រូបមន្តនោះបានបញ្ជាក់ផ្ដោតសំខាន់ពីការផ្សំទឹកថ្នាំ «ព្រំអង្គរ» និងថ្នាំ «ផ្គុំធាតុអង្គរ» ស្រោចលើសំណង់ប្រាសាទឲ្យជាប់រឹងមាំមានអាយុកាលរាប់ពាន់ឆ្នាំដូចដែលគេឃើញនៅមានរូបរាងនៅគង់វង្សសព្វថ្ងៃនេះ។
នូវរាល់ការអះអាងនេះ ត្រូវបានបុរាណវិទូដែលសិក្សាស្រាវជ្រាវក្នុងប្រព័ន្ធវិទ្យាសាស្ត្រទំនើបសម័យបច្ចុប្បន្នមិនទាន់ហ៊ានធ្វើការបដិសេធ ឬយ៉ាងណានៅឡើយទេ គឺគេកំពុងតែធ្វើការពិចារណា។
មុននឹងជម្រាបជូនបន្ត នាងខ្ញុំសូមរំលឹកត្រួសៗ ឡើងវិញ ដែលអ្នកសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាខ្មែរក្រៅប្រព័ន្ធ លោក សា សាដា បានបញ្ជាក់ថា រូបមន្តផ្សំជាទឹកថ្នាំទាំងពីរបែប គឺព្រំអង្គរ និងផ្គុំធាតុអង្គក្ដីសំខាន់គឺជាទឹកថ្នាំមួយមានសារធាតុជាប់ស្អិតខ្លាំងណាស់ ជាលក្ខណៈកាវធម្មជាតិ ដែលខុសគ្នាឆ្ងាយនិងកាវវិទ្យាសាស្ត្រ ដែលគេប្រើបិទវត្ថុផ្សេងៗសព្វថ្ងៃនេះ ពីព្រោះទឹកថ្នាំ ឬកាវដែលបុព្វបុរសខ្មែរលោកបានរកឃើញនោះ គឺមានភាពពិសេស អាចផ្សាភ្ជាប់ផ្ទាំងថ្មប្រាសាទទាំងមូលឲ្យតោងស្អិតជាប់ល្អរឹងមាំ ហើយនៅបានយូរអង្វែង។
លោក សា សាដា បានបញ្ជាក់ប្រាប់ទៀតថា ទឹកថ្នាំ «ព្រំអង្គរ» និង ផ្គុំធាតុអង្គរ» នេះគឺផ្សំឡើងពីរុក្ខជាតិជាច្រើនប្រភេទ រួមមានរុក្ខជាតិសរសៃព្រំ ឈាមនាគ ប្រការភ្លើង ប្រការជុំ ប្រការព័ន្ធ និងប្រការធាតុ។ ទឹកថ្នាំទាំងពីរមុខនោះ ពិសេសទឹកថ្នាំ «ផ្គុំធាតុអង្គរ» គឺមានលក្ខណៈល្អប្រពៃមួយទៀត ដែលគេអាចយកទៅច្នៃធ្វើជាថ្មសម្រាប់សាងប្រសាទបានហើយថ្មច្នៃនោះអាចធុនទ្រាំនិងការប៉ះពាល់ពីសំណឹកផ្សេងៗ ដូចជាភ្លៀងខ្យល់ ឬមួយក៏អាចធុននិងសីតុណ្ហភាពក្ដៅរលាកខ្លាំងដូចជាទឹកអាស៊ីដជាដើម ៖ "បើយើងយកទឹកអាស៊ីដទៅស្រោចទៅលើថ្មធម្មតា គឺវាពុក តែបើយើងយកទឹកអាស៊ីដទៅស្រោចលើថ្មនោះ គឺវាមិនពុកទេ ហើយវាអាចនឹងមានអាយុវែងណាស់ថ្មនោះ"។
អ្នកសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាខ្មែរក្រៅប្រព័ន្ធដដែលនេះ បានបញ្ជាក់ទៀតថា ក្បួនរូបមន្ដសាងសាង់ប្រសាទបុរាណរបស់បុព្វបុរសខ្មែរ ដែលលោកបានធ្វើការស្រាវជ្រាវរកឃើញនេះ គឺបានចំណាយពេលសិក្សាស្រាវជ្រាវក្រៅប្រព័ន្ធអស់រយៈពេលជាង ២០ឆ្នាំ រហូតមកដល់ពេលនេះ។
លោកបានបន្ថែមទៀតថា ការស្រាវជ្រាវនោះភាគច្រើន គឺតាមរយៈឯកសារផ្ទាល់មាត់ ដោយសាកសួរទៅអស់លោកព្រឹទ្ធាចារ្យចាសទុំខ្មែរជាច្រើននាក់ នៅតាមភូមិស្រុកនានា និងក្នុងវត្តអារាមទាំងឡាយក្នុងប្រទេស និងក្រៅប្រទេស។
នូវរាល់ការអះអាងទាំងប៉ុន្មាន ដែលថាបានរកឃើញនូវក្បួនរូបមន្តរបស់ដូនតាខ្មែរ អំពីការផ្សំទឹកថ្នាំសម្រាប់ផ្សារភ្ជាប់ផ្ទាំងថ្មក្នុងការសាងសង់ប្រាសាទបុរាណ និងមានប្រសិទ្ធភាពយូរអង្វែង ហើយអាចយកទៅច្នៃធ្វើជាថ្ម ដូចបានបញ្ជាក់មកនេះ ត្រូវបានបុរាណវិទូដែលសិក្សាស្រាវជ្រាវនៅក្នុងប្រព័ន្ធវិទ្យាសាស្ត្រទំនើបសព្វថ្ងៃមានការចាប់អារម្មណ៍ផងដែរ បើទោះបីជាការស្រាវជ្រាវនោះគេមិនទាន់ដឹងច្បាស់ថា ជាការពិត ឬមិនពិតក៏ដោយ។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ដ្រាបុត្រ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា អ្វីក៏ដោយ ដែលគេបានធ្វើការសិក្សាស្រាវជ្រាវ គឺសុទ្ធតែជាការល្អប្រពៃ ពីព្រោះការស្រាវជ្រាវនោះ គឺជួយដោះស្រាយនូវអ្វីដែលខ្លួនគេ ឬអ្នកដទៃទៀតមិនទាន់បានយល់ដឹង ដូចជាការសាងសង់ប្រាសាទធំៗ របស់ខ្មែរ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាដើម ដែលមានអាយុរាប់ពាន់ឆ្នាំហើយនៅតែមានភាពរឹងមាំល្អរហូតមកដល់សព្វថ្ងៃនេះ គឺមិនទាន់មាននរណាម្នាក់បានដឹងច្បាស់ពីរូបមន្តនៃការសាងសង់ប្រសាទទាំងនោះទេ ៖ "អ៊ីចឹងហើយបានជាអ្នកប្រាជ្ញមិនថាតែខ្មែរទេ សូម្បីតែបរទេសក៏គេចង់ដឹងពីរូបមន្តអ្វីដែលធ្វើឲ្យថ្ម..."។
អ្នកសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាខ្មែរក្រៅប្រព័ន្ធ លោក សា សាដា បានឲ្យដឹងផងដែរថា ទោះជាយ៉ាងណាក៏ដោយ លោកចង់ឲ្យប្រជាពលរដ្ឋខ្មែរទូទៅបានដឹងពីក្បួនរូបមន្តសាងសង់ប្រាសាទបុរាណដែលដូនតាខ្មែរ លោកបានចងក្រង និងបន្សល់ទុកមកនេះ ដើម្បីឲ្យកូនចៅខ្មែរគ្រប់គ្នាជួយរក្សាកេរដំណែលដូនតាដ៏ល្អប្រពៃ និងមានប្រយោជន៍នេះ។
លោកបានបន្តថា បើកូនខ្មែរទាំងអស់គ្នាបានដឹងពីតម្លៃនៃក្បួនរូបមន្តនេះ ហើយគឺគេពិតជាជួយថែរក្សាសម្បត្តិព្រៃឈើ ឬរុក្ខជាតិទាំងប៉ុន្មាន ដែលបុព្វបុរសរបស់ខ្លួនយកមកផ្សំធ្វើថ្នាំ ឬកាវលាបថ្មប្រាសាទ ដូចជារុក្ខជាតិឈាមនាគ រុក្ខជាតិសរសៃព្រំជាដើម។
ចំពោះរុក្ខជាតិសរសៃព្រំលោកបានបញ្ជាក់ថា តាមការសង្កេតរបស់លោក រុក្ខជាតិសរសៃព្រំនេះ គឺនៅមានសល់បន្តិចបន្តួចប៉ុណ្ណោះសព្វថ្ងៃនេះ ដោយសាររងការកាប់បំផ្លាញពីសំណាក់មនុស្ស ៖ "បើសិនជាយើងមិនបានបណ្ដុះដាំថែមថ្មីទៀតទេ ដើមហ្នឹងវានឹងអស់ពីព្រោះបងប្អូនយើងសព្វថ្ងៃលោកអត់ស្គាល់ អត់ស្គាល់អាចកាប់ចោលកាប់ធ្វើអុស ធ្វើអីអ៊ីចឹងទៅ អត់ស្គាល់ថាដើមឈើហ្នឹងប្រើមានប្រយោជន៍យ៉ាងម៉េច។ (សំនួរ) វាជាប្រភេទវល្លិ ឬជារុក្ខជាតិដើមធំៗ តែម្ដង? វាគេឲ្យឈ្មោះថាជាប្រភេទរុក្ខជាតិមហាផល។ ប្រភេទរុក្ខជាតិមហាផលហ្នឹង ដែលមានអាយុរាប់រយឆ្នាំចាប់ពី ៤ទៅ៥រយឆ្នាំ បានវាស្លាប់ទៅ គឺអាយុវែងណាស់ អាចរាប់ពាន់ឆ្នាំក៏មានដែរ បើសិនជាយើងកុំទៅបំផ្លាញវា ដើមធំៗណាស់បួនប្រាំអោបអីអ៊ីចឹងទៅ បើយើងទុកវា..."។
លោក សា សាដា បានឲ្យដឹងទៀតថា រីឯដើមឈើឈាមនាគវិញ មកដល់បច្ចុប្បន្ន គេឃើញនៅមានច្រើនជាងសរសៃព្រំ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅតែព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះដើមឈើនោះក៏កំពុងរងការកាប់បំផ្លាញអស់ជាបណ្ដើរៗ ហើយដែរ។ លោកបានបន្តទៀតថា ក្នុងសម័យដូនតាខ្មែរពីដើម ដោយលោកយល់ថា ដើមឈើឈាមនាគ ដើមសរសៃព្រំ ឬក៏ដើមឈើ ៤ប្រការ ផ្សេងៗទៀត មានប្រយោជន៍ និងមានសារសំខាន់សម្រាប់យកមកស្លធ្វើថ្នាំស្រោចប្រាសាទ ឲ្យបានជាប់រឹងមាំល្អយូរអង្វែងនោះ ទើបលោកនាំគ្នាធ្វើការថែរក្សាព្រៃឈើទាំងនោះ ហើយថែមទាំងដាំបណ្ដុះបន្ថែមបន្តៗទៀតនៅតាមតំបន់នានា ឬក៏ដាំក្នុងវត្តអារាម ពិសេសនៅតាមតំបន់ប្រសាទតែម្ដង ៖ "ដាំគ្រប់ប្រាសាទទាំងអស់ កាលណាគេធ្វើប្រាសាទនៅតំបន់ណាមួយ អ៊ីចឹងនៅតំបន់នោះគេមានរុក្ខជាតិអស់ទាំងហ្នឹង ដើម្បីទុកឲ្យហើយ កុំឲ្យលំបាករក។ តែដល់ថ្ងៃអ៊ីចឹងទៅគេស្ទោះសំបកឈើអស់ទាំងនេះយកទៅស្ងោរថ្នាំ ហើយស្រោចតែម្ដង។ ដូចថ្នាំផ្គុំធាតុអង្គរហ្នឹង រវាង១ឆ្នាំ ទៅ៣ឆ្នាំ គេនឹងចាប់ស្រោចវាម្ដង ព្រោះតំបន់ខ្លះភ្លៀងខ្លាំងអ៊ីចឹងទៅ វាអស់អាជាតិថ្នាំហ្នឹង អ៊ីចឹងវាធ្វើឲ្យប្រាសាទហ្នឹងប្រេះ ដូចថាដីវាស្រុតអ៊ីចឹងទៅ គេប្រយ័ត្នប្រយែងកន្លែងហ្នឹង ហើយគេទៅជួសជុលកន្លែងហ្នឹងថែម។ អាហ្នឹងថ្នាំផ្គុំធាតុ ដែលគេឲ្យឈ្មោះថា ថ្នាំពិសេសសម្រាប់បង្កើតថ្មហ្នឹង គេហៅថា កាវធម្មជាតិនោះណា យកទៅស្រោច លាបថ្នាំហ្នឹងទៅស្អិតជាប់គ្នាអ៊ីចឹងទៅ ដើម្បីកុំឲ្យវាប្រេះ ទឹកភ្លៀងធ្លាក់ចូលទៅវាត្រូវពុកផុយ។ ប៉ុន្តែឥឡូវនេះខ្ញុំបានដើរមើលរាប់ពាន់ប្រាសាទទៅ វាអត់មានដើមឈើអស់ទាំងហ្នឹង គេកាប់ចោលអស់ទៅហើយ គេអត់ស្គាល់ដើមហ្នឹង។ សព្វថ្ងៃយើងមានការជួសជុលតែបែបលក្ខណៈវិទ្យាសាស្ត្រទេ មិនមែនបែបលក្ខណៈបុរាណវិទ្យាពីដើមទេ"។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ដ្រាបុត្រ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ទាំងការសិក្សាស្រាវជ្រាវរកឃើញរូបមន្ត និងទាំងការស្គាល់ដឹងពីរុក្ខជាតិសម្រាប់ផ្សំ គឺលោកនឹងចូលរួមពិនិត្យពិចារណារឿងនេះ ដើម្បីឲ្យដឹងថា តើក្បួនខ្នាត ឬរូបមន្តសាងសង់អង្គរដែលទើបរកឃើញនោះ ជាការពិត ឬយ៉ាងណា ហើយបើសិនជាការពិតមែននោះ វាគឺជាមរតកដ៏មានតម្លៃថ្លៃថ្លាមួយរបស់កូនខ្មែរក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕