំលោភបំពានលើសិទ្ធិពលករពលការិនីកាន់តែធ្ងន់ធ្ងរ ហើយពុំមានការផ្ដន្ទាទោស។
លោក ធន សារាយ៖ «រដ្ឋាភិបាលគួរតែជំរុញការអនុវត្តន៍ច្បាប់ស្ដីពីសន្តិសុខសង្គម ឲ្យមានប្រសិទ្ធភាព និងពង្រឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ជំរុញការអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះទីភ្នាក់ងារក្រុមហ៊ុន ឬបុគ្គលដែលល្មើសច្បាប់។ ដូច្នេះកន្លងមក យើងបានតែរំដោះ ប៉ុន្តែការដាក់ទណ្ឌកម្ម ឬដល់អ្នកដែលប្រព្រឹត្តរំលោភដល់សិទ្ធិពលករពលការិនីរបស់យើងនៅមានកម្រិតនៅឡើយ»។
ពលការិនីម្នាក់ឈ្មោះ រឿង ស្រីមុំ អាយុ ២០ឆ្នាំ ដែលទៅធ្វើការតាមរយៈក្រុមហ៊ុន អ៊ឹម.អ៊ិល.ស៊ី (MLC) តាំងពី២០១១ បានឲ្យដឹងថា នាងបានទៅធ្វើការជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី បានជាង ៤ខែ ប៉ុន្តែដោយសារតែថៅកែបង្ខំឲ្យធ្វើការលើសម៉ោង និងវាយធ្វើបាបពេក ទើបនាងរត់ចេញពីផ្ទះថៅកែនោះ បន្ទាប់មកប៉ូលិសចាប់ឃុំរយៈពេល ៦ខែ ទើបសមាគម អាដហុក អង្គការទេសន្តរប្រវេសក៍ (IOM) និងក្រសួងការបរទេស ជួយអន្តរាគមន៍ឲ្យនាងបានវិលត្រឡប់មកវិញ។
ពលការិនី រឿង ស្រីមុំ៖ «ជួលកាលអីចឹងទៅ ទះកំផ្លៀង ក្ដិច វាយ ហើយដៀលគំនិតខ្មែរថា មកពីខ្មែរធ្វើការមិនល្អអីចឹង បានស្រុកវាក្រ។ ខ្ញុំឈឺចិត្តណាស់ នៅពេលខ្ញុំរត់ចេញពីផ្ទះថៅកែមក គឺខ្ញុំដើរទាំងយប់ ដើរទាំងថ្ងៃ គ្មានបាយទឹកទេ ឲ្យតែមានផ្លូវ គឺខ្ញុំត្រូវតែដើរ កាត់ព្រៃចម្ការធំៗ ហើយខ្ញុំឃើញមានមនុស្សស្លាប់ជាច្រើន មនុស្សដែលស្លាប់នោះ គឺខ្មែរ ព្រោះខ្ញុំឃើញអត្តសញ្ញាណប័ណ្ណច្បាស់ក្រឡែត គឺខ្ញុំតក់ស្លុតខ្លួនឯង ឲ្យតែឃើញ ខ្ញុំភ័យខ្លាច។ ខ្ញុំដើរគ្រប់ ៧ថ្ងៃទើបប៉ូលិសចាប់ខ្ញុំយកទៅឃុំ»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីក្រសួងមហាផ្ទៃជាច្រើននាក់ ដើម្បីឆ្លើយតបបញ្ហានេះ ប៉ុន្តែមិនអាចទាក់ទងបាន។
របាយការណ៍របស់អង្គការ ខារ៉ាម កម្ពុជា បានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង ២សែននាក់ ទៅកូរ៉េស្របច្បាប់ជិត ១ម៉ឺននាក់ និងទៅម៉ាឡេស៊ីប្រមាណ ៣ម៉ឺននាក់។
សមាគម អាដហុក បានលើកអនុសាសន៍មួយចំនួនដូចជា សុំឲ្យក្រសួងការងារជាអ្នកទទួលបន្ទុក សហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ គួរតែបង្កើតប្រព័ន្ធជួយសង្គ្រោះបន្ទាន់ នៅទូទាំងប្រទេស និងប្រទេសគោលដៅ ដើម្បីជួយជនរងគ្រោះទាន់ពេលវេលា លើករណីមានការរំលោភបំពានលើពលករទាំងស្របច្បាប់ និងមិនស្របច្បាប់។
អនុសាសន៍មួយទៀតនោះគឺ សុំបង្កើតកិច្ចសហការជាមួយសហគមន៍អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ការរំលោភកម្លាំងពលកម្ម និងការរស់នៅក្នុងស្ថានភាពជាទាសករសម័យថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។