មន្រ្តីជាន់ខ្ពស់នៃកម្មវិធីបញ្រ្ជាបការប្រឆាំងអំពើពុករលួយដើម្បីសមធម៌នៃអង្គការ ផេក កម្ពុជា អ្នកស្រី ហួត រតនៈ មានប្រសាសន៍ថា មនុស្សប្រមាណ ១០០នាក់នឹងចូលរួមប្រគល់ញត្តិឯកសារដើមទាំងស្រុង មានស្នាមមេដៃនិងហត្ថលេខាប្រជាជន ជាង១លាននាក់ ទៅសភាជាតិនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០០៨ ។
អ្នកស្រីថា ស្ថាប័នពីរដែលនឹងត្រូវទទួលយកញត្តិនោះ មានទីស្តីការគណៈរដ្ឋមន្រ្តីនិងសភាជាតិ ។ ប៉ុន្តែ ខាងរដ្ឋសភាបានឆ្លើយតបទទួលយកញត្តិនោះ មុនរដ្ឋាភិបាល ៖ «ប្រគល់ស្នាមមេដៃប្រជាពលរដ្ឋជូនរដ្ឋសភា គឺទីមួយ យើងចង់ឲ្យរដ្ឋសភាអនុម័តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់ ហើយច្បាប់ដែលត្រូវអនុម័តនោះត្រូវតែជាច្បាប់ដែលប្រជាពលរដ្ឋទាំងអស់អាចទទួលយកបាន ហើយក៏មជ្ឈដ្ឋានអន្តរជាតិទទួលយកបានផងដែរ» ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គឹមអេង មានប្រសាសន៍ថា ចំនួនស្នាមមេដៃនិងហត្ថលេខា ដែលនឹងបញ្ជូនទៅសភាជាតិ នៅថ្ងៃសុក្រ ជាឯកសារដើមទាំងស្រុងនោះ មានអ្នកចូលរួមផ្តិតមេដៃ និងចុះហត្ថលេខា ចំនួន ១.០៩៤.៤៥០នាក់ (មួយលានប្រាំបួនម៉ឺនបួនពាន់បួនរយហាសិប) ផ្តើមធ្វើពីខែធ្នូ ឆ្នាំ២០០៧ ដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០០៨ ៖ «បើកាត់បន្ថយអំពើពុករលួយបាន រដ្ឋាភិបាលក៏មានមុខមាត់ មានកិត្តិយសដែរ» ។
លោក យង់ គឹមអេង ថ្លែងថា ៖«បើកាត់បន្ថយអំពើពុករលួយបាន រដ្ឋាភិបាលក៏មានមុខមាត់ មានកិត្តិយសដែរ»។
មន្រ្តីគម្រោងនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ប៉ុក ពុទ្ធារិទ្ធ មានប្រសាសន៍ថា ហត្ថលេខានិងស្នាមមេដៃ ប្រមូលតាមបណ្តាខេត្តក្រុងចំនួន១៩ លើកលែងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តកោះកុង ។
លោកថា ស្នាមដៃនិងហត្ថលេខានេះ ភាគច្រើនជាប្រជាជន រីឯមន្រ្តីរាជការមិនសូវបានចូលរួមផ្តិតឬចុះហត្ថលេខាទេ ។
លោកបន្តថា មេដៃនិងហត្ថលេខានេះ មិនជាន់គ្នាទេ ដោយក្នុងក្រដាសមួយផ្ទាំង មានគូសតារាងសម្រាប់ ១សន្លឹក ៥០ប្រឡោះ ក្នុង១ប្រឡោះ អ្នកស្ម័គ្រចិត្តអាចចុះហត្ថលេខា១ និងផ្តិតមេដៃម្នាក់ ក្នុង១ប្រឡោះ ។
មន្រ្តីអង្គការ ផេក កម្ពុជា អ្នកស្រី ហួត រតនៈ អះអាងថា ក្នុងការទទួលយកញត្តិពីសម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជា ប្រឆាំងអំពើពុករលួយ ដែលមានសមាជិក ៤០ អង្គការក្រៅរដ្ឋាភិបាលនោះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចាត់ឲ្យគណៈកម្មការទី១ នៃរដ្ឋសភាចាំទទួលយកញត្តិនោះ ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងខាងរដ្ឋសភា ក្នុងថ្ងៃឈប់សម្រាក ជម្រាបសួរជុំវិញការរៀបចំពិធីទទួលយកញត្តិ ពីអង្គការសង្គមស៊ីវិលនោះ បានទេ ។
គួរជម្រាបថា ក្នុងញត្តិដែលនឹងប្រគល់ជូនទៅសភានៅថ្ងៃសុក្រនោះ មានស្នាមមេដៃនិងហត្ថលេខាតាមប្រឡោះ ចំនួន៥០ ក្នុងសន្លឹកញត្តិនីមួយៗ ហើយមានសរសេរថា ពលរដ្ឋកម្ពុជាព្រួយបារម្ភពីការគំរាមកំហែងនៃអំពើពុករលួយ ដែលជះឥទ្ធិពលដល់ស្ថិរភាពនិងអនាគតប្រទេសជាតិ ដោយអំពើពុករលួយ ជាឧបសគ្គធំមួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ទៅថ្ងៃអនាគតវាជះឥទ្ធិពលដល់ប្រជាជនកម្ពុជាគ្រប់រូប ធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ រារាំងការរីកចម្រើននៃពាណិជ្ជកម្មនិងបង្កើតជាឧបសគ្គដល់អ្នកវិនិយោគសំខាន់ៗ ធ្វើឲ្យគ្រោះថ្នាក់ដល់តម្លៃជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យជាដើម ៕
