លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី នៅថ្ងៃសៅរ៍ ទី២៦ មីនា បានសំដែងក្តីបារម្ភចំពោះប្រសិទ្ធភាពនៃការបង្ក្រាបអំពើពុករលួយនៅកម្ពុជា ដោយសារតែការប្រកាសទ្រព្យសម្បត្តិ និងបំណុលធ្វើឡើងដោយសំងាត់មិនជាសាធារណៈ ហើយសមាជិកគ្រួសារនៃមន្ត្រីរដ្ឋាភិបាលកម្ពុជាមិនត្រូវបានច្បាប់កំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ។
លោក សុន ឆ័យ បានស្នើឲ្យស្ថាប័នប្រឆាំងអំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយអនុញ្ញាតឲ្យសាធារណជនអាចទទួលបានព័ត៌មាននៃឯកសារប្រកាសទ្រព្យសម្បត្តិមន្ត្រីរាជការ ហើយអង្គភាពប្រឆាំងអំពើពុករលួយត្រូវតម្រូវឲ្យភរិយា និងកូនរបស់មន្ត្រីរាជការប្រកាសទ្រព្យសម្បត្តិផងដែរ។
ការស្នើសុំរបស់លោក សុន ឆ័យ ធ្វើឡើងក្រោយពេលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានព្រមានមន្ត្រីរាជការឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានមុនថ្ងៃទី៧ មេសា ប្រសិនបើមិនដូច្នោះទេ មន្ត្រីទាំងនោះនឹងត្រូវផ្ដន្ទាទោសចំនួន ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនទៅ២លានរៀល។ លោក ឱម យ៉ិនទៀង បានឲ្យដឹងថា បច្ចុប្បន្ននេះ មានមន្ត្រីប្រមាណមួយភាគបួននៃចំនួនមន្ត្រីប្រមាណ ២ម៉ឺន ៥ពាន់នាក់ បានប្រកាសទ្រព្យសម្បត្តិរួចរាល់ហើយ។ ចំនួនមន្ត្រីដែលច្បាប់តម្រូវឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅសល់ចំនួនប្រមាណជិត ៨ម៉ឺននាក់បន្ថែមទៀត។
លោក សុន ឆ័យ បញ្ជាក់បន្ថែមថា ការប្រកាសទ្រព្យសម្បត្តិត្រូវធ្វើជាសាធារណៈទើបមានប្រសិទ្ធភាពក្នុងការបំបាត់អំពើពុករលួយនៅកម្ពុជាបាន ៖ "យើងប្រកាសតែផ្ទះ ប្រកាសតែរថយន្ត ហើយនិងគ្រឿងអលង្ការ តែលុយគេអត់ឲ្យប្រកាស។ ហើយគ្រួសារជាភរិយា ជាកូនអត់ឲ្យប្រកាសទៀត អាហ្នឹងវាសំខាន់ណាស់ ដែលគ្រួសារនៅក្នុងការប្រកាស។ គ្រួសារត្រូវតែប្រកាសឲ្យអស់។ ក្នុងស្រុកខ្មែរយើងសូម្បីតែនាយករដ្ឋមន្ត្រីក៏បាននិយាយដែរថា បើប្ដីស័ក្ដិបួន ប្រពន្ធស័ក្ដិប្រាំ"។
ទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយតម្រូវឲ្យមន្ត្រីរាជការ សមាជិកសភា និងព្រឹទ្ធសភា ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនអំពីអចលនទ្រព្យ ដួចជាដីធ្លី អាគារ លំនៅឋាន យានយន្ត និងគ្រឿងចក្រ គ្រឿងអលង្ការ និងនាឡិកាជាដើម។ ការប្រកាសនេះ គេតម្រូវឲ្យធ្វើរៀងរាល់ ២ឆ្នាំម្ដងៗ ជា លាយលក្ខណ៍អក្សរ និងឲ្យប្រកាសនៅមុនពេលចូលកាន់តំណែង និង ក្រោយពេលចេញពីតំណែង។
អ្នកនាំពាក្យក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី បដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅថ្ងៃសៅរ៍ ទាក់ទងនិងការប្រកាសទ្រព្យសម្បត្តិ។
របាយការណ៍របស់អង្គការឃ្លាំមើលអំពើពុករលួយ ដែលមានឈ្មោះថា Transparency International ផ្សាយកាលពីខែតុលា ឆ្នាំ២០១០ បានរកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែជាបញ្ហា បើប្រៀបធៀបពីឆ្នាំ២០១០ និង២០០៩។ អង្គការ Transparency International បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខរៀងទី១៥៤ ក្នុងចំណោមប្រទេសចំនួន ១៧៨ប្រទេស ដែលអង្គការនេះបានធ្វើការស្រាវជ្រាវអំពីអំពើពុករលួយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុល្អជាងប្រទេសលាវ និង ភូមា។
ប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខមួយ ល្អជាងគេ គឺប្រទេសដាណឺម៉ាក (Denmark) ហើយប្រទេសដែលអាក្រក់បំផុតផ្នែកអំពើពុករលួយគឺប្រទេសភូមា និងសូម៉ាលី (Somalia)។
ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសកម្ពុជាទទួលចំណាត់ថ្នាក់លេខ៣០ គឺអន់ជាងប្រទេសវៀតណាម ថៃ ប៉ុន្តែប្រសើរជាងភូមា និងលាវ។
អង្គការឃ្លាំមើលបរិស្ថានពិភពលោក ហៅជាភាសាអង់គ្លេសថា Global Witness បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះកាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ ថាច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា មានភាពខ្វះចន្លោះច្រើនក្នុងការបង្ក្រាបអំពើពុករលួយរបស់មន្ត្រីធំៗ ក្នុងជួររដ្ឋាភិបាល។ អង្គការនេះបន្តទៀតថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង គឺជាអ្នកជំនិតជាទីបំផុតជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានការជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍ជាច្រើនខាងផ្នែកធនធានធម្មជាតិក្នុងដីសមុទ្រ មានរ៉ែ ប្រេងកាត ឧស្ម័នជាដើម៕