សង្គម​ស៊ីវិល​ប្រគល់​ញត្តិ​ប្រឆាំង​អំពើ​ពុករលួយ​ដល់​រដ្ឋ​សភា

2008-05-15

មន្រ្តី​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ដឹង​ថា គម្រោង​ប្រគល់​ស្នាម​មេដៃ​និង​ហត្ថលេខា​ប្រជាជន​ជាង ១​លាន​នាក់​ដល់​សភាជាតិ នឹង​គ្មាន​ការកែប្រែ​ឡើយ​ដើម្បី​សុំ​ឲ្យ​សភា​ជួយ​ពន្លឿន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ឆាប់​បាន​អនុម័ត ។

RFA Photo

សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦ ។

មន្រ្តី​ជាន់ខ្ពស់​នៃ​កម្មវិធី​បញ្រ្ជាប​ការប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​សមធម៌​នៃ​អង្គការ ផេក កម្ពុជា អ្នកស្រី ហួត រតនៈ មាន​ប្រសាសន៍​ថា មនុស្ស​ប្រមាណ ១០០​នាក់​នឹង​ចូលរួម​ប្រគល់​ញត្តិ​ឯកសារ​ដើម​ទាំងស្រុង មាន​ស្នាម​មេដៃ​និង​ហត្ថលេខា​ប្រជាជន ជាង​១​លាន​នាក់ ទៅ​សភា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០០៨ ។

អ្នកស្រី​ថា ស្ថាប័ន​ពីរ​ដែល​នឹង​ត្រូវ​ទទួល​យក​ញត្តិ​នោះ មាន​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​សភាជាតិ ។ ប៉ុន្តែ ខាង​រដ្ឋសភា​បាន​ឆ្លើយ​តប​ទទួល​យក​ញត្តិ​នោះ មុន​រដ្ឋាភិបាល ៖ «ប្រគល់​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​ជូន​រដ្ឋសភា គឺ​ទីមួយ យើង​ចង់​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់ ហើយ​ច្បាប់​ដែល​ត្រូវ​អនុម័ត​នោះ​ត្រូវ​តែ​ជា​ច្បាប់​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ទទួល​យក​បាន ហើយ​ក៏​មជ្ឈដ្ឋាន​អន្តរជាតិ​ទទួល​យក​បាន​ផងដែរ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា ចំនួន​ស្នាម​មេដៃ​និង​ហត្ថលេខា ដែល​នឹង​បញ្ជូន​ទៅ​សភាជាតិ នៅ​ថ្ងៃ​សុក្រ ជា​ឯកសារ​ដើម​ទាំងស្រុង​នោះ មាន​អ្នក​ចូលរួម​ផ្តិត​មេដៃ និង​ចុះ​ហត្ថលេខា ចំនួន ១.០៩៤.៤៥០​នាក់ (មួយ​លាន​ប្រាំបួន​ម៉ឺន​បួន​ពាន់​បួន​រយ​ហា​សិប) ផ្តើម​ធ្វើ​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ ដល់​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០០៨ ៖ «បើ​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន រដ្ឋាភិបាល​ក៏​មាន​មុខ​មាត់ មាន​កិត្តិយស​ដែរ»

លោក យង់ គឹមអេង ថ្លែង​ថា ៖ «បើ​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន រដ្ឋាភិបាល​ក៏​មាន​មុខ​មាត់ មាន​កិត្តិយស​ដែរ»

មន្រ្តី​គម្រោង​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ប៉ុក ពុទ្ធារិទ្ធ មាន​ប្រសាសន៍​ថា ហត្ថលេខា​និង​ស្នាម​មេដៃ ប្រមូល​តាម​បណ្តា​ខេត្ត​ក្រុង​ចំនួន​១៩ លើក​លែង​ខេត្ត​ព្រះវិហារ ខេត្ត​ឧត្តរមានជ័យ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​កោះកុង ។

លោកថា ស្នាមដៃ​និង​ហត្ថលេខា​នេះ ភាគច្រើន​ជា​ប្រជាជន រីឯ​មន្រ្តី​រាជការ​មិន​សូវ​បាន​ចូលរួម​ផ្តិត​ឬ​ចុះ​ហត្ថលេខា​ទេ ។

លោក​បន្ត​ថា មេដៃ​និង​ហត្ថលេខា​នេះ មិន​ជាន់​គ្នា​ទេ ដោយ​ក្នុង​ក្រដាស​មួយ​ផ្ទាំង មាន​គូស​តារាង​សម្រាប់ ១​សន្លឹក ៥០​ប្រឡោះ ក្នុង​១​ប្រឡោះ អ្នក​ស្ម័គ្រ​ចិត្ត​អាច​ចុះ​ហត្ថលេខា​១ និង​ផ្តិត​មេដៃ​ម្នាក់ ក្នុង​១​ប្រឡោះ ។

មន្រ្តី​អង្គការ ផេក កម្ពុជា អ្នកស្រី ហួត រតនៈ អះអាង​ថា ក្នុង​ការទទួល​យក​ញត្តិ​ពី​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​សមាជិក ៤០ អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ចាត់​ឲ្យ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​ចាំ​ទទួល​យក​ញត្តិ​នោះ ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ខាង​រដ្ឋសភា ក្នុង​ថ្ងៃ​ឈប់​សម្រាក ជម្រាប​សួរ​ជុំវិញ​ការរៀបចំ​ពិធី​ទទួល​យក​ញត្តិ ពី​អង្គការ​សង្គមស៊ីវិល​នោះ បាន​ទេ ។

គួរជម្រាប​ថា ក្នុង​ញត្តិ​ដែល​នឹង​ប្រគល់​ជូន​ទៅ​សភា​នៅថ្ងៃ​សុក្រ​នោះ មាន​ស្នាមមេដៃ​និង​ហត្ថលេខា​តាម​ប្រឡោះ ចំនួន​៥០ ក្នុង​សន្លឹក​ញត្តិ​នីមួយ​ៗ ហើយ​មាន​សរសេរ​ថា ពលរដ្ឋ​កម្ពុជា​ព្រួយ​បារម្ភ​ពី​ការគំរាម​កំហែង​នៃ​អំពើ​ពុករលួយ ដែល​ជះ​ឥទ្ធិពល​ដល់​ស្ថិរភាព​និង​អនាគត​ប្រទេស​ជាតិ ដោយ​អំពើ​ពុករលួយ ជា​ឧបសគ្គ​ធំ​មួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត​វា​ជះ​ឥទ្ធិពល​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប ធ្វើ​ឲ្យ​ខូច​សេដ្ឋកិច្ច​ជាតិ រារាំង​ការរីកចម្រើន​នៃ​ពាណិជ្ជកម្ម​និង​បង្កើត​ជា​ឧបសគ្គ​ដល់​អ្នកវិនិយោគ​សំខាន់​ៗ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​តម្លៃ​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យជាដើម ៕

អត្ថបទ​ដែល​ទាក់ទង

សង្គម​ស៊ីវិល​និងបក្ស​នយោបាយ​គ្រោង​ប្រជុំ​ពី​បញ្ហា​ពុករលួយ

សង្គមស៊ីវិល​និង​ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ

ការក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​និង​អំពើ​ពុករលួយ​នៅ​ច្រក​ប៉ោយប៉ែត

ហ៊ុន សែន ព្រមានពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​ជន​ពុករលួយ

បេក្ខជន​ដាក់ពាក្យ​សុំធ្វើការ​ជា​អ្នក​រៀបចំ​បោះឆ្នោត​ចោទ​ថា មាន​ការទារ​ប្រាក់

ប៉េអឹម​ស្រុក​ដូនកែវ​ខេត្ត​តាកែវ​ជំរិត​ទារ​ប្រាក់​អ្នក​លក់​ឱសថ​បុរាណ

រឿង​ពុករលួយ​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ច្រក​ប៉ោយប៉ែត​ត្រូវ​បាន​ទម្លាយ

ពលរដ្ឋ​ខ្មែរ​ត្អូញ​ត្អែរ​អំពី​ការទារ​ប្រាក់​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត

សង្គម​ស៊ីវិល​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​ដើម្បី​ប្រគល់​ញត្តិ​ប្រឆាំង​ពុករលួយ

សម្ដេច​ឪ​ចង់​ក្លាយ​ជា​អសុរកាយ​ក្រោយ​ពេល​ចូល​ទិវង្គត​