អង្គការសង្គមស៊ីវិលចំនួន៤ ដែលធ្វើការពាក់ព័ន្ធនឹងជំងឺអេដស៍នៅកម្ពុជា កាលពីល្ងាចថ្ងៃសៅរ៍ ទី៦ កញ្ញា បានអំពាវនាវឲ្យមានការចូលរួមពេញលេញរបស់អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងដំណើរការរៀបចំនិងការធ្វើសេចក្ដីសម្រេចចិត្តក្នុងសន្និសីទជាតិស្ដីពីជំងឺអេដស៍។
បុរសផ្ទុកមេរោគអេដស៍អង្គុយលើរទេះនៅឯមណ្ឌលថែទាំអ្នកជំងឺអេដស៍ក្នុងខែត្រតាកែវ នាថ្ងៃទី ៣០ វិច្ឆិកា ២០០៤។
អង្គការសង្គមស៊ីវិលចំនួន៤នោះ រួមមាន សម្ព័ន្ធប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងមេរោគអេស៍/ ជំងឺអេដស៍ ហៅកាត់ថា CACHA សហគមន៍ស្ត្រីផ្ទុកមេរោគអេដស៍/ជំងឺអេដស៍កម្ពុជា (CCW) អង្គការស្ត្រីនៃក្ដីសង្ឃឹម (PWHO) និងបណ្ដាញការងារស្ត្រីរួបរួមគ្នា (WNU)។
មន្ត្រីសម្របសម្រួលនៃសម្ព័ន្ធប្រជាជនកម្ពុជា ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ លោក ហេង សម្បត្តិ បានឲ្យដឹងថា មិនមានអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ណា ត្រូវបានគេដាក់បញ្ចូលក្នុងរចនាសម្ព័ន្ធនៃសន្និសីទជាតិលើកទី៣ ស្ដីពីជំងឺអេដស៍ ដែលនឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃពីថ្ងៃទី១០ ដល់១២ កញ្ញា ឆ្នាំ២០០៨ នៅឯសាលចតុមុខ ដែលនឹងរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នោះឡើយ។
លោក ហេង សម្បត្តិ បានអះអាងថា មានតែអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍តែប៉ុណ្ណោះ ដែលយល់ច្បាស់ពីតម្រូវការនិងបញ្ហារបស់ពួកគាត់។
លោក ហេង សម្បត្តិ មានប្រសាសន៍ថា ៖ «ដូច្នេះ យើងខ្ញុំមិនមែនជាអ្នករងគ្រោះ ជាជនរងគ្រោះ ខ្ញុំចង់បានឱកាសចូលរួមដំណើរការរៀបចំ[សន្និសីទជាតិ]នេះ ដើម្បីចែករំលែក ឬមួយក៏ផ្ដល់បញ្ហាជាអនុសាសន៍ ជាមតិយោបល់ ទាក់ទងទៅនឹងបញ្ហាជាក់ស្ដែងរបស់យើងខ្ញុំទាំងអស់គ្នា ដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍...»។
អង្គការសង្គមស៊ីវិលទាំង៤ បានរិះគន់ថា ការមិនមានការចូលរួមរបស់អ្នកផ្ទុកមេរោគ/ជំងឺអេដស៍ គឺផ្ទុយទៅនឹងគោលការណ៍ណែនាំអនុវត្តច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ដែលចេញដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ហើយដែលតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មនិងពេញលេញរបស់អ្នកមានមេរោគអេដស៍/ជំងឺអេដស៍ ក្នុងគ្រប់វិស័យ រួមមានការបង្កើត ការផ្សព្វផ្សាយ និងការវាយតម្លៃលើគោលនយោបាយនិងកម្មវិធីសម្រាប់ការបង្ការព្យាបាល ការថែទាំ និងគាំទ្រអ្នកជំងឺអេដស៍។
ឆ្លើយតបទៅនឹងការអំពាវនាវនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក តែង គន្ធី បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលទាំងនោះ គួរតែចូលរួមជាមួយនឹងគណៈកម្មការសម្របសម្រួលប្រយុទ្ធប្រឆាំងជំងឺអេដស៍ (HACC) ដែលតំណាងឲ្យអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធនឹងជំងឺអេដស៍ ហើយដែលនឹងចូលរួមក្នុងសន្និសីទជាតិស្ដីពីជំងឺអេដស៍នោះ។
លោក តែង គន្ធី មានប្រសាសន៍ថា ៖ «HACC ជាតំណាងសង្គមស៊ីវិលដែលធ្វើការងារអេដស៍ អ៊ីចឹងបើយកល្អ ពួកគាត់ត្រូវតែត្រឡប់ចូលទៅគណៈកម្មការរបស់គេហ្នឹង ដើម្បីសម្របសម្រួលសង្គមស៊ីវិល ហើយយើងយកមកដាក់ជាតំណាង»។
អង្គការសង្គមស៊ីវិលទាំង៤ បានឲ្យដឹងថា ក្នុងចំណោមបុគ្គលិកចំនួន ៣.៥៧៦នាក់នៃអង្គការជាតិនិងអន្តរជាតិ ចំនួន ១៧០អង្គការ ដែលធ្វើការលើជំងឺអេដស៍ មានបុគ្គលិកដែលជាអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ តែ១៩០នាក់ប៉ុណ្ណោះ ហើយថា ក្នុងចំណោមបុគ្គលិកស្ម័គ្រចិត្តចំនួន ២៥.៦៩៣នាក់នៃអង្គការទាំងនោះ មានបុគ្គលិកស្ម័គ្រចិត្តចំនួនតែ ៣៤៦នាក់ប៉ុណ្ណោះ។
អង្គការទាំងនោះ បានឲ្យដឹងទៀតថា សព្វថ្ងៃ មានអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ចំនួន ៦៧.២០០នាក់ ដែលក្នុងនោះមានមនុស្ស ២៥.៣៥៣នាក់ កំពុងទទួលបានសេវាផ្ដល់ថ្នាំពន្យារ៕
អ្នកភូមិជនជាតិដើមម្នាក់ស្លាប់ដោយសារជំងឺអាសន្នរោគនៅរតនគិរី
មនុស្ស៤នាក់ស្លាប់ដោយសារជំងឺរាកនៅកំពង់ស្ពឺ
ជំងឺរាករូសរាតត្បាតនៅខេត្តកំពង់ស្ពឺ
អ្នកភូមិនៅព្រៃវែងបារម្ភខ្លាចជំងឺអាសន្នរោគរាតត្បាត
ក្រុមហ៊ុនវៀតណាមចង់មកផលិតឱសថបុរាណនៅកម្ពុជា
ក្រសួងមហាផ្ទៃដាក់បំរាមមិនឲ្យមន្ត្រីរាជការជក់បារីនៅកន្លែងធ្វើការ
អ្នកស្រុកសេសានត្រូវការធុងចម្រោះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជាបន្ទាន់
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.