លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងទៀតថា ចាប់តាំងពីមានការប្រកាសលទ្ធផលការបោះឆ្នោតមកទល់ពេលនេះ មិនមានការជួបប្រាស្រ័យទាក់ទងរវាងមន្រ្តីឬថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសមរង្ស៊ីដែលគណបក្សទាំងពីរជាគណបក្សទទួលបានកៅអីច្រើនជាងគេ ក្នុងការបោះឆ្នោតកន្លងមកនេះទេ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ដូចខ្ញុំនិយាយថ្ងៃមុនអ៊ីចឹង តំណែងប្រធានគណៈកម្មការទាំងអស់ គឺគណបក្សប្រជាជនកាន់កាប់។ បើគាត់អត់ទទួលស្គាល់លទ្ធផលបោះឆ្នោតផង យើងម៉េចនឹងនេះកើត»។
លោក សុន ឆ័យ សមាជិកជាន់ខ្ពស់របស់គណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា នៅក្នុងការកោះប្រជុំលើកទីមួយរបស់រដ្ឋសភាថ្មីខាងមុខនេះ គណបក្សសមរង្ស៊ីមិនចូលរួមប្រជុំទេ ព្រោះមិនមានការគោរពតួនាទីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។
លោក សុន ឆ័យ មានប្រសាសន៍ថា ៖ «វាត្រូវតែមានបែងចែកតួនាទីនៅក្នុងថ្នាក់ដឹកនាំសភា មានប្រធាន អនុប្រធាន គេមានការបែងចែក ទៅតាមចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបាន។ ហើយនិងគណៈកម្មការដូចគ្នាដែរ គេមានការបែងចែក ហើយការដឹកនាំសភា វាត្រូវតែប្រធានសភា គឺឈរលើគោលការណ៍អព្យាក្រឹត មិនមែនយកតួនាទីប្រធានសភាហ្នឹង ទៅបម្រើគណបក្សរបស់ខ្លួន ដូចកើតមាននៅក្នុងប្រទេសកម្ពុជាយើង ១៥ឆ្នាំ កន្លងមកនេះទេ។ ហើយម្យ៉ាងទៀត រឿងការសួរដេញដោលគណៈរដ្ឋមន្រ្តី ទោះបីជាមានច្បាប់ចែងពីការត្រូវសួរដេញដោល យើងមើលមើល៍ ១៥ឆ្នាំមកនេះ មានរដ្ឋមន្រ្តីមកឆ្លើយប៉ុន្មានដង។ តើយើងទទួលយកបានដែរឬទេ នៅក្នុងអ្វីដែលហៅថា របបប្រជាធិបតេយ្យ? ការដឹកនាំ ការពិតទៅជាលក្ខណៈប្រទេសដែលកាន់របបបក្សតែមួយ របបផ្ដាច់ការ។ មានមូលដ្ឋានអីដែលគណបក្សសមរង្ស៊ីត្រូវទៅចូលរួមបង្កើតសភានិងរដ្ឋាភិបាលមួយ ដែលធ្វើការផ្ទុយអំពីគោលការណ៍រដ្ឋធម្មនុញ្ញ»។
លោក សុន ឆ័យ បានមានប្រសាសន៍ឲ្យដឹងទៀតថា មកទល់ពេលនេះ ភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនានាកន្លងមកនេះ មិនបានដោះស្រាយមួយករណីណាទាល់តែសោះ ដូច្នេះហើយបានជាគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។
សូមជម្រាបថា នៅក្នុងសភាអាណត្តិទី៣ កន្លងមក នៅក្នុងចំណោមគណៈកម្មការជំនាញរបស់រដ្ឋសភាទាំង៩ គណបក្សសមរង្ស៊ី ដែលជាបក្សប្រឆាំងបានទទួលការបែងចែកឲ្យធ្វើជា ប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភាចំនួន២ គណបក្សហ៊្វុនស៊ិនប៉ិចបានចំនួន២ និងគណបក្សប្រជាជនកម្ពុជាកាន់កាប់ចំនួន៥តំណែង៕
