មានអាវយឺតជាច្រើនរយដែលបានបោះពុម្ពជាអក្សរអង់គ្លេសក្នុងបំណងប្រឆាំងការរួមភេទលើកុមារ ត្រូវបានគេចែកឲ្យប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលមកឈរមើល។
ប្រធានកម្មវិធីសន្តិភាពនិងយុត្តិធម៌របស់អង្គការទស្សនៈពិភពលោក លោក JO JO PASTEROS បានថ្លែងក្នុងយុទ្ធនាការនោះ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៩ ខែសីហា ថា ៖ «សូមចូលរួមទាំងអស់គ្នាដើម្បីការពារកុមារដែលជាអនាគតដ៏មានតម្លៃសម្រាប់ប្រទេសជាតិរបស់យើង។ កុមារមិនត្រូវបានធ្វើការជួញដូរនៅគ្រប់កាលៈទេសៈ»។
លោកបន្តទៀតថា សម្រស់ប្រាសាទបុរាណអង្គរវត្ត ខេត្តសៀមរាប បានទាក់ទាញទេសចរបរទេសឲ្យចូលមកទស្សនានៅទឹកដីដ៏ស្រស់ស្អាតនេះ។

ការរីកចម្រើននៃវិស័យទេសចរណ៍គឺនាំមកនូវភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលបានផ្តល់ការងារជាច្រើនឲ្យប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែពលរដ្ឋកម្ពុជាគួរតែប្រុងប្រយ័ត្ន ដែលអាចនឹងប៉ះពាល់ធ្ងន់ធ្ងរទៅលើកុមារចំពោះជនបរទេសមួយចំនួនដែលមកធ្វើទេសចរណ៍ដើម្បីស្វែងរកទិញនិងរួមភេទទៅលើកុមារខ្មែរ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ជុង សុខេមរៈ បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលភ្ញៀវទេសចរគ្រប់ប្រភេទបានមកក្នុងគោលបំណងទស្សនាប្រាង្គប្រាសាទដ៏សម្បូរបែប ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នប្រមាណជាង ២ម៉ឺននាក់ ក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចខេត្តក៏បានបំពេញការងារនិងវិធានការច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទប់ស្កាត់ទេសចរណ៍ផ្លូវភេទមកលើកុមារខ្មែរ។
លោក ជុង សុខេមរៈ ថ្លែងយ៉ាងដូច្នេះ ៖ «យើងបានបំពេញការងារស្ដីពីការទប់ស្កាត់ទេសចរណ៍ផ្លូវភេទលើកុមារ តាមរយៈសិក្ខាសាលាប្រជុំតាមវិទ្យុ តាមទូរទស្សន៍ តាមខិត្តប័ណ្ណ សៀវភៅ ផ្ទាំងរូបភាព បដា និង hot line (ខ្សែទូរស័ព្ទពិសេស)»។
ទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ដែលបានចូលរួមស្តាប់ការធ្វើយុទ្ធនាការប្រឆាំងទេសចរណ៍ផ្លូវភេទលើកុមារ លោក LORENZ បានមានប្រសាសន៍ថា លោកគាំទ្រយុទ្ធនាការនោះ ហើយវាជាការល្អណាស់ដែលមិនត្រូវមានទេសចរណ៍ផ្លូវភេទជាមួយកុមារ។
លោក LORENZ បានមានប្រសាសន៍ថា យុទ្ធនាការនេះគឺដូចគ្នាទៅនឹងប្រទេសរបស់គាត់ ដែលច្បាប់នឹងផ្តន្ទាទោសជនណាដែលបានរួមភេទជាមួយកុមារ។
របាយការណ៍ដែលគេដកស្រង់ពីអង្គការសកម្មភាពដើម្បីកុមារ បានឲ្យដឹងថា កាលពីឆ្នាំ២០០៨ កន្លងមក ការពាក់ព័ន្ធនឹងការរំលោភផ្លូវភេទមកលើកុមារខ្មែរពីទេសចរបរទេសមាន ១២ករណី ដោយករណីទាំងនោះ ត្រូវបានគេរកឃើញនៅតំបន់គោលដៅទេសចរណ៍ចំនួនបីគឺទីក្រុងភ្នំពេញក្រុងព្រះសីហនុនិងខេត្តសៀមរាប៕
