អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បង្កើត​ទំព័រ​វ៉ឹបសាយថ៍

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ សីហា ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​រៀបចំ​បង្កើត​ទំព័រ​វ៉ឹបសាយថ៍ (Website) របស់​ខ្លួន ដើម្បី​ជួយ​សម្រួល​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​សណ្ឋាគារ សាន់វ៉េ (Sunway) ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​​ពេល​ដែល​លោក​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៣ សីហា លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង មាន​ប្រសាសន៍​ពី​សារ​ប្រយោជន៍​នៃ​ទំព័រ​វ៉ឹបសាយថ៍​នេះ​ថា វា​អាច​ជួយ​កាត់​បន្ថយ​ប្រាក់​ចំណាយ​ការងារ​របស់​អង្គភាព​បាន​ច្រើន និង​ចំណេញ​ពេល​វេលា​ទៀត​ផង។

លោក ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា ៖ «វ៉ឹបសាយថ៍​ហ្នឹង ទី​១ យើង​ផ្សព្វផ្សាយ​ពី​ច្បាប់​អំពី​បទដ្ឋាន​អី​ផ្សេង​ៗ ហើយ​ឯកសារ​អី​ផ្សេង​ៗ​ទៀត ដែល​គេ​ចង់​ទាក់ទង ឧទាហរណ៍​ថា ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ គិត​មើល​ខ្ញុំ​ត្រូវការ​បើ​ពុម្ព​ប៉ុន្មាន? ឧបមា​ថា ២០​ម៉ឺន​នាក់ ២០​ម៉ឺន​សម្រាប់ ហើយ​ក្នុង​ម្នាក់​ធ្វើ​២ ៤០​ម៉ឺន​សម្រាប់ អស់​លុយ​មិន​តិច​ទេ! អ៊ីចឹង​វិធី​របស់​យើង​ខ្ញុំ ដាក់​វ៉ឹបសាយថ៍ នរណា​ចង់ download យក​ចេញ ធ្វើ​ចុះ! អ៊ីចឹង​វ៉ឹបសាយថ៍​ហ្នឹង គោល​បំណង​ទី​២ ឲ្យ​គេ​ដក​យក​គោលការណ៍​ណែនាំ​អំពី​ឯកសារ​អី​ផ្សេង​ៗ។ ទី​៣ យើង​ខ្ញុំ​ផ្សាយ​សកម្មភាព​របស់​យើង​ខ្ញុំ ត្រឡប់​ទៅ​វិញ តើ​យើង​ខ្ញុំ​ធ្វើ​អ្វី​ខ្ល?»

ក្រៅ​ពី​នេះ តាមរយៈ​ទំព័រ​វ៉ឹបសាយថ៍ លោក​ថា អាច​ផ្តល់​ឱកាស​ល្អ​ដល់​ជន​អនាមិក ឬ​សាក្សី និង​អ្នក​ប្តឹង​ពី​​ជន​ស៊ី​សំណូក​សូកប៉ាន់​ដោយ​ងាយ និង​ដោយ​សុវត្ថិភាព​ទៀត​ផង។

លោក ឱម យ៉ិនទៀង បាន​ថ្លែង​ថា ៖ «យើង​សង្ឃឹម​ថា ការ​ធ្វើ​វ៉ឹបសាយថ៍​របស់​យើង​ខ្ញុំ គឺ​ជា​ស្ពាន​មួយ​​ទៅ​ជន​អនាមិក​ទាំង​នោះ ដើម្បី​ផ្សាយ​ថា ឥឡូវ​យើង​បាន​រក​ឃើញ​ថា នរណា​សូកប៉ាន់​នរណា​អី​ហ្នឹងហើយ! គាត់​មើល ខ្ញុំ​ជឿជាក់​ថា អូ! អា​ហ្នឹង​ជា​បណ្ដឹង​របស់​គាត់!»

លោក សុន ឆ័យ មន្ត្រី​បក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា វ៉ឹបសាយថ៍​នេះ​អាច​មាន​ប្រយោជន៍​តិចតួច ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ព្រោះ​ថា ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ជាង ១៤​លាន​នាក់ អ្នក​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដូច្នេះ គឺ​មាន​ចំនួន​តិច​តួច​ណាស់។

លោក សុន ឆ័យ បាន​អះអាង​ថា ៖ «ពីព្រោះ​ថា យើង​មាន​ច្បាប់​មួយ​មិន​ការ​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ទេ ដែល​មាន​មាត្រា​ចែង​ថា បើ​មាន​អ្នក​ណា​ចោទ​ប្រកាន់​មន្ត្រី​ណា​មួយ ដែល​មិន​មាន​ភស្តុតាង​នោះ អាច​ទទួល​ទោស​ពី​បទ​បរិហារ​កេរ្តិ៍​អី​ជាដើម! ទាំង​អស់​នេះ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ហ្នឹង ពិបាក​ពេក​ទៅ​ហើយ។ ទី​២​ទៀត ដូច​ជា​ការ​សម្រេច​ចិត្ត​របស់​មន្ត្រី ដូច​ជា​កិច្ច​សន្យា​កុងត្រា​សម្បទាន​អី​ៗ​អ៊ីចឹង គឺ​សុទ្ធ​តែ​លាក់​កំបាំង ហើយ​បើ​សិន​ជា​គាត់​ចង់​ធ្វើ​បែប​ហ្នឹង គួរតែ​ដាក់​ទាំងអស់​វិញ អា​ឯកសារ​កុងត្រា​អី​ៗ​ទាំង​អស់​ហ្នឹង​នៅ​ក្នុង​វ៉ឹបសាយ៍ថ៍​គាត់ អា​ហ្នឹង​យើង​អាច​មាន​ផល​ប្រយោជន៍​ច្រើន​ដែរ!»

លោក ឱម យ៉ិនទៀង អះអាង​ថា ទំព័រ​វ៉ឹបសាយថ៍​ភាសា​ខ្មែរ ដែល​នឹង​អាច​មាន​ជា​ភាសា​បរទេស​របស់​អង្គភាពរ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ នឹង​អាច​ដំណើរការ​បាន​នៅ​ក្នុង​រយៈពេល​ប្រហែល ២​ខែ​ខាង​មុខ​នេះ៕