ក្រសួងអប់រំកម្ពុជា នឹងប្រើប្រាស់ទឹកប្រាក់ចំនួន ២៣លានដុល្លារ ដោយផ្ដោតលើការលើកកម្ពស់គុណភាពបង្រៀន សមត្ថភាពគ្រប់គ្រង និងការសិក្សាស្រាវជ្រាវ ហើយនឹងផ្ដល់អាហារូបករណ៍ដល់ដែលបាត់បង់ឱកាសសិក្សា។
គម្រោងថ្មីក៏នឹងផ្ដោតលើការពង្រឹងសមត្ថភាពមន្ត្រីនាយកដ្ឋានឧត្ដមសិក្សា នាយកដ្ឋានការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ គណៈកម្មការគុណភាពអប់រំកម្ពុជា និងវិទ្យាស្ថានឧត្ដមសិក្សា។
មន្ត្រីជាន់ខ្ពស់អភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារពិភពលោក លោក បេង ស៊ីមេត នៅថ្ងៃអង្គារ ទី៧ កញ្ញា បានប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា គម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ២៣លានដុល្លារ សម្រាប់ពង្រឹងវិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីធនាគារពិភពលោកបានសិក្សារកឃើញថា គុណភាពវិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជានៅមានកម្រិតនៅឡើយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ លោក គាត ឈន់ មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញនៅថ្ងៃអង្គារ ឲ្យដឹងថា រដ្ឋាភិបាលនឹងប្រើប្រាស់ទឹកប្រាក់ ២៣លានដុល្លារ ក្នុងការបង្កើនគុណភាពដល់មន្ត្រីក្នុងវិស័យសាធារណៈ និងវិស័យឯកជន រួមទាំងប្រធានគ្រប់គ្រង អ្នកឯកទេស បច្ចេកទេស និងសាស្ត្រាចារ្យកម្រិតឧត្ដមសិក្សា ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃអង្គារដែរថា គុណភាពឧត្ដមសិក្សានៅកម្ពុជាកំពុងជួបវិបត្តិ។ លោកបន្តថា បច្ចុប្បន្ននេះក្រសួងអប់រំបានពឹងពាក់ទៅលើវិស័យឯកជន ក្នុងការបណ្ដុះបណ្ដាលនិស្សិតកម្រិតឧត្ដមសិក្សា។ ប៉ុន្តែវិស័យឯកជនដែលកំពុងអប់រំនិស្សិតកម្ពុជា មិនបានគិតអំពីគុណភាពនៃការអប់រំនោះទេ។ សាលាបង្រៀនឯកជនទាំងនោះគិតតែពីផលចំណេញជាជាងគុណភាពអប់រំ។
លោក រ៉ុង ឈុន បានចោទប្រកាន់គណៈកម្មការគុណភាពអប់រំកម្ពុជា ដែលជាស្ថាប័នវាយតម្លៃគុណភាពអប់រំ ថាបានប្រព្រឹត្តអំពើពុករលួយជាមួយវិស័យអប់រំឯកជន ដោយមិនបានធ្វើការវាយតម្លៃគុណភាពអប់រំឲ្យបានត្រឹមត្រូវទេ។
លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃអង្គារ ឲ្យដឹងថា គម្រោងលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពឧត្ដមសិក្សា នឹងបង្កើនឥទ្ធិពលដល់ប្រព័ន្ធអប់រំលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈបង្កើនជំនាញលើធនធានមនុស្ស ហើយគម្រោងនេះក៏នឹងបង្កើតឲ្យមានគំនិតផ្ដួចផ្ដើមថ្មីៗ នៅក្នុងប្រព័ន្ធគ្រប់គ្រង ការចូលរៀនរបស់និស្សិត ការគ្រប់គ្រងស្ថាប័ន និងការសិក្សាស្រាវជ្រាវនៅក្នុងស្ថាប័នឧត្ដមសិក្សា៕
