លោក សុខ ទូច ប្រធាននាយកដ្ឋានការពារជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា អ្នកស្លាប់ទី៦នេះជាកុមាររស់នៅខេត្តសៀមរាប ហើយការឆ្លងរបស់កុមារនេះមិនមែនមកពីធ្វើដំណើរទៅក្រៅប្រទេសទេ វាជាការឆ្លងនៅក្នុងស្រុក។
លោក សុខ ទូច បានបញ្ជាក់ថា ៖ «ជាកុមារនៅសៀមរាប ខុសៗគ្នា ព្រោះយើងមានការចម្លងសហគមន៍ យើងអត់មានការចម្លងជាលក្ខខណ្ឌមកពីក្រៅទេ»។
របាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃទី១៧ ធ្នូ បានឲ្យដឹងថា មកទល់នឹងបច្ចុប្បន្ននៅកម្ពុជាមានអ្នកកើតជំងឺផ្តាសាយប្រភេទថ្មីចំនួន ៥៣១ករណីនោះ រស់នៅក្នុងរាជធានី ខេត្តចំនួន ១៣ នៅក្នុងចំណោមខេត្តក្រុង ២៤ ទូទាំងប្រទេស។
ទាក់ទងជាមួយថ្នាំជាវ៉ាក់សាំងចាក់ការពារមេរោគគ្រុនផ្តាសាយបង្កដោយមេរោគ A(H1N1) នេះ លោក សុខ ទូច បានឲ្យដឹងថា កម្ពុជាបានទទួលការសន្យាផ្តល់វ៉ាក់សាំងឲ្យចាក់ការពារនោះចំនួន ៣០ម៉ឺនដូសពីអង្គការសុខភាពពិភពលោកនៅខែវិច្ឆិកា ប៉ុន្តែដោយសារមានការប្រែប្រួលមកទល់ពេលនេះកម្ពុជាមិនទាន់បានទទួលបានវ៉ាក់សាំងចាក់ការពារនោះនៅឡើយទេ។
លោក សុខ ទូច បានមានប្រសាសន៍ថា ៖ «លើកទី១ ប្រហែលជា ៣០ម៉ឺន(ដូស) ប៉ុន្តែមិនទាន់បានទទួលទេ យើងអត់ទាន់ច្បាស់ទេ ព្រោះកាលណោះមានការកែប្រែ ដូច្នេះមកទល់នឹងពេលនេះ ខ្ញុំមិនទាន់ដឹង ថាតើដូសដែលមកយើងហ្នឹងជារបស់ក្រុមហ៊ុនណាមួយទេ!»។
ទាក់ទងជាមួយវិធានការការពារតទៅមុខទៀត លោក សុខ ទូច បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជានៅតែខិតខំអប់រំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរស់នៅដោយមានការប្រុងប្រយ័ត្ន។
លោក សុខ ទូច បានឲ្យដឹងថា ៖ «យើងនៅតែសូមសំណូមពរឲ្យមានការពង្រឹងនិងការតាមដាន គឺថា ទាំងការការពារនិងការព្យាបាល ជាពិសេសការរៀបចំនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ហើយថ្នាក់ដឹកនាំក្រសួងក៏បានផ្ញើលិខិតឲ្យក្រុមថែទាំបន្ទាន់របស់យើងនៅតាមខេត្ត ឲ្យធ្វើការរាយការណ៍ចំពោះករណីដែលសម្រាកក្នុងមន្ទីរពេទ្យ ហើយមានផ្លូវដង្ហើម ដើម្បីយកវត្ថុស្នាមមកវិភាគនៅថ្នាក់កណ្ដាលយើងនេះ»។
ធនាគារពិភពលោកប្រទេសសហគមន៍អឺរ៉ុបនិងប្រទេសជប៉ុន បានផ្តល់ប្រាក់ប្រមាណ ១១លានដុល្លារ ដើម្បីឲ្យប្រទេសកម្ពុជាយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់ការរីកសាយនៃជំងឺផ្តាសាយប្រភេទថ្មី A(H1N1) នេះ៕
