លោក សុន ឆ័យ ថា​កិច្ច​ប្រជុំ AIPA ចំណាយ​ថវិកា​ច្រើន តែ​មិន​បាន​ផល

ឥស្សរជន​នយោបាយ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ចាត់​ទុក​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ថា​បាន​នាំ​ឲ្យ​ខាត​ថវិកា​ជាតិ​ចោល​អត់​ប្រយោជន៍។

0:00 / 0:00

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ហៅ​កិច្ច​ប្រជុំ​អន្តរ​សភា​អាស៊ាន លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ២០១១ ថា​មិន​ចំណេញ​អ្វី​ដល់​កម្ពុជា​នោះ​ទេ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ថវិកា​ប្រមាណ ១,៣​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ស្នើ​សុំ ១,៩​លាន​ដុល្លារ​អាមេរិក សម្រាប់​រៀបចំ​មហា​សន្និបាត ឬ​កិច្ច​ប្រជុំ AIPA លើក​ទី​៣២ នៅ​កម្ពុជា។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ។ លោក​ចាត់​ទុក​កិច្ច​ប្រជុំ AIPA ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ នា​ទីក្រុង​ភ្នំពេញ ថា​មិន​អាច​ជំរុញ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​បាន​ប្រសើរ​នោះ​ទេ។

លោក​បន្ត​ថា កិច្ច​ប្រជុំ​នេះ អាច​និយាយ​ថា កម្ពុជា​ចាយ​ថវិកា​ជាតិ​ចោល​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។ ប៉ុន្តែ​លោក​ថា កិច្ច​ប្រជុំ AIPA នេះ លោក​នឹង​លើក​បញ្ហា​ប្រឈម​របស់​កម្មករ-កម្មការិនី​ខ្មែរ យក​ទៅ​ជម្រាប​ជូន​កិច្ច​ប្រជុំ​បាន​ដឹង ក្នុង​អំឡុង​កិច្ច​ប្រជុំ ៖ «កិច្ច​ប្រជុំ AIPAនេះ តាម​កម្មវិធី​រៀបចំ គឺ​គ្រាន់​តែ​ជា​ការ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​មក​ចូល​រួម​ទទួល​បាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត គឺ​អស់​ទឹក​ប្រាក់​ច្រើន​ណាស់។ ឯ​ខ្លឹម​សារ​នៃ​ការ​ប្រជុំ AIPAនេះ យើង​ឃើញ​ហើយ​គឺ​មាន​ចេញ​ជា​សេចក្ដី​ប្រកាស​ជា​ច្រើន ក៏​ប៉ុន្តែ​សកម្មភាព​ជំរុញ​ឲ្យ​មាន​ការ​នាំ​ដល់​ភាព​ប្រសើរ​ឡើង​នៃ​ប្រទេស​ក្នុង​សហគមន៍​ដូច​ជា​វិស័យ​សិទ្ធិ​មនុស្ស វិស័យ​ការ​គោរព​ច្បាប់ វិស័យ​នៃ​ការ​ពង្រឹង​រដ្ឋបាល ឲ្យ​មាន​ការ​បម្រើ​ប្រជា​រាស្ត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ ហាក់​ដូច​ជា AIPA មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ»

មិន​ខុស​គ្នា​ទេ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​បាន​ថ្លែង​ថា មិន​បាន​គាំទ្រ​កិច្ច​ប្រជុំ AIPA ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពេល​នេះ​ទេ។

លោក កឹម សុខា បាន​ហៅ​កិច្ច​ប្រជុំ AIPA ថា​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល ដើម្បី​លើក​មុខ​មាត់​បក្ស​កាន់​អំណាច ប៉ុន្តែ​មិន​បាន​បម្រើ​ប្រយោជន៍​ពល​រដ្ឋ និង​សង្គម​ជាតិ​នោះ​ទេ ៖ «យើង​ឃើញ​ថា ការ​ប្រជុំ​ថ្នាក់​អន្តរ​ជាតិ​ទាំង​ឡាយ ដែល​រៀបចំ​ក្នុង​ដំណាក់​កាល​គណ​បក្ស​ប្រជា​ជន​កាន់​អំណាច​ពេញ​ទី​នេះ គឺ​គេ​ធ្វើ​គ្រាន់​តែ​បង្ហាញ​មុខ​គ្នា​គេ​តែ​ប៉ុណ្ណឹង​ទេ គេ​អត់​ប្រមូល​ពហុ​បក្ស​យក​ទៅ​ទេ។ អង្គ​ប្រជុំ​១ ដែល​ជា​លក្ខណៈ​អន្តរ​ជាតិ​ពិត​ប្រាក​ដដែល​មាន​តម្លៃ​ទាល់​តែ​បើក​ឱកាស​ឲ្យ​គ្រប់​គណ​បក្ស​មាន​អាសនៈ​ក្នុង​សភា​បញ្ចេញ​ទស្សនៈ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ជា​មួយ​គ្នា។ ហើយ​បើ​ការ​រៀបចំ​ការ​ចាត់​ចែង​ចង់​លិច​មុខ​លិច​មាត់​តែ​ខ្លួន​ឯង​ពួក​យើង​ខ្ញុំ​អត់​ស្វាគមន៍​ទេ»

ទោះ​យ៉ាង​ណា លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ AIPA នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​៤​ចំណុច។ ចំណុច​ទាំង​៤ រួមមាន សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ការ​ពង្រឹង​សហគមន៍ សន្តិសុខ នយោបាយ​អាស៊ាន តាម​រយៈ​បង្កើន​សហ​ប្រតិបត្តិការ និង​សមាហរណកម្ម​ក្នុង​តំបន់។ សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ត​ស្ដី​ពី​ការ​ជំរុញ និង​ការ​កសាង​សហគមន៍​ឲ្យ​មាន​ទំនុក​ចិត្ត​តាម​រយៈ​ភាព​រឹង​មាំ​នៃ​សាមគ្គីភាព​របស់​អាស៊ាន ដើម្បី​វិបុលភាព​ក្នុង​តំបន់។ សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​របាយ​ការណ៍​នៃ​កិច្ច​ប្រជុំ​អ្នក​នយោបាយ AIPA និង​របាយ​ការណ៍​នៃ​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ AIPA និង​អាស៊ាន នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨។

លោក ជាម យៀប បាន​បន្ត​ថា​កិច្ច​ប្រជុំ AIPA នឹង​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​អាស៊ាន ការ​ប្រែប្រួល​ធាតុអាកាស សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស តួនាទី​សមាជិក​សភា​នៃ​ប្រទេស​សមាជិក AIPA ក្នុង​ការ​ពន្លឿន​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍ​សហស្ស​វត្ស​ឱ្យ​បាន ក្នុង​ឆ្នាំ​២០១៥ ជា​ដើម។ លោក ជាម យៀប មាន​ជំនឿ​ថា​កិច្ច​ប្រជុំ AIPA លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់​ជា​មិន​ខាន។

មក​ទល់​ពេល​នេះ អន្តរ​សភា​អាស៊ាន ឬ AIPA មាន​សមាជិក​ចំនួន ១០​ប្រទេស។ សមាជិក​ទាំង​១០ មាន​ដូច​ជា​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​ក៏​មាន​បណ្ដា​ប្រទេស​ចំនួន​១១ ផ្សេង​ទៀត ជា​គណៈប្រតិភូ​នៃ​ប្រទេស​សង្កេត​ការណ៍​មាន​ដូច​ជា ប្រទេស​អូស្ត្រាលី កាណាដា សាធារណរដ្ឋ​ប្រជា​មានិត​ចិន សភា​អឺរ៉ុប និង​ឥណ្ឌា​ជា​ដើម។

លោក ជាម យៀប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សមាជិក AIPA ទាំង​១០​ប្រទេស ត្រូវ​បង់​ថវិកា​ប្រមាណ​បី​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។ រី​ឯ​ការ​ចំណាយ​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​ម្ដង​ៗ ប្រទេស​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​ស្រុង៕