កិច្ចប្រជុំ​មន្ត្រី​ការពារ​ជាតិ​ចាប់​ផ្ដើម​នៅ​សៀមរាប

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាស៊ាន មក​ពី​ប្រទេស​ចំនួន១០ បាន​ចាប់​ផ្ដើម​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប​ហើយ កាលពី​ព្រឹក​ថ្ងៃអង្គារ ទី២៤ ខែ​មេសា។

កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ឈាន​ទៅដល់​ការ​ធ្វើ​សេចក្ដីព្រាង​ប្រកាស​រួមគ្នា ការ​ពិចារណា និង​ពិភាក្សា​ទៅលើ​ឯកសារ​មួយ​ចំនួន ស្ដីពី​សន្តិសុខ​តំបន់ ដែល​កំពុង​កើតមាន​បញ្ហា​ផ្សេងៗ សម្រាប់​ជា​គន្លឹះ ដាក់​ជូន​ទៅ​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​អំឡុង​ខែ​ឧសភា​ខាងមុខ។

លោក​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នៃ​ប្រទេស​កម្ពុជា គឺជា​ប្រធាន​នៃ​កិច្ចប្រជុំ​នោះ។ លោក​បាន​ថ្លែងសុន្ទរកថា៖ទៅកាន់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​កិច្ចប្រជុំ​ថា៖ការប្រជុំ​ពេលនេះ​នឹង​ធ្វើការ​ពិចារណា ពិភាក្សា​ទៅលើ​ឯកសារ​សំខាន់ចំនួន២ ព្រមទាំង​ឯកសារ​ទស្សន​ទាន ដែល​ស្នើ​ឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កិច្ចប្រជុំ ក្រុម​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន នៅ​ខែ​ឧសភា​ខាងមុខ។ បន្ថែម​លើ​នេះ​ក្រុម​មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ​អាស៊ាន ក៏​នឹង​ពិភាក្សា​ទៅលើ​បញ្ហា​សន្តិសុខ​សំខាន់ៗ ដែល​កំពុង​កើតមាន និង​កំណត់​នូវ​វិធីសាស្ត្រ​រួមគ្នា ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៖ "ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការចូលរួម​របស់​ឯកឧត្ដម និង​លោកជំទាវ ដើម្បី​ទទួល​បាន​នូវ​ការ​ពិភាក្សា​ស្មោះត្រង់ និង​ការផ្លាស់ប្ដូរ​ទស្សនៈ ស្ដី​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ការ​ចូលរួម​បន្ថែម​ទៀត លើ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ពង្រឹង​ស្ថាប័ន។ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា៖ យើង​អាច​បង្កើត​នូវ​គំនិត និង​ទស្សនៈ​ទាន​ច្បាស់លាស់ ដើម្បី​ពង្រឹង​ឥទ្ធិពល​អាស៊ាន ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​នីតិកម្ម សន្តិសុខ​ក្នុង​តំបន់។ ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏​នក្ខត្តឫក្ស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​ឯកឧត្ដម អស់លោក លោកស្រី ទាំងអស់ ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំនេះ"

កិច្ចប្រជុំ​របស់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​អាស៊ាន បាន​បញ្ជាក់​ថា៖គេ​ត្រូវការ​គោលការណ៍ ដែល​ជា​យុទ្ធសាស្ត្រ​រួមគ្នា ដែល​ផ្អែក​ទៅលើ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ឱ្យ​ប្រសើរ​ឡើង។

ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃក្រសួងការពារជាតិអាស៊ានទាំង១០ មាន​គម្រោង​នឹង​ចូលរួម​ប្រជុំ ជាមួយ​អាស៊ានបូក៨ ដែល​មាន​ប្រទេស ចិន ជប៉ុន កូរ៉េ ឥណ្ឌា អាមេរិក រុស្ស៊ី អូស្ត្រាលី និង​នូវែលហ្សេឡង់ ចូល​រួម​ផង​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។