ប្រធានសមាគមអាដហុក លោក ធន សារាយ ជាប្រធានក្រុមដឹកនាំកម្មសិក្សានេះ មានប្រសាសន៍បញ្ជាក់ថា គោលបំណង និងទិសដៅរបស់សមាគមដែលនាំគ្នាមកធ្វើកម្មសិក្សានៅខេត្តរតនគិរី នេះ គឺដើម្បីដកស្រង់បទពិសោធន៍ពីមន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ក្រុងបានលុង ដែលបានបំពេញការងារនេះកន្លងទៅ។
លោកបន្តថា មន្ត្រីជំនាញសមាគមអាដហុក បានស្រាវជ្រាវឯកសារមានសារសំខាន់ទាក់ទិននីតិវិធីដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការពីស្ថាប័នថ្នាក់អន្តរជាតិ ដើម្បីយកមកគួបផ្សំនឹងឯកសារបទពិសោធន៍មានស្រាប់ក្នុងប្រទេស ធ្វើជាមូលដ្ឋានគ្រឹះកាន់តែល្អប្រសើរ សម្រាប់បណ្ដុះបណ្ដាលមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីអាជ្ញាធរ និងប្រជាសហគមន៍នៅមូលដ្ឋាន ឲ្យមានការយល់ដឹងពីវិធីដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ឲ្យមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់សង្គមជាតិ។
លោក ធន សារាយ៖ «ដើម្បីមានការវិវឌ្ឍសុក្រឹតទៅៗ ត្រូវយើងមានមូលដ្ឋានទ្រឹស្ដីមួយជាគោលទៀត។ យើងត្រូវធ្វើកម្មសិក្សាមើលថា តើចំណុចខ្លាំងចំណុចខ្សោយរបស់ការដោះស្រាយជម្លោះរបស់ឃុំ-សង្កាត់របស់យើង តើវាមានចំណុចណាខ្លះទៀត។ ព្រោះយើងបានសហការជាមួយសាកលវិទ្យាល័យមួយនៅប្រទេសហុល្លង់ លោកបានរៀបចំជាឧបករណ៍ហ្នឹង មកហើយ ហើយឧបករណ៍ហ្នឹងគាត់បានចែករំលែកទៅក្នុងពិភពលោកដែរមិនមែនតែប្រទេសយើងទេ»។
របាយការណ៍របស់ក្រសួងយុត្តិធម៌ឲ្យដឹងថា នៅទូទាំងប្រទេស រាជរដ្ឋាភិបាលបានបង្កើតឲ្យមានសេវាកម្មយុត្តិធម៌ដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ចំនួន ២០មណ្ឌល និងមានគណៈកម្មការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឃុំ-សង្កាត់ចំនួន៥៦ រួចហើយ។
ប្រធានមណ្ឌលសេវាកម្មយុត្តិធម៌ក្រុងបានលុង លោក ចាន់ ណាលីន មានប្រសាសន៍បញ្ជាក់ថា នៅខេត្តរតនគិរី មណ្ឌលសេវាកម្មយុត្តិធម៌មាននៅក្រុងបានលុង និងស្រុកអូរយ៉ាដាវ បានចូលរួមដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋបានមួយចំណែកធំក្នុងរឿងក្តី ដែលកើតមានក្នុងខេត្តដាច់ស្រយាលមួយនេះ។ លោកកត់សម្គាល់ថា ចាប់ពីដើមឆ្នាំ២០១២ មក មានប្រជាពលរដ្ឋមានជម្លោះជាង ៥៦ករណី ស្ម័គ្រចិត្តចូលមកមណ្ឌល ដើម្បីសុំជួយដោះស្រាយជម្លោះទាក់ទិនដីធ្លី ការលែងលះប្ដីប្រពន្ធ និងដោះស្រាយជម្លោះសំណងរដ្ឋប្បវេណីរឿងក្តីព្រហ្មទណ្ឌមួយចំនួនទៀត ដោយមិនមានចំណាយតម្លៃសេវាកម្មអ្វីឡើយ៖ «ទំនាស់របស់គាត់ គឺថាក្រោយពីចប់សព្វគ្រប់ គឺគាត់សប្បាយរីករាយ ដោយសារគាត់យោគយល់ អនុគ្រោះ សម្បទានជូនគ្នា តាមការលើកហេតុផល និងចង្អុលបង្ហាញពីយើងខ្ញុំ មិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ គាត់អត់មានខាតផលប្រយោជន៍»។
ប្រជាពលរដ្ឋរស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី លោក ប៊ុន ថន មានប្រសាសន៍ថា បទពិសោធន៍របស់លោកដែលមានជម្លោះដីធ្លីជាមួយមន្ត្រីអាជ្ញាធរ លោកបានទទួលដំណោះស្រាយយុត្តិធម៌ទាំងសងខាង តាមរយៈការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ លោកបន្តថា ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ បានកាត់បន្ថយការចំណាយ លប់បំបាត់អំពើពុករលួយ និងអំពើអយុត្តិធម៌៖ «ខុសគ្នាមេឃ និងដី។ គាត់អត់មានសុំប្រាក់ឧបត្ថម្ភ ដោះស្រាយល្អណាស់ ខ្ញុំក៏ជឿជាក់ ហើយប្រជាពលរដ្ឋទូទៅ គាត់មានបញ្ហាអ្វី គាត់រត់ចូលទៅមណ្ឌលសេវាកម្មយុត្តិធម៌។ ខាងតុលាការកន្លងមក មានអ្នកខ្លះ គាត់ធ្លាប់ចូលមានបញ្ហាច្រើនណាស់»។
តាមការគ្រោងទុក ក្រុមមន្ត្រីកម្មសិក្សានៃមន្ត្រីសមាគមអាដហុក និងចុះស្វែងយល់បទពិសោធន៍នៅខេត្តមួយចំនួនទៀត ដើម្បីធ្វើជាមូលដ្ឋានចងក្រងជាឯកសារបណ្ដុះបណ្ដាលស្ដីពីវិធីដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
