មន្ត្រីបក្សប្រឆាំង និងមន្ត្រីក្រុមហ៊ុនទេសចរណ៍ឯកជន បានអះអាងថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិ (Cambodia Angkor Air) ដែលមិនហោះហើរត្រង់ភ្នំពេញទៅខេត្តព្រះសីហនុ ទៅតាមកិច្ចសន្យាអាចនាំឲ្យរដ្ឋាភិបាលបាត់ចំណូលចូលរដ្ឋ ដែលទទួលបានពីវិស័យទេសចរណ៍នៅកម្ពុជា។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ តំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ៦រូប បានផ្ញើលិខិតមួយច្បាប់ជូន លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានចោទក្រុមហ៊ុនអាកាសចរណ៍ជាតិថា ពុំបានគោរពតាមគោលការណ៍នៃការហោះហើរពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ទៅតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរដ្ឋាភិបាល កាលពីឆ្នាំ២០០៩ នៅឡើយទេ។
សមាជិកសភា និងជាមន្ត្រីនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែវិច្ឆិកា ដឹងថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិ មិនព្រមហោះហើរឲ្យស្របតាមកិច្ចព្រមព្រៀងនោះ អាចនាំឲ្យប្រទេសកម្ពុជា បាត់បង់លទ្ធភាពពង្រឹងវិស័យទេសចរណ៍ នៅតំបន់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម ៖ «ការអភិវឌ្ឍនៅតំបន់ខេត្តព្រះសីហនុ បើយើងយកផ្ដាច់មុខទៅហើយៗ យើងបែរជាមិនហោះហើរទៅ បានធ្វើឲ្យប្រទេសកម្ពុជាមិនអាចប្រណាំងប្រជែងជាមួយកោះត្រល់ ជាមួយប្រទេសវៀតណាម ឬប្រទេសជិតខាងបានទេ នេះជាចំណុចសំខាន់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ នៅក្រុងព្រះសីហនុ។ អានេះដែលជាឧបសគ្គក្នុងការប្រណាំងប្រជែង ដែលយើងមិនគួរអនុញ្ញាតឲ្យបរទេសធ្វើអ្វីតាមតែអំពើចិត្ត ហើយយើងខ្លាចគេមិនហ៊ាននិយាយដូច្នេះទេ»។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Airដែលបានដាក់ហ៊ុនជាមួយរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាលកម្ពុជា មានភាគហ៊ុនចំនួន ៥១% និងភាគហ៊ុនប្រទេសវៀតណាមចំនួន៤៩%។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ ផ្នែកឯកជន មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការណ៍ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ មិនហោះហើរទៅខេត្តព្រះសីហនុ អាចនាំឲ្យមានការខាតបង់ថវិកាទាំងអ្នកវិនិយោគ និងអ្នកប្រកបរបរទទួលទានពីវិស័យទេសចរណ៍ ក៏ដូចជារដ្ឋាភិបាលផងដែរ ៖ «ក្រុងព្រះសីហនុដែលយើងមានប្រលានយន្តហោះដ៏ស្អាតមួយ ក៏ប៉ុន្តែយើងមិនទាន់មានយន្តហោះធ្វើការចុះចតនៅឡើយនេះ អាចថាជាការខាតបង់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងក្រុមហ៊ុន ដើម្បីបំភ្លឺជុំវិញលិខិតសមាជិកសភាគណបក្សសមរង្ស៊ី ស្ដីពីការណ៍ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ មិនបានហោះហើរត្រង់ទៅខេត្តព្រះសីហនុនៅឡើយទេ។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីនៅមិនទាន់ទទួលបានលិខិតរបស់គណបក្សសមរង្ស៊ីផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅឡើយទេ។
អគ្គនាយកក្រសួងទេសចរណ៍ លោក ទិត ចន្ថា មានប្រសាសន៍ថា ការហោះហើរទៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air គឺមិនទាន់មានកម្មវិធីហោះហើរច្បាស់លាស់ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនៅឡើយ ពោលគឺការហោះហើរ បានកើតមានម្តងម្កាលនៅពេលមានភ្ញៀវទេសចរជួលក្រុមហ៊ុនប៉ុណ្ណោះ។
បន្ថែមលើនេះ មន្ត្រីបក្សប្រឆាំង ក៏បានចោទក្រុមហ៊ុន Vietnam Airlines ដែលមានឥទ្ធិពលសម្រេចលើក្រុមហ៊ុនអាកាសចរណ៍ជាតិ មានចេតនាមិនចង់ឲ្យខេត្តព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា ក្លាយទៅជាតំបន់ប្រកួតប្រជែងយកទេសចរណ៍ ជាមួយប្រទេសវៀតណាម ក្នុងតំបន់កោះ ដូចជាកោះភូហ្វឹក (Phu Quoc) ដែលកម្ពុជាហៅថាកោះត្រល់ ដែលវៀតណាមទើបអភិវឌ្ឍ មានទាំងវាលយន្តហោះថ្មី សម្រាប់ទិសដៅទាក់ទាញទេសចរណ៍បរទេសនោះ៕
