ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការចូលរួមពីសំណាក់អតីតយុទ្ធជនកុមារជាតិខ្មែរ និងអតីតយុទ្ធជនកុមារមកពីប្រទេសលីបេរីយ៉ា នៅទីស្នាក់ការអង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ឌីអ៊ីឌី (DED) នៅព្រឹកថ្ងៃទី២៨ កញ្ញា ក្រោមកិច្ចសហការជាមួយអង្គការជាដៃគូមួយចំនួនដូចជាអង្គការយុវសន្តិភាព។
អតីតយុទ្ធជនកុមារនៃរបបខ្មែរក្រហម លោក អាន ចន ផន បានសម្ដែងអំពីរឿងរ៉ាវរបស់លោកកាលពីវ័យកុមារក្នុងសម័យសង្គ្រាម ៖ «ពួកខ្ញុំជាទាហានក្មេងពីដើមមក ហើយខ្ញុំសំណាងណាស់ ខ្ញុំចេះធ្វើស្អីខ្លះ តែបើខ្ញុំមិនចេះធ្វើអី ឥឡូវសង្គ្រាមចប់ហើយ ខ្ញុំទៅធ្វើអី? អាហ្នឹងមួយ ហើយយើងផ្សះផ្សាចិត្តយើងហ្នឹងឲ្យល្អ ចង់ទៅជាបុគ្គលមួយល្អ ចម្រើននៅក្នុងសង្គមហ្នឹង ទាល់តែខ្ញុំហ្នឹងឈប់មានការខឹងសម្បា ឈប់មានការគុំកួនគ្នា ហើយឈប់មានការងឿងឆ្ងល់ថា ខ្ញុំជាមនុស្សអាក្រក់ អ៊ីចឹងណា៎! ព្រោះអីយើងមានជំនឿលើហ្នឹង វាទាល់តែគេបង្ខំឲ្យខ្ញុំធ្វើអាក្រក់»។
អតីតទាហានកុមារចែករំលែកបទពិសោធន៍
ចំណែកអតីតយុទ្ធជនកុមារមកពីប្រទេសលីបេរីយ៉ាដែលត្រូវបានគេបង្ខំឲ្យចូលប្រឡូកក្នុងសង្គ្រាមអស់រយៈពេល១២ឆ្នាំ លោក នីកូឡាស ដេវិស បានចែករំលែកនូវបទពិសោធន៍របស់លោកព្រមទាំងសោកនាដកម្មនៃសង្គ្រាមចំពោះមិត្តដែលជាយុទ្ធជនកុមាររបស់លោក ហើយលោកបានអំពាវនាវដល់យុវជននិងកុមារកម្ពុជាឲ្យពួកគេនៅឆ្ងាយពីសង្គ្រាម។
លោក នីកូឡាស ដេវិស បានបញ្ជាក់ថា ៖ "ខ្ញុំចង់បង្ហាញពីឧទាហរណ៍នេះឬក៏បទពិសោធន៍របស់ខ្ញុំនេះដល់យុវជននៅក្នុងប្រទេសកម្ពុជាថា សង្គ្រាមមិនមែនជាការល្អទេ"។
មន្ត្រីកម្មវិធីផ្សព្វផ្សាយនៃអង្គការ ឌីអ៊ីឌី កញ្ញា ស៊ិន ពុទ្ធារី បានមានប្រសាសន៍ថា សន្និសីទសារព័ត៌មានក្រោមប្រធានបទទាហានកុមារនេះជាគឺជាលើកទីមួយហើយដែលត្រូវបានរៀបចំនៅកម្ពុជា។
កញ្ញា ស៊ិន ពុទ្ធារី បានឲ្យដឹងថា ៖ «បានជាយើងរៀបចំឲ្យមានជាសន្និសីទកាសែតនេះឡើងក្នុងគោលបំណងធំទី១ហ្នឹង ព្រោះយើងចង់ឲ្យសាធារណជនគាត់បានដឹងអំពីអតីតទាហានកុមារ»។
អ្នកសម្របសម្រួលសេវាកម្មសន្តិភាពសង្គមស៊ីវិលនៃអង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ឌីអ៊ីឌី លោកបណ្ឌិត អានឌ្រាស សែលម៉ិចជី បានមានប្រសាសន៍ថា វាគ្មិនទាំងពីរគឺលោក អាន ចន ផន និងលោក នីកូឡាស ដេវិស បានដើរតួនាទីជាស្ពានក្នុងការផ្សះផ្សារវាងជនដៃដល់និងជនរងគ្រោះ។ លោកបណ្ឌិតបានបន្ថែមថា ក្នុងរបបខ្មែរក្រហម កុមារជាច្រើនត្រូវបានគេប្រើប្រាស់ជាទាហាន៕
