ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ពី​ព្រះវិហារ

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​នាក់ បាន​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ (ទី​១១ សីហា ២០០៨) នៅមុខ​ស្ថានទូត​ថៃ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ខ្លួន​ចេញ​ជា​បន្ទាន់ ពី​តំបន់​ព្រះវិហារ​ដែល​ជា​ទឹកដី​របស់​ខ្មែរ។

0:00 / 0:00

ក្នុង​ចំណោម​បាតុករ​ខ្មែរ​ប្រមាណ ៥០​នាក់ ដែល​តវ៉ា​នៅមុខ​ស្ថានទូត​ថៃ​នោះ លោក ថូម៉ាស់ កែវ អគ្គហិរញ្ញិក​នៃ​សមាគម​អង្គរ បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​គោលបំណង​នៃ​ការតវ៉ា​ថា ៖ «ខ្ញុំ​គឺ​មក​ពី​សមាគម​អង្គរ នៅ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌីស៊ី និង ម៉ារីឡែន។ ការធ្វើ​បាតុកម្ម​ថ្ងៃ​នេះ គឺ​យើង​មាន​បំណង​៣ សំខាន់​បំផុត គឺ​ទី​១ យើង​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ ទទួល​ស្គាល់​នូវ​ច្បាប់​របស់​ខ្លួន ដែល​បាន​ស៊ីញ៉េ​នៅ​ខែ​៧ ថ្ងៃ​ទី​៨ ឆ្នាំ​២០០៨។ ទី​២ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ថៃ ដក​ទ័ព​ចេញ​ពី​ទល់​ដែន​ពី​ព្រះវិហារ។ ទី​៣ គឺ​យើង​មិន​ចង់​ឲ្យ​មាន​សង្រ្គាម»

លោក​បញ្ជាក់​ថា ក្រៅពី​ការមក​ចូលរួម​ផ្ទាល់​តវ៉ា​ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង​២ រសៀល ថ្ងៃ​ចន្ទ ទី​១១ ខែ​សីហា ក៏​នៅ​មាន​ខ្មែរ​ជា​ច្រើន នៅ​រដ្ឋ​ដទៃៗ​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក បាន​ទូរស័ព្ទ​សម្ដែង​ការលើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​ការតវ៉ា​ផង​ដែរ ដើម្បី​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ ហើយ​និង​ឲ្យ​មាន​សន្តិភាព។

លោក ថូម៉ាស់ កែវ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ខ្លះ​មក​ពី​គណៈកម្មការ​ផ្សេង ហើយ​ក្នុង​នោះ​មាន​សមាគម​ខ្មែរ មក​ពី​រដ្ឋ​ដទៃ មិន​បាន​មក​ចូលរួម​ទេ ក៏​ប៉ុន្តែ គេ​បាន​ទូរស័ព្ទ​មក​ចូលរួម​ជួយ​គាំទ្រ ដូចជា តិចសាស់ កាលីហ្វ័រញ៉ា ផែនស៊ីលវេនៀ»

នៅមុខ​ស្ថានទូត​ថៃ ដែល​ស្ថិត​នៅអគារ​លេខ​១០២៤ មហា​វិថី Wisconsin Ave. រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី បាតុករ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម បាន​សម្ដែង​នូវ​គោលបំណង​របស់​ខ្លួន​ថា ៖ «ខ្ញុំឈ្មោះ សូ ឡុង ពី​ដើម​ខ្ញុំ​នៅ​ខេត្ត​សៀមរាប អង្គរវត្ត។ ខ្ញុំ​មក​ថ្ងៃ​នេះ ដើម្បី​ជួបជុំ​គ្នា ខ្មែរ​យើង​ទាំង​អស់ មក​តវ៉ា​ឲ្យ​ថៃ ដក​ទ័ព​ពី​ដែនដី​ខ្មែរ​យើង ជាពិសេស គឺ​នៅ​វត្ត​ព្រះវិហារ វា​មក​ឈ្លានពាន​ដី​ខ្មែរ​យើង ឲ្យ​វា​ដក​ទ័ព​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​ឈ្មោះ ម៉ូនីកា នៅ​រដ្ឋ​វ៉ាស៊ីនតោន ឌីស៊ី។ យើង​ខ្ញុំ​មក​ហ្នឹង ដើម្បី​មក​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ថៃ​គោរព​អង្គការ​យូណេស្កូ ហើយ​ឲ្យ​ថៃ​ដកទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​យើង ដែល​[ថៃ]​កំពុង​តែ​ចូល​នៅ​ព្រះវិហារ​ឥឡូវ​ហ្នឹង...»

បាតុកម្ម​ប្រឆាំង​ថៃ បាន​ចប់​បន្ទាប់​ពី​តំណាង​បាតុករ បាន​ជូន​ញត្តិ​តវ៉ា ដែល​មាន​ចុះ​ហត្ថលេខា​ផង ជូន​ទៅ​តំណាង​ស្ថានទូត​ថៃ៕