មន្ទីរ​សុខាភិបាល​ខែត្រ​សៀមរាប​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផ្តាសាយ​ថ្មី

2009-10-29

មន្ត្រី​ភ្នាក់ងារ​សុខាភិបាល​ខេត្ត​សៀមរាប​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​មហា​ជន​ឲ្យ​បាន​យល់​ដឹង​ពី​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ដែល​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​កំពុង​គំរាម​កំហែង​ពិភពលោក​ផង​នោះ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ ដែល​នឹង​ត្រៀម​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ស្ទឹង​សៀមរាប​នា​ពេល​ខាង​មុខ​នេះ។

AFP/TANG CHHIN SOTHY

អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។

លោក ធាង សុខទ្រី មន្ត្រី​ទទួល​បន្ទុក​ទប់​ស្កាត់​ជំងឺ​ឆ្លង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​តុលា ថា មន្ត្រី​ភ្នាក់ងារ​សុខភាព​របស់​លោក​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ហើយ​ដោយ​មាន​រថយន្ត​ចល័ត​ជាមួយ​នឹង​ផ្ទាំង​ផូស្ទ័រ (Poster) និង​រូបភាព​ជាដើម​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​ក្នុង​ចំណោម​មហា​ជន​កុះករ​ដែល​នឹង​មក​ចូលរួម​និង​លេង​កម្សាន្ត​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) និង​ចេះ​ការពារ​ផង។

លោក ធាង សុខទ្រី បាន​បញ្ជាក់​ថា ៖ «ជា​គោលការណ៍​របស់​ថ្នាក់​ជាតិ​បាន​ត្រៀម​លក្ខណៈ​ការពារ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សុវត្ថិភាព​សុខភាព​ប្រជាជន​យើង​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​កក​កុញ។ ការ​ផ្សព្វផ្សាយ​នោះ​យើង​បាន​បន្ថែម​ទៅ​លើ​ផូស្ទ័រ​មាន​រូបភាព​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ទទួល​យក​រូបភាព​នោះ​មើល ដើម្បី​ទទួល​ការ​យល់​ដឹង​និង​ត្រៀម​លក្ខណៈ​ការពារ​បាន»

មន្ត្រី​មន្ទី​រសុខាភិបាល​ខេត្ត​សៀមរាប​បាន​អំពាវនាវ​ឲ្យ​មហា​ជន​ដែល​នឹង​មក​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ក្នុង​ចំណោម​មនុស្ស​ច្រើន​កុះករ​គេ​មិន​អាច​ដឹង​ច្បាស់​ថា តើ​អ្នក​ណា​ម្នាក់​អាច​មាន​ផ្ទុក​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) នោះ​ទេ ហើយ​ចំពោះ​អ្នក​មាន​ជំងឺ​ផ្តាសាយ​ត្រូវតែ​មាន​ពាក់​ម៉ាស​ការពារ​ឬ​ក៏​ត្រូវ​សម្ងំ​នៅ​ក្នុង​ផ្ទះ។

មន្ត្រី​សុខាភិបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា គេ​បាន​តាមដាន​ឃើញ​ថា ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​បាន​កើន​ឡើង​នៅ​ខេត្ត​សៀមរាប​ចាប់​ពី​ចុង​ខែ​កញ្ញា​និង​ដើម​ខែ​តុលា​នេះ ដោយ​គេបាន​រក​ឃើ​ញ​ថា អ្នក​សង្ស័យ​មាន​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ជា​ជន​បរទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២០​នាក់​ហើយ​រយៈពេល​២​-​៣​ខែ​មក​នេះ។

លោក សុខ ទូច ប្រធាន​នាយកដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​យល់​ដឹង​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ចំពោះ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) ពីព្រោះ​ឱកាស​នៃ​ការ​ឆ្លង​គឺ​មិន​មែន​ត្រឹម​តែ​ក្នុង​ពេល​បុណ្យ​ទាន​ដែល​មាន​មនុស្ស​កុះករ​នោះ​ទេ សូម្បី​តែ​នោះ​ក្នុង​ទីផ្សារ​នៃ​ប្រជុំ​ជន​ក៏​ជំងឺ​ប្រភេទ​នេះ​អាច​ឆ្លង​បាន​ដោយ​ងាយ។

លោក សុខ ទូច បាន​អះអាង​ថា ៖ «បញ្ហា​នេះ​គឺ​ថា យើង​ត្រូវតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា។ វីរុស​ហ្នឹង​ជា​វីរុស​ថ្មី ហើយ​វា​ដូរ​ទៅ​ជា​ប្រភេទ​ថ្មី​ទៀត គឺ​យើង​មិន​អាច​ដឹង​មុន​បាន​ទេ ព្រោះ​ខែ​ខាង​មុខ​ជា​រដូវ​ត្រជាក់​ដែល​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែល​យើង​កើត​មាន​ប្រចាំ​រដូវ គឺ​ថា​អាច​កើត​ឡើង ដូច្នេះ​អាច​ជា​លក្ខណៈ​អវិជ្ជមាន​មួយ​ដែរ​ដែល​ថា បង​ប្អូន ឧបមា​ថា​ឃើញ​កើត​ផ្ដាសាយ​ច្រើន គាត់​ថា​អា​ហ្នឹង​ផ្ដាសាយ​ធម្មតា ហើយ​ឱកាស​នៃ​ការ​ចម្លង​ជា​បច្ចេកទេស​គឺ​ថា មិន​មែន​ត្រឹម​តែ​ក្នុង​ពេល​បុណ្យ​ទាន​ទេ ក្នុង​ទីផ្សារ នៅ​ក្នុង​ទី​ណា​ក៏​ដោយ»

របាយការណ៍​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មិថុនា​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​កើត​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ចំនួន​ជាង​២៣០​នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A(H1N1) នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី

សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​A(H1N1)​នឹង​មក​ដល់​កម្ពុជា​ខែ​ក្រោយ

មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

WHO​និង​​អាជ្ញាធរ​​ត្រៀម​ចែក​ខិត្តប័ណ្ណ​អប់រំ​ពី​​ផ្ដាសាយ​ថ្មី​ក្នុង​ពិធី​បុណ្យ​អុំទូក

ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​គ្រុន​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា

WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា