គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានជំរុញឲ្យអ្នកគាំទ្រសេចក្ដីអំពាវនាវសុំដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ឱ្យមានសេរីភាពវិញនោះ សរសេរលិខិតរួមគ្នាផ្ញើទៅកាន់មេដឹកនាំរដ្ឋាភិបាលសំខាន់មួយចំនួន។ ក្នុងនោះ គឺផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
លិខិតនេះក៏បានបញ្ជាក់ដែរថា គណៈកម្មការសិទ្ធិមនុស្សអាស៊ី (AHRC) សុំឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងស៊ើបអង្កេតករណីជនជាប់ចោទទាំងពីរឡើងវិញឲ្យបានត្រឹមត្រូវ ដោយផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
គណៈកម្មការសិទ្ធិមនុស្សអាស៊ី ក៏បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកើតឡើងថ្មីៗជាបន្តបន្ទាប់ ដែលរដ្ឋាភិបាលកម្ពុជា បានចាប់ឃុំខ្លួនស្ត្រីពីរនាក់ដែលចេញមុខយ៉ាងសកម្ម តវ៉ាក្នុងជម្លោះដីធ្លីនៅសហគមន៍បឹងកក់ និងបុរីកីឡា។ សកម្មភាពនេះត្រូវអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុក និងសង្គមស៊ីវិល ចាត់ទុកថា គឺរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីបំបិទមាត់ជនរងគ្រោះមិនឲ្យហ៊ានចេញមុខតវ៉ា និងបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន និងរដ្ឋាភិបាល។
អ្នកទាំងពីរជាសកម្មជនតំណាងឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលទាមទារសំណងផ្ទះសម្បែង ដែលរងផលប៉ះពាល់ដោយរដ្ឋាភិបាលផ្ដល់ដីពីរកន្លែងទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍។
អ្នកស្រី យ៉ោម បុប្ផា គឺជាសកម្មជនម្នាក់ក្នុងចំណោមក្រុមស្ត្រីជាច្រើននាក់នៅតំបន់បឹងកក់ ដែលនាំគ្នាតវ៉ា និងទាមទារសុំឲ្យមានដំណោះស្រាយក្នុងរឿងទំនាស់ដីធ្លី រវាងអ្នកភូមិបឹងកក់ និងក្រុមហ៊ុនស៊ូកាគូ (Shukaku)។
អ្នកស្រី យ៉ោម បុប្ផា អាយុ ២៩ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី៤ ខែកញ្ញា ក្រោមបទចោទថា បានប្រព្រឹត្តបទល្មើសបង្កអំពើហិង្សាដោយចេតនា។ មួយថ្ងៃក្រោយមក តុលាការបានចាប់ខ្លួនអ្នកស្រី ទឹម សាក់មុន្នី ក្រោមបទល្មើសញុះញង់អ្នកដទៃឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
អ្នកស្រី ទឹម សាក់មុន្នី អាយុ ៦៥ឆ្នាំ គឺជាសកម្មជនមួយរូបដែលបានតស៊ូទាមទារសុំឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ពន្លឿនការដោះស្រាយប្រគល់អគារពីរបន្ថែមទៀតដល់អតីតអ្នកភូមិបុរីកីឡា ជាង ១០០គ្រួសារ ដែលបច្ចុប្បន្នពុំមានទីជម្រកស្នាក់នៅនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។