តួអត្ថបទកាសែតនៅប្រទេសលីបង់ ឈ្មោះ The Daily Star បានផ្សាយអត្ថបទមួយរាយការណ៍ដោយអ្នកកាសែតឈ្មោះលោក Denis Gray ថា បច្ចាមិត្តរបស់ប្រាសាទអង្គរ មិនមែនមានត្រឹមតែចំនួនទេសចរច្រើនកុះករហួសពេកនោះទេ។ ក្រុមហ៊ុនដែលមានភារកិច្ចគ្រប់គ្រងចាត់ចែងហាក់បីដូចជាមិនបានគិតដល់អនាគតប្រាសាទអង្គរសម្រាប់រាប់រយឆ្នាំទៅមុខទៀតនោះឡើយ។
លោក Jeff Morgan នាយកប្រតិបត្តិនៃមូលនិធិបេតិកភណ្ឌពិភពលោក ដែលមានទីចាត់ការនៅ ស.រ.អា. ពោលថា មិនគួរអនុញ្ញាតឲ្យទេសចរដើរលើថ្មប្រាសាទដែលមានអាយុយ៉ាងតិច ១ពាន់ឆ្នាំនោះទេ។ លោកថា រដ្ឋគួរកំណត់ចំនួនទេសចរមកទស្សនាប្រាង្គប្រាសាទអង្គរ ព្រោះថា ចំនួនច្រើនលើសលប់គួបផ្សំនឹងព្រៃវល្លិវារឡើង ស្មៅ ស្លែដុះ ហើយនិងភ្លៀងខ្យល់ផងនោះ វាធ្វើឲ្យថ្មប្រាសាទអាចសឹកផុយបាន។
អ្នកកាសែតសង្កេតឃើញថា មានពេលខ្លះទេសចរដល់ទៅ ៣ពាន់នាក់ ដើរកម្សាន្តទៅមកធ្វើឲ្យកកស្ទះតាមផ្លូវឡើងទៅលើទួលប្រាសាទ ដើម្បីទស្សនាថ្ងៃលិច ដោយឡើងឈរ ឬអង្គុយលើផ្ទាំងសីលា ហើយផឹកប៊ីយែរទៀតផង។ មនុស្សដើរចុះដើរឡើង រួមនឹងផ្សែងពីយានយន្តគ្រប់ប្រភេទ ព្រមទាំងញើសពីម្រាមដៃទេសចរ ដែលប៉ះផ្ទាំងសីលាចម្លាក់នោះផង អាចនឹងធ្វើខូចសម្ផស្សប្រាសាទ បើសិនជាមិនទាន់សឹករិចរិលទេនោះ។ ក្រុមអភិរក្សប្រាសាទបុរាណថ្លែងថា បរិវេណជុំវិញប្រាង្គប្រាសាទអង្គរនឹងមានការអភិវឌ្ឍតទៅទៀត ទាំងអាកាសយានដ្ឋានថ្មី ទាំងសណ្ឋាគារដែលតម្រូវឲ្យជីកប្រព័ន្ធអណ្ដូងទឹកសម្រាប់ប្រើប្រាស់។ អ្នកស្រី Anne Lamaistre ដែលជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាថ្លែងថា ប្រាសាទទាំងអស់នោះ មិនមែនស្ថាបនាឡើងសម្រាប់ទេសចរចំនួនច្រើនដល់ម្ល៉ឹងទេ ហើយថាគួរនាំគ្នាឈប់និយាយតែមាត់ទៅ ត្រូវចាប់ផ្ដើមចាត់វិធានការការពារឲ្យបានរួសរាន់។
ក្រុមអភិរក្សមានលោក Jeff Morgan នាយកប្រតិបត្តិនៃមូលនិធិបេតិកភណ្ឌពិភពលោកជាដើម ពោលទាំងសោកស្តាយថា អ្នកគ្រប់គ្រងប្រាង្គប្រាសាទអង្គរតាំងពីក្រុមហ៊ុនកូនលោក សុខ អាន រហូតដល់ក្រុមហ៊ុនឩកញ៉ា សុខ គង់ គេមិនបានយកថវិកាពីផលចំណេញលក់សំបុត្រទស្សនាដ៏សន្ធឹកសន្ធាប់នោះ ទៅវិនិយោគដើម្បីរក្សាប្រាសាទឲ្យនៅគង់វង់យូរអង្វែងរាប់សតវត្សទៅមុខទៀតទេ។ លោក Jeff Morgan បន្តថា អ្នកណាក៏ដឹងដែរថា ក្រុមហ៊ុនឧកញ៉ា សុខ គង់ កំពុងច្បូតរឹតដូចរឹតទឹកដោះគោ ទាញផលពីប្រាង្គប្រាសាទអង្គរ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបដិសេធថា រដ្ឋាភិបាលមិនបានធ្វើអ្វីខុសទេ ហើយថា របៀបរៀបចំនោះ ជាយន្តការល្អ អាចរកលុយបានដ៏ច្រើន៕