មនុស្ស​ជាង​៤០០​នាក់​នៅ​រតនគិរី​ទាមទារ​ឲ្យ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន

មនុស្ស​ជាង​៤០០​នាក់​បាន​នាំ​គ្នា​ហែ​ក្បួន​ស្រែក​ជយឃោស​និង​ធ្វើ​មិទ្ទិញ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ កញ្ញា ឆ្នាំ​២០០៨ នៅ​ឯ​ទីរួមខេត្ត​រតនគិរី ប្រយោជន៍​ទាមទារ​ឲ្យ​មាន​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​សកម្មភាព​ចរាចរណ៍​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ខេត្ត​រតនគិរី​ភាគ​ឦសាន​ប្រទេស។

0:00 / 0:00

ពិធី​ហែ​ក្បួន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា សកម្មភាព​ចរាចរណ៍​គ្រឿងញៀន​កើត​ឡើង​កាន់តែ​ខ្លាំង។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក រ៉ែ រ៉ៃ មាន​ប្រសាសន៍​បញ្ជាក់​ថា គឺ​ជា​ការចាំបាច់​ដើម្បី​ជួយ​ការពារ​សុខុមាលភាព​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​ងាយ​រង​គ្រោះ ៖ «ថ្នា​ក់ខេត្ត​មាន​ការព្រួយបារម្ភ​ណាស់...»

នៅ​ក្នុង​ឆមាស​ដើម​ឆ្នាំ​២០០៨​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​រកឃើញ​សកម្មភាព​ចរាចរណ៍​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​ខេត្ត​៩​មុខ​សញ្ញា មាន​អ្នក​ប្រើប្រាស់​៨០​នាក់​គឺ​មាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​ឆមាស​ដើម​ឆ្នាំ​២០០៧​កន្លង​ទៅ​នេះ មាន​អ្នក​ប្រើប្រាស់​ត្រឹមតែ​៧០​នាក់​ប៉ុណ្ណោះ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ខេត្ត​នេះ​គ្មាន​ទីតាំង​ផលិត​គ្រឿងញៀន​ទេ តែ​ត្រូវ​បាន​គេ​នាំ​ចូល​តាម​ច្រក​របៀង​ពី​ប្រទេស​លាវ ហើយ​ធ្វើការ​ជួញដូរ​និង​ចែកចាយ​ដោយ​ពុំ​មាន​ទីតាំង​ពិត​ប្រាកដ។

មន្រ្តី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា វិធានការ​បង្រ្កាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​កម្រិត​ទាប។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ទំហំ​នៃ​ការរីក​រាលដាល​ហ្នឹង​ដល់​បង​ប្អូន​ជនជាតិ​ភាគ​តិច​នៅ​ឆ្ងាយៗ​ទៅ​ហើយ។ ដូច្នេះ​បញ្ហា​ជួញដូរ​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន​មិន​ធម្មតា​ទេ»

គ្រឿងញៀន​តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស​ឲ្យ​ដឹង​ថា ត្រូវ​បាន​គេ​នាំ​ចូល​តាម​ច្រក​របៀង​ពី​ប្រទេស​លាវ​ឆ្លងកាត់​ស្រុក​សៀមប៉ាង ចូល​មក​ច្រក​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី។ មួយចំណែក​នាំចេញ​ពី​ខេត្ត​ស្ទឹងត្រែង​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត និង​ចូល​មក​កាន់​ខេត្ត​រតនគិរី តាម​ផ្លូវ​ជាតិ​លេខ​៧៨។

អ្នក​ភូមិ​ជនជាតិ​ដើម​ឃុំ​យក្សឡោម​ដែល​ចូលរួម​ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​មាន​ប្រសាសន៍​ថា កំពុង​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​បង្ក​រឿង​កាប់​សម្លាប់​គ្នា​ដោយសារ​គ្រឿងញៀន ៖ «គេ​លក់​គ្រឿងញៀន​ស្អីៗ​ហ្នឹង យើង​អត់​ដឹង​ផង ចេះតែ​ផឹក​ចេះតែ​ស៊ី​ទៅ ប៉ុន្តែ​ចេញ​ពី​ផឹក​ស៊ី អ្នក​ខ្លះ​វឹង...។ ...រាល់​ថ្ងៃ​ហ្នឹង​ដើរ​ប្លន់ ដើរ​លួច​ហ្នឹង»

អភិបាល​ខេត្ត​រតនគិរី លោក ជ័យ សាយឿន ជា​តំណាង​ឲ្យ​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ទទួល​ស្គាល់​ថា គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត។

លោក ជ័យ សាយឿន បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​យើង​មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​គ្រប់​មូលដ្ឋាន ប្រជាពលរដ្ឋ​វា​អាច​នឹង​ប៉ះពាល់​ត​ទៅ​ទៀត»

របាយការណ៍​សន្និបាត​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០០៨ ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៧ ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​១៤១​ករណី ចាប់​បាន​មនុស្ស​២៥៣​នាក់ ដក​ហូត​វត្ថុតាង​មាន​មេតំហ្វេតាមីន​៣៣១.៥៥៦​គ្រាប់ និង​ម្សៅ​៥,៦១​គីឡូក្រាម ហេរ៉ូអ៊ីន​១៣,៣៧៣​គីឡូក្រាម កញ្ឆា​២១៣​គីឡូក្រាម ប្រេង​ម្រះព្រៅ​៤.១១០​លីត្រ និង​គ្រឿងញៀន ព្រមទាំង​សារធាតុផ្សំ​និង​វត្ថុតាង​ជា​ច្រើន​មុខ​ទៀត៕