ក្រុមនិស្សិតខ្មែរនៅរដ្ឋនានា រួមទាំងសមណនិស្សិតនៅពារាណសី និងពុទ្ធគយាផង បានត្រៀមធ្វើបាតុកម្មនៅមុខស្ថានទូតថៃនិងនៅមុខអគារមន្ទីរអង្គការសហប្រជាជាតិ (អ.ស.ប.) នាទីក្រុងញូវដែលីនៅថ្ងៃទី២៥និង២៦ សីហា ខាងមុខនេះ។
ក្នុងចំណោមការទាមទារមួយចំនួននៃញត្តិរបស់និស្សិតនៅឥណ្ឌានេះ លោក ប៊ុត ខេមរា តំណាងអ្នករៀបចំបាតុកម្មមានប្រសាសន៍ដូច្នេះ ៖ «យើងទាមទារយ៉ាងចាំបាច់ ឲ្យមានការចរចាពហុភាគី ដោយឲ្យមានអង្គការអាជ្ញាកណ្ដាល ជាអ្នកទទួលខុសត្រូវ ហើយយើងសុំកុំឲ្យរដ្ឋាភិបាលខ្មែរ ធ្វើការអីដោយសម្រេចតែលើអ្នកដឹកនាំមួយក្ដាប់តូច ហើយយើងសូមឲ្យរដ្ឋាភិបាលខ្មែរធ្វើការដោយពឹងពាក់យកគោលការណ៍ប្រជាមតិ។ ហើយយើងទាមទារឲ្យថៃ គោរពបូរណភាពទឹកដីខ្មែរ ហើយក៏ដូចជា គោរពច្បាប់អន្តរជាតិ នេះជាគោលការណ៍ទី២។ គោលការណ៍ទី៣ យើងសូមទទូចឲ្យអង្គការសហប្រជាជាតិ ចូលធ្វើការអន្តរាគមន៍រវាងជម្លោះខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ»។
ជាការគួរឲ្យស្តាយសម្រាប់អ្នករៀបចំបាតុកម្មនេះ ដែលមានការហាមឃាត់ពុំអនុញ្ញាតឲ្យធ្វើ ថ្វីបើខាងនគរបាលឥណ្ឌាបានបើកភ្លើងខៀវឲ្យហើយក្តី ៖ «ត្រឡប់ទៅជាយើងអត់បានទាំងអស់ រឿងនេះ យើងបានការហាមឃាត់ពីរដ្ឋាភិបាលខ្មែរផង ហើយនិយាយរួមទៅ គឺថា នៅក្រោមសម្ពាធរបស់រដ្ឋាភិបាលខ្មែរ ដូច្នេះ ប្អូនអត់មានមធ្យោបាយណា ដែលធ្វើទៅបាន តាមចំណង់ចំណូលចិត្ត នឹងទឹកចិត្តជាតិ នៅក្នុងបេះដូងរបស់យើង យើងធ្វើទៅអត់រួច។ ហើយយើងព្យាយាមផ្ញើសំណុំបែបបទយើង ដែលយើងខំប្រឹងសរសេរបង្ហាញទាំងអស់ ហើយយើងផ្ញើជូនទៅឲ្យអាស៊ីសេរីបានជួយប្រកាស។ យើងនៅតែប្រកាន់ជំហររឹងមាំថា យើងនឹងឆ្លៀតឱកាសឆក់យកពេលវេលាថ្ងៃណាមួយ ដែលយើងអាចធ្វើទៅបាន បើសិនជាការចរចាមានធ្វើការសម្បទានទៅឲ្យថៃ ដែលជាមនុស្សធ្វើការបំពានលើច្បាប់ក្នុងតំបន់ និងច្បាប់អន្តរជាតិ»៕
