ក្រុមអ្នកវិភាគអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា បានសំដែងក្ដីព្រួយបារម្ភចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគណៈកម្មការចម្រុះរបស់ខ្លួន ដើម្បីស៊ើបអង្កេតបន្ថែមទៅលើឃាតកម្មរូបលោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថ លោក អ៊ិន រតនា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលដំណើរការអនុវត្តច្បាប់ បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលថា គួរផ្ដល់ភារកិច្ចនៃការស៊ើបអង្កេតករណីឃាតកម្មដ៏ធំមួយនេះទៅឲ្យខាងព្រះរាជអាជ្ញា ឬចៅក្រមស៊ើបអង្កេតសហការជាមួយក្រុមអ្នកជំនាញខាងការធ្វើកោសល្យវិច័យវិញ ទើបអាចមានការជឿទុកចិត្តជាង។
អនុសាសន៍របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងនៅបន្ទាប់ពីរដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិម ឈ្មោះ អ៊ិន រតនា ដើម្បីស្វែងរកការពិត និងយុត្តិធម៌។
គណៈកម្មការចម្រុះអនុញ្ញាតដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ នោះ រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈ រដ្ឋមន្រ្តី និងក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គណៈកម្មការចម្រុះរបស់រដ្ឋាភិបាលមួយនេះ អាចមានទំនាស់ផលប្រយោជន៍ក្នុងការរកយុត្តិធម៌ដល់ជនរងគ្រោះ ពីព្រោះមន្ត្រីនៃស្ថាប័នកងរាជអាវុធហត្ថជាស្ថាប័នមានជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះ។
កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោក ថុង ណារ៉ុង បានផ្ញើរបាយការណ៍ស៊ើបអង្កេតបឋមមកកាន់មេបញ្ជាការរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ សរសេរថា ឈ្មោះ ឈុត វុទ្ធី បានជេរប្រមាថតិះដៀលទៅលើកម្លាំងអាវុធហត្ថដែលនាំឲ្យឈ្មោះ អ៊ិន រតនា ទ្រាំពាក្យសំដីប្រមាថនេះពុំបាន ក៏មានការផ្ទុះអាវុធបាញ់ទៅលើឈ្មោះ ឈុត វុទ្ធី បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ហើយបន្ទាប់មកឈ្មោះ អ៊ិន រតនា បានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងមុខរថយន្ត។
របាយការណ៍នេះមានការទទួលស្គាល់ និងយល់ព្រមភ្លាមៗពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកាលពីថ្ងៃទី២៨ ខែមេសា លោកបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI)។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ប្រសិនបើមន្ត្រីកំពូលនៃកងរាជអាវុធហត្ថបានថ្លែងការណ៍ផ្អែកលើរបាយការណ៍នៃមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនប៉ុណ្ណឹង នោះអាចនាំឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ឃើញថា ដំណើរស៊ើបអង្កេតរបស់គណៈកម្មការចម្រុះរបស់រដ្ឋាភិបាល គឺអាចគ្រាន់តែដើម្បីបញ្ជាក់បន្ថែមឲ្យរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុង មានភាពស្របច្បាប់តែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលប្រតិកម្មថា ការទាមទារឲ្យមានគណៈកម្មការឯករាជ្យស៊ើបអង្កេតករណីឃាតកម្មលើសកម្មជនព្រៃឈើ គឺជាការវាយប្រហារមកលើរដ្ឋាភិបាល។
អនុប្រធាន និងជាអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល លោក ទិត្យ សុធា បានសម្ដែងការសោកស្ដាយចំពោះមតិរិះគន់ និងការវាយប្រហារទាំងឡាយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការស្វែងរកយុត្តិធម៌ និងការពិតដោយក្រុមអ្នកជំនាញៗ ដូចជាស្ថាប័នកងរាជអាវុធហត្ថ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ជាដើមនោះ។
លោក ទិត្យ សុធា បន្តថា គណៈកម្មការចម្រុះនេះបើកទ្វារចំហ និងស្វាគមន៍ ទទួលព័ត៌មាន ឬភស្តុតាងពីគ្រប់មជ្ឈដ្ឋាន។
បើទោះជាមានការអះអាងពីលោក ទិត្យ សុធា ថា ស្ថាប័នកងរាជអាវុធហត្ថជាស្ថាប័នដ៏មានជំនាញក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះក៏ដោយ លោក ប្រែត អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការអាស៊ី មិនជឿថា ស្ថាប័នមួយនេះមានឯករាជ្យក្នុងកិច្ចការរបស់ខ្លួន ក្នុងការស្រាវជ្រាវទង្វើនៃមន្ត្រីរបស់ខ្លួនដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មនោះដែរ។
លោក ប្រែត អាដាម៖ «ស្ថាប័នមួយនេះអាចមានជំនាញក្នុងការស៊ើបអង្កេត តែការស៊ើបអង្កេតនោះអាចមានភាពលំអៀង បើទោះបីជាពួកគេអះអាងថា មានជំនាញខាងធ្វើកោសល្យវិច័យ ដែលខ្ញុំមិនជឿនោះក៏ដោយ ក៏ស្ថាប័នមួយនេះមិនបានអនុញ្ញាតឲ្យធ្វើកិច្ចការរបស់ខ្លួនដោយឯករាជ្យនោះឡើយ។ ដូចលោកអ្នកបានដឹងស្រាប់ហើយថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាស្ថាប័នមួយដែលរងឥទ្ធិពលនយោបាយយ៉ាងខ្លាំង ហើយមេបញ្ជាការធំនៃស្ថាប័ននេះ ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀត។ ដូច្នេះយើងគ្មានហេតុផលអ្វីនឹងជឿថា កងរាជអាវុធហត្ថអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយឯករាជ្យក្នុងករណីនេះបានទេ»។
លោក ប្រែត អាដាម បានជំរុញឲ្យដំណើរការស៊ើបអង្កេតករណីឃាតកម្មនេះ គួរធ្វើឡើងយ៉ាងឯករាជ្យ ដោយក្រុមមនុស្ស ឬ ស្ថាប័នមួយដែលប្រជាពលរដ្ឋជឿទុកចិត្តថា មិនមានការជាប់ពាក់ព័ន្ធក្នុងបទឧក្រិដ្ឋនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
