តុលាការសាលាឧទ្ធរណ៍ប្រទេសកម្ពុជា មានគម្រោងការបើកសវនាការជាថ្មីទៀត នៅថ្ងៃទី៩ ខែសីហា ដើមសប្ដាហ៍ខាងមុខនេះ ជុំវិញសំណុំរឿងរបស់លោក សម រង្ស៊ី និងកសិករខ្មែរចំនួន ២នាក់ ដែលរងការកាត់ទោសឲ្យជាប់គុករវាងពី១ឆ្នាំ ទៅ ២ឆ្នាំ ដោយតុលាការខេត្តស្វាយរៀងកន្លងមក ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
សវនាការនៅដើមសប្ដាហ៍ខាងមុខនេះ គឺក្រោយពីចុងចោទមានលោក សម រង្ស៊ី និងកសិករខែ្មរ ២នាក់ បានប្ដឹងទាស់សាលក្រមនៃតុលាការខេត្តស្វាយរៀង កន្លងមក ដែលមានអាជ្ញាធរស្រុកចន្ទា្រ ខេត្តស្វាយរៀង ជាដើមបណ្ដឹង។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក ជូង ជូងី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងទី៤ ខែសីហាថា ៖ «ខ្ញុំបានត្រៀមលក្ខណៈអស់ហើយ ដើម្បីការពារសិទ្ធិកូនក្តីរបស់ខ្ញុំទៅតាមផ្លូវច្បាប់។ ក្នុងនាមខ្ញុំជាមេធាវី គឺអត់មានបទល្មើសដូចការចោទប្រកាន់ទេ»។
កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ តុលាការសាលាឧទ្ធរណ៍ប្រទេសកម្ពុជា បានបើកសវនាការលើសំណុំរឿងដដែលនេះរួចម្ដងទៅហើយ ប៉ុន្តែបានបង្ខំចិត្តប្រកាសលើកពេលសវនាការនោះវិញ នៅគ្រាដែលមេធាវីចុងចោទ និងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួនជាង ២០នាក់ បានដើរចេញពីបន្ទប់សវនាការ ដោយសារតែអវត្តមានរបស់សាក្សីសំខាន់ គឺកសិករខ្មែរ ២នាក់ មានលោកស្រី មាស ស្រី និងលោក ព្រំ ជា មិនត្រូវបានគេអនុញ្ញាតឲ្យមកបំភ្លឺនៅក្នុងសវនាការនោះ។
ប្រភពពីមេធាវីចុងចោទ និងដើមចោទ បានបញ្ជាក់នៅថ្ងៃទី៤ ខែសីហានេះថា កសិករខ្មែរ ២នាក់ មានលោកស្រី មាស ស្រី និងលោក ព្រំ ជា នឹងមកបំភ្លឺនៅក្នុងសវនាការនៅថ្ងៃទី៩ ខែសីហា សប្ដាហ៍ខាងមុខនេះ។
មេធាវីការពារក្ដីរបស់រដ្ឋាភិបាលកម្ពុជា គឺលោក ចាន់ សុខយាង បានមានប្រសាសន៍ដោយខ្លីៗថា ៖ «អត់អីទេ ខ្ញុំរៀបចំអស់ហើយ។ សាក្សីហ្នឹង គឺខាងតុលាការគាត់បានបញ្ជូនដំណឹងទៅគាត់ ដូចជាគាត់បានទទួលអស់ហើយ»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា តំណាងរាស្ត្រទាំងអស់របស់គណបក្ស សម រង្ស៊ី នឹងចូលរួម ៖ «លើកទឹកចិត្តដល់ប្រជារាស្ត្រ ២រូប ដែលជាអ្នករងគ្រោះដោយសារអំពើតុលាការ ដែលជាឧបករណ៍នយោបាយ»។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ត្រូវបានតុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ឲ្យជាប់គុក ២ឆ្នាំ ក្រោមបទចោទថា លោកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានទៅដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៨។
កសិករខ្មែរ ២នាក់មានលោកស្រី មាស ស្រី និងលោក ព្រំ ជា បានរងការកាត់ទោសឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ ក្រោមបទចោទថា បានដកតម្រុយបង្គោលព្រំដែននោះ ដែលពួកគាត់បានចោទថា បានបោះនៅក្នុងដីស្រែរបស់គាត់។
នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់កម្ពុជា និងមន្ត្រីជាន់ខ្ពស់វៀតណាម នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែសីហា ថ្មីៗនេះ ស្ដីពីការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែនប្រទេសទាំង២ គឺមន្ត្រីជាន់ខ្ពស់វៀតណាម បានសុំឲ្យភាគីកម្ពុជា រួមជាមួយវៀតណាម ធ្វើសកម្មភាពទប់ទល់រាល់ការប្រឆាំង និងរិះគន់នានាពីមនុស្សនានា លើការបោះបង្គោលព្រំដែន និងបានហៅអ្នកទាំងនោះថា ជាក្រុមអមិត្ត ឬសត្រូវ៕