លោក សុខ ទូច ប្រធាននាយកដ្ឋានការពារជំងឺឆ្លងនៃក្រសួងសុខាភិបាលថ្លែងថា គេនៅមិនទាន់ដឹងនៅឡើយថា អង្គការសុខភាពពិភពលោកនឹងផ្តល់ឲ្យកម្ពុជាចំនួនប៉ុន្មាននៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ គេគិតថា នឹងមិនមានចំនួនគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់គ្នាឡើយ។
លោក សុខ ទូច មានប្រសាសន៍ដូច្នេះ ៖ «តាំងពីថ្ងៃ៣០ ខែមិថុនាមក គឺឯកឧត្ដមរដ្ឋមន្រ្តីលោកបានផ្ញើលិខិតសុំទៅភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការផ្គត់ផ្គង់នូវសម្ភារៈបរិក្ខារ ក៏ដូចជាវ៉ាក់សាំងក៏ដោយពីអង្គការសុខភាពពិភពលោក ហើយអង្គការសុខភាពពិភពលោកក៏បានទទួលរួចហើយ។ ថ្មីៗនេះទៀត យើងក៏បានទទួលដំណឹងថា អង្គការសុខភាពពិភពលោកនឹងផ្ដល់វ៉ាក់សាំងមកកម្ពុជាយើង។ យើងកំពុងតែរៀបចំយន្តការក្នុងស្រុក ដើម្បីទទួលនូវវ៉ាក់សាំងទាំងនោះនៅក្នុងខែក្រោយ ប៉ុន្តែចំនួនប៉ុន្មាន ឬមកដល់ពេលណាយើងមិនទាន់ដឹងទេ គេកំពុងរៀបចំនៅឡើយ ដូច្នេះខ្ញុំមិនទាន់បរិយាយបានទេ»។
ការស្នើសុំបានធ្វើឡើងក្រោយពីជំងឺគ្រុនផ្តាសាយប្រភេទថ្មី A(H1N1) បានរីករាលដាលមកដល់កម្ពុជា ដែលមកដល់ពេលនេះអ្នកកើតជំងឺគ្រុនផ្តាសាយ A(H1N1) សរុបចំនួន២០០ករណីហើយ ដែលក្នុងនោះមានមនុស្សចំនួន៣នាក់ស្លាប់ដោយសារតែជំងឺនេះ។
ខេត្តក្រុងទាំងនោះ មានក្រុងភ្នំពេញ កំពង់ស្ពឺ សៀមរាប ស្វាយរៀង តាកែវ កណ្តាល និងបាត់ដំបង ត្រូវគេប្រកាសអំពីការរីករាលដាលនៃជំងឺនេះ។
មន្ត្រីដដែលបង្ហើបថា ថ្វីត្បិតតែរបាយការណ៍ប្រចាំសប្តាហ៍បានបង្ហាញនូវតួលេខកើនឡើងពិតមែន ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនៅឡើយ ដែលលោកសុំឲ្យពលរដ្ឋព្យាយាមរក្សាអនាម័យជាប្រចាំ ដើម្បីគេចផុតពីជំងឺនេះ។
លោក សុខ ទូច បានឲ្យដឹងដូច្នេះ ៖ «ជារួមជំងឺផ្លូវដង្ហើមនៅយើងនេះវាមានការកើនឡើង ប៉ុន្តែកើនឡើងមិនមែនគំហុក ឧបមាថា អាទិត្យមុនយើង១៦១ ឥឡូវឡើង៥០០-៦០០នោះទេ។ យើងដាក់គ្រប់មន្ទីរពេទ្យហើយ ដូច្នេះយើងឃើញថា កម្រិតហ្នឹងនៅទាបនៅឡើយទេ។ បើថាឈឺច្រើនគ្រប់គ្នា មិនបានមកធ្វើតេស្ដក៏ដោយ ប៉ុន្តែជំងឺឈឺធ្ងន់គាត់នៅតាមគ្រប់ពេទ្យអស់ហើយ យើងអាចឃើញ ប៉ុន្តែឥឡូវកម្រិតហ្នឹងនៅទាបទេ»។
ជំងឺគ្រុនផ្តាសាយ A(H1N1) ត្រូវបានគេប្រកាសករណីដំបូងបង្អស់នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ចាប់ផ្តើមដោយក្រុមនិស្សិតមួយក្រុម ធ្វើដំណើរមកពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។ មកដល់ពេលនេះ ការចម្លងត្រូវបានក្រុមមន្ត្រីជំនាញអះអាងថា កើតមានឡើងវិលវល់នៅក្នុងស្រុក៕
