ថ្នាំ​បង្ការ​មេរោគ​អេដស៍​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ

ថ្នាំ​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍​លើក​ទី​មួយ​ឈ្មោះ ទ្រូវ៉ាដា (Truvada) គ្រូ​ពេទ្យ​រំពឹង​ថា នឹង​ត្រូវ​អ្នក​ជំនាញ​ចេញ​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ។

ដំណឹង​អំពី​ថ្នាំ​បង្ការ​ថ្មី​នេះ គឺ​ជា​ការ​ត្រាយ​ផ្លូវ​មួយ ទៅ​រក​ភាព​ជោគជ័យ​ធំ​មួយ ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ រយៈ​ពេល ៣០ ឆ្នាំ​កន្លង​មក។

អគ្គ​លេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​វេជ្ជបណ្ឌិត ហោ ប៊ុនឡេង ថ្លែង​ថា ថ្នាំ ទ្រូវ៉ាដា ជា​ប្រភេទ​ថ្នាំ​បង្ការ​មួយ។

លោក​ថា គណៈកម្មការ​ប្រឹក្សា​ផ្នែក​គ្រប់គ្រង​ចំណី​អាហារ និង​ឱសថ សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា អេហ្វ.ឌី.អេ (FDA) ប្រជុំ​ពិភាក្សា​គ្នា អំពី​ថ្នាំ​ថ្មី​នេះ ២ លើក​រួច​មក​ហើយ។

ក៏​ប៉ុន្តែ គណៈកម្មការ អេហ្វ.ឌី.អេ នៅ​មិន​ទាន់​សម្រេច​អនុញ្ញាត​ឱ្យ​ចេញ​ប្រើប្រាស់​នៅ​ឡើយ​ទេ។ លោក​រំពឹង​ថា គណៈកម្មការ​នេះ​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​នេះ៕