សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី​៧

សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម និង​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូព៌ា និង​​ប៉ាស៊ីហ្វិក ដែល​មាន​អង្គការ​សមាគម​ចំនួន ៥០ ជា​សមាជិក បាន​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​​​ប្រឆាំង​​​​អំពើ​ពុករលួយ​ លើក​ទី​៧ នៅ​ថ្ងៃ​ទី​៩ ធ្នូ​នេះ ក្រោម​ប្រធាន​បទ «ត្រូវ​មាន​បង្កាន់​ដៃ​បង់​ប្រាក់​ពី​សេវា​សាធារណៈ»។

ក្រុម​អង្គ​ការ​​​សង្គម​​ស៊ីវិល​​ធ្វើការ​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជួប​ជុំ​គ្នា​នា​ទី​លាន​​​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ដើម្បី​​រៀបចំ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​រលួយ ដោយ​បាន​អំពាវនាវ​ឲ្យ​​​ពលរដ្ឋ​​​ចូល​រួម​លុប​​​បំបាត់​អំពើ​ពុករលួយ​​តាម​រយៈ «ត្រូវ​​​​​មាន​បង្កាន់ដៃ​បង់​ប្រាក់​ពី​សេវា​សាធារណៈ»។ លោក​បន្ត​ថា រាល់​ការ​ចំណាយ​​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​រាជការ​ក្នុង​​​​​ជួរ​​​រដ្ឋាភិបាល ទៅ​លើ​​ការងារ​អ្វី​មួយ​ត្រូវ​មាន​បង្កាន់​ដៃ​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ក្នុង​ពិធី ក្រៅ​​​ពី​បាន​​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ចូល​​​រួម​ទប់​​ស្កាត់​អំពើ​ពុករលួយ មន្ត្រី​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​រាជការ ក៏​ដូច​​ជា​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​ ឲ្យ​ចូល​រួម​ទប់​ស្កាត់​អំពើ​ពុករលួយ​​ឲ្យ​បាន​គ្រប់​គ្នា។ មាន​ន័យ​ថា ត្រូវ​បញ្ឈប់​ការ​ផាក​ពិន័យ​ចរាចរណ៍​លើស​ច្បាប់​បាន​កំណត់ និង​ត្រូវ​មាន​វិក្កយបត្រ​ផាក​ពិន័យ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក សន ជ័យ បាន​អំពាវនាវ​បន្ថែម​ដូច្នេះ ៖ «រឿង​ដែល​ខ្លួន​បាន​ជួប​ប្រទះ ឬ​ត្រូវ​គេ​បង្ខំ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​តាំង​ចិត្ត​ថា ខ្លួន​​មិន​សូក​ប៉ាន់​នៅ​ពេល​ដែល​ខ្លួន​ទៅ​ទទួល​សេវា​សាធារណៈ ហើយ​ហ៊ាន​រាយការណ៍​ព័ត៌មាន​ទាំង​ឡាយ​នៃ​អំពើ​ពុករលួយ​តាម​​​​រយៈ​​​សរសេរ​ជា​សំបុត្រ​ផ្ញើ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ដែល​មាន​ក្រុម​អ្នក​រត់​ម៉ូតូ ស៊ីក្លូ រ៉ឺម៉ក​រាប់​ពាន់​នាក់​ជា​សមាជិក ក៏​បាន​ស្នើ​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​ចូល​រួម​ទប់​ស្កាត់​អំពើ​ពុករលួយ តាម​រយៈ​ការ​ទាមទារ​វិក្កយបត្រ​នៅ​ពេល​ពួក​គេ​ចំណាយ​​​​​ថវិកា​ទៅ​​លើ​សេវា​សាធារណៈ ឬ​ក៏​ការ​ផាក​ពិន័យ​អ្វី​មួយ​។

លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​នេះ​យើង​ត្រូវ​តែ​ចូល​រួម​ទាំង​ប្រជាពលរដ្ឋ ទាំង​មន្ត្រី​រាជការ​តូចតាច​ទាំង​អស់ រួម​គ្នា​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​កុំ​ឲ្យ​អំពើ​ពុករលួយ​ញាំញី​ដល់​ប្រជាពលរដ្ឋ​តូចតាច ជា​ពិសេស​អ្នក​ដឹក​ជញ្ជូន អ្នក​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ ដែល​ជា​សមាជិក​របស់​សមាគម ក៏​ដូច​ជា​អ្នក​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ»

ស្ត្រីឈ្មោះ ធី សារិន ជា​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​អះអាង​ថា រាល់​ថ្ងៃ​នេះ​ការ​ផាក​ពិន័យ​របស់​ប៉ុលិស​​ចរាចរណ៍​​នៅ​​ខេត្ត​ព្រៃវែង ជា​ពិសេស​នៅ​ស្រុក​មេសាង ប៉ូលិស​បាន​ស្ទាក់​ផាក​ពិន័យ​ទៅ​លើ​ម៉ូតូ​ដែល​អត់​កញ្ចក់ ឬ​ស្លាក​លេខ​ គឺ​មិន​បាន​ចេញ​​វិក្កយបត្រ​ជូន​ពលរដ្ឋ​នោះ​ទេ។

ស្ត្រី​ឈ្មោះ ធី សារិន មាន​ប្រសាសន៍​បន្ត ៖ «គ្មាន​ឲ្យ​ប័ណ្ណ​ទេ យក​តែ​លុយ​តែម្ដង​រាល់​ថ្ងៃ ហើយ​សិស្ស​មិន​សូវ​ដែល​បាន​ទៅ​រៀន​ទេ សិស្ស​សាលា»

ទាក់ទង​បញ្ហា​នេះ លោក សុក សំអឿន ប្រធាន​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យភាព​សង្គម ដែល​បាន​ចូល​រួម​ជា​វាគ្មិន ក៏​បាន​​ស្នើ​ទៅ​មន្ត្រី​សាធារណៈ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ សូម​ឲ្យ​បញ្ឈប់ និង​ចូល​រួម​ទប់​ស្កាត់​អំពើ​ពុករលួយ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ភាព​រុងរឿង​សម្រាប់​ទាំង​អស់​គ្នា និង​សង្គម​ជាតិ។

លោក សុក សំអឿន ដែល​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ផង​នោះ បាន​ថ្លែង​ថា អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រសិន​បើ​រក​ឃើញ​កំហុស​នៅ​ក្នុង​ការងារ​របស់​ខ្លួន​នឹង​ត្រូវ​ប្រឈម​ការ​ពិន័យ​តាម​ផ្នែក​រដ្ឋបាល ឬ​ក៏​អាច​ជាប់​ពន្ធនាគារ ចំពោះ​កំហុស​ពុក​រលួយ​ធ្ងន់ធ្ងរ។

លោក សុក សំអឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ជោគជ័យ​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​ទាំង​អស់​គ្នា។ មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជការ​ទាំង​អស់​គ្នា មាន​ការ​គាំទ្រ​ពី​សង្គម​ស៊ីវិល និង​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​នយោបាយ»

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្លាប់​បាន​ឲ្យ​ដឹង​ពី​ប្រភេទ​បទ​ល្មើស​ពុក​រលួយ ​​ហើយ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ​មាន​ដូច​​ជា​ការ​ផាក​ពិន័យ​របស់​ប៉ូលិស​មិន​ផ្ដល់​វិក្កយបត្រ​ជាដើម។

នៅ​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី​៧ ថ្ងៃ​ទី​៩ ធ្នូ​នេះ​ដែរ ពលរដ្ឋ និង​និស្សិត​ដែល​បាន​ចូល​រួម​រាប់​រយ​នាក់ បាន​ថ្លែង​ថា ពួកគេ​នឹង​ចូល​រួម​ចំណែក​ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។ មាន​ន័យ​ថា រាល់​ការ​ចំណាយ​ណា​មួយ​របស់​ពួកគេ​ទៅ​ឲ្យ​មន្ត្រី​សាធារណៈ រដ្ឋាភិបាល​ត្រូវ​តែ​មាន​បង្កាន់​ដៃ​ថ្លៃ​ចំណាយ​ឲ្យ​បាន​គ្រប់​ចំនួន៕