ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលលោកកំពុងជិះម៉ូតូ ធ្វើដំណើរចេញពីខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីយកព័ត៌មានស្តីពីការប្រារព្ធទិវាសិទ្ធិមនុស្ស។
លោក វិជ័យ អានន្ទ ត្រូវបានអ្នកភូមិប្រទះឃើញសន្លប់នៅកន្លែងកើតហេតុ ក្នុងភូមិអូរព្រះ ហើយបានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍ឃុំអូរគ្រៀង។ ទោះជាយ៉ាងណាក្តី មិនមានសាក្សីណាមួយឃើញហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដែលសន្និដ្ឋានដោយនគរបាលមូលដ្ឋាននោះទេ។
គេនៅពុំទាន់ដឹងថា ហេតុការណ៍នោះកើតឡើងពិតប្រាកដយ៉ាងណានៅឡើយទេ រហូតមកដល់ពេលនេះ។
លោក វិជ័យ អានន្ទ ដំបូងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកឃុំអូរគ្រៀង និងទៅមន្ទីរពេទ្យខេត្តក្រចេះ។ បន្ទាប់មកត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ។ លោកកំពុងទទួលការព្យាបាលសង្រ្គោះ ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។
លោក វិជ័យ អានន្ទ មានភរិយា និងកូនប្រុសតូចម្នាក់ដែលទើបនឹងកើត។
វិទ្យុអាស៊ីសេរី បន់ស្រន់សូមឱ្យលោក វិជ័យ អានន្ទ បានឆ្លងផុតគ្រោះថ្នាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
