អ្នក​ផ្ទុក​មេ​រោគ​អេដស៍​២០​គ្រួសារ​ត្រូវ​ជម្លៀស​ចេញ​ពី​បុរី​កីឡា

អ្នក​ផ្ទុក​មេរោគ​អេដស៍​រស់​នៅ​បុរី​កីឡា​មួយ​ចំនួន​បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​តម្រូវ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ទៅ​រស់​នៅ​ទីតាំង​ថ្មី​នៅ​ឯ​ជាយ​ក្រុង​ភ្នំពេញ។

0:00 / 0:00

ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២០​គ្រួសារ​ក្នុង​ចំណោម​៣១​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​រើ​អីវ៉ាន់​និង​ចាក​ចេញ​តាម​រថយន្ត​ដឹក​ទំនិញ​ពី​ផ្ទះ​សម្បែង​ដែល​ពួក​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​បរិវេណ​នៃ​ក្រសួង​ទេសចរណ៍​នៅ​បុរី​កីឡា​ដើម្បី​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី​ស្ថិត​ក្នុង​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ​ខាង​លិច​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មិថុនា​នេះ។

ស្ត្រី​ម្នាក់​ដែល​រូប​គាត់​និង​ស្វាមី​របស់​គាត់​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ គឺ​អ្នកស្រី តួត ឆៃ​រ៉ន បាន​ថ្លែង​ថា ពួក​គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ទៅ​កាន់​ទីតាំង​ថ្មី​ទាំង​តក់​ក្រហល់ ព្រោះ​ពួក​គាត់​គ្មាន​ជម្រើស ៖ «ពេល​ដែល​ទៅ​ប្រជុំ​ពី​ម្សិល​មិញ​ដល់​សាលាក្រុង ជួប​ឯកឧត្ដម ម៉ាន់ ឈឿន ហ្នឹង គាត់​ប្រាប់​ថា ២​អាទិត្យ​ទៀត​បាន​ឲ្យ​ពួក​ខ្ញុំ ២០​គ្រួសារ​ហ្នឹង​រើ​ចេញ ស្រាប់​ដល់​ពេល​ព្រឹក​មិញ​ម៉ោង ៨​ព្រឹក គេ​ទូរស័ព្ទ​មក​ឲ្យ​ពួក​ខ្ញុំ​ទៅ​ដល់​ខណ្ឌ ស្រាប់​តែ​ត្រឡប់​ពី​ខណ្ឌ​មក​វិញ​គេ​ឲ្យ​រើ​ចេញ​តែ​ម្ដង។ អ៊ីចឹង​ខ្ញុំ​អត់​មាន​ប្រុង​ប្រយ័ត្ន​រៀបចំ​អី​សោះ ទៅ​ដោយ​អត់​មាន​ព្រលឹង​ទេ»

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ លោក សូ ម៉ារ៉ា បាន​មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​ការ​ឲ្យ​ចាក​ចេញ​ដោយ​បង្ខំ​នោះ​ទេ តែ​ជា​ការ​ដោះដូរ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត ដោយ​រដ្ឋាភិបាល​បាន​គិតគូរ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ជា​ចម្បង​អំពី​បញ្ហា​សុខភាព​និង​សុវត្ថិភាព​សម្រាប់​ពួក​គាត់​ខណៈ​ដែល​ការ​សាងសង់​អគារ​ថ្មី​នៃ​ក្រសួង​ទេសចរណ៍​កំពុង​តែ​ប្រព្រឹត្ត។

លោក សូ ម៉ារ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គឺ​ជា​ការ​ផ្ទេរ​លំនៅ​របស់​បង​ប្អូន​ពី​កន្លែង​តូច​ចង្អៀត លំបាក នៅ​ក្នុង​ការដ្ឋាន​សាង​សង់​របស់​ក្រសួង​ទេសចរណ៍ ដែល​យើង​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​៩ ជា​ថ្ងៃ​បុណ្យ​ទេសចរណ៍​ពិភព​លោក ហើយ​យើង​នឹង​អញ្ជើញ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភព​លោក​មក​ធ្វើ​ពិធី​សម្ពោធ​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល»

រីឯ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សម្ព័ន្ធ​ខ្មែរ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ការ​ដែល​អាជ្ញាធរ​បញ្ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឲ្យ​ទៅ​រស់នៅ​កន្លែង​ថ្មី ហាក់​ដូច​ជា​យក​ពួក​គាត់​បំបរ​បង់​ចោល​យ៉ាង​ដូច្នោះ ៖ «ការ​ជម្លៀស​ប្រជា​ពលរដ្ឋ ២០​គ្រួសារ​ដែល​មាន​ជំងឺ​ចេញ​ពី​បុរី​កីឡា​នេះ វា​ជា​រឿង​មួយ​ដែល​ប្រជា​ពលរដ្ឋ​ទាំង​អស់​ជួប​ផល​វិបាក។ ទី​១ លំនៅ​ថ្មី​ដែល​ប្រជា​ពលរដ្ឋ​ទៅ​រស់​នៅ​ហ្នឹង ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា​ទឹក​ស្អាត​និង​ភ្លើង ដែល​យើង​ឃើញ​ជាក់​ស្ដែង។ ហើយ​ទីតាំង​ដែល​រស់​នៅ​ហ្នឹង គឺ​មាន​សភាព​ជា​ស័ង្កសី បាន​ន័យ​ថា ក្ដៅ​សម្រាប់​ពួក​គាត់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ពួក​គាត់​ដែល​កំពុង​តែ​មាន​រោគ​ដូច្នេះ​ផង គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​គាត់​ខ្លាំង​ណាស់»

ជុំវិញ​បញ្ហា​នេះ កាល​ពី​ថៃ្ង​ទី​៩ ខែ​មេសា​កន្លង​ទៅ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្តី​ថែ្លងការណ៍​មួយ​ដោយ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​សាលា​រាជ​ធានី​ភ្នំពេញ​បញ្ឈប់​ផែនការ​ជម្លៀស​ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទៅ​កាន់​តំបន់​ជាយ​ក្រុង​ព្រោះ​នៅ​ទីនោះ​ពុំ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សមស្រប​ដូច​ជា ភ្លើង​អគ្គិសនី ទឹក​ស្អាត ហើយ​ជា​ពិសេស​នោះ​ គឺ​ឆ្ងាយ​ពី​មណ្ឌល​សម្រាប់​សេវា​ថែទាំ​សុខភាព​របស់​ពួក​គាត់៕