អ្នក​ឆ្លង​មេរោគ​គ្រុន​ផ្ដាសាយ​A(H1N1)​កើន​ដល់​៥៤៤​ករណី

មន្រ្តី​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​មេរោគ​គ្រុនផ្ដាសាយ A(H1N1) បាន​កើន​ឡើង​ដល់​ចំនួន​៥៤៤​ករណី​ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ។

លោក លី សូវ៉ាន់ ជា​អនុ​ប្រធាន​នាយករដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​កើត​ជំងឺ​ផ្តាសាយ A(H1N1) បាន​កើន​ទ្បើង​ចំនួន​៥៤៤​ករណី​នៅ​ក្នុង​សប្តាហ៍​នេះ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​គឺ​មាន​ចំនួន​៦​នាក់​ជា​ដដែល នៅ​ក្នុង​នោះ​មាន​ប្រុស​៣​នាក់​និង​ស្រី​៣​នាក់។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ថ្នាំ​វ៉ាក់សាំង​ចំនួន​ជាង​៣០​ម៉ឺន​ដូស ដែល​បាន​សន្យា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​បង្ការ​ជំងឺ​គ្រុន​ផ្តាសាយA(H1N1) នោះ នឹង​អាច​ត្រូវ​បាន​ពន្យារ​មក​ប្រទេស​កម្ពុជា រហូត​ដល់​ខែ​មករា ឬ​ខែ​កុម្ភៈ ឆ្នាំ​២០១០ គឺ​ដោយសារ​តែ​បញ្ហា​រដ្ឋបាល ការ​ដឹក​ជញ្ជូន​និង​ការងារ​បណ្តុះ​បណ្តាល​មន្រ្តី​សុខាភិបាល​ឲ្យ​យល់​ដឹង​បចេ្ចកទេស​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ។

លោក​បាន​អះអាង​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​រៀបចំ​សំណុំ​ឯកសារ​បែប​បទ​រដ្ឋបាល​ដើម្បី​ពន្លឿន​ឲ្យ​បាន​ឆាប់។

នៅ​ពេល​ណា​ថ្នាំ​វ៉ាក់សាំង​នោះ​បាន​មក​ដល់​ប្រទេស​កម្ពុជា គឺ​ក្រសួង​សុខាភិបាល​មាន​គម្រោងការ​ចាក់​ដោយ​មិន​យក​កម្រៃ​អ្វី​ទ្បើយ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើ​ការងារ​ជិត​ដិត​ជាមួយ​អ្នក​ជំងឺ A(H1N1) ក្រុម​ស្រ្តី​មាន​ផ្ទៃ​ពោះ​និង​កុមារ​មាន​អាយុ​៦​ខែ​ដល់​២​ឆ្នាំ៕