លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងកសិករខ្មែរចំនួន ២នាក់ រងការចោទថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
ការខកខានកាត់សេចក្ដីចំនួន ២លើករួចមកហើយជាបន្តបន្ទាប់នោះ គឺដោយសារមូលហេតុទី១ កសិករខ្មែរមានលោកស្រី មាស ស្រី និងលោក ព្រំ ជា មិនបានមកចូលរួមនៅក្នុងសវនាការជាសាក្សីសំខាន់ និងទី២ កសិករចំនួន ២នាក់នោះ បានមកចូលរួមក្នុងសវនាការហើយ ប៉ុន្តែអវត្តមានមេធាវី គឺលោក សំ សុគង់ ទៅវិញ ដែលកសិករទាំងនេះមិនទទួលយកមេធាវីថ្មី។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក ជូង ជូងី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកញ្ញាថា ៖ «ខ្ញុំត្រៀមខ្លួនអស់ហើយ ដើម្បីការពារឯកឧត្ដម សម រង្ស៊ី ទៅតាមផ្លូវច្បាប់នៅចំពោះមុខសាលាឧទ្ធរណ៍»។
ទាក់ទងនឹងសំណុំរឿងចម្រូងចម្រាសខាងលើនេះ មេធាវីការពារក្ដីឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរស្រុកចន្ទ្រា ខេត្តស្វាយរៀង គឺលោក ចាន់ សុខយាង បានមានប្រសាសន៍ថា ៖ «គេលើក២សាហើយ។ អ៊ីចឹងខ្ញុំត្រៀមរៀបចំអស់ហើយ ត្រៀមតាំងពីលើកទី១ឯណោះ»។
កសិករខ្មែរចំនួន ២នាក់នោះ កំពុងតែជាប់ឃុំខ្លួននៅក្នុងគុកនៅពេលនេះ ចំណែកឯលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា កំពុងតែរស់នៅនិរទេសខ្លួននៅប្រទេសបារាំង។
លោក សំ សុគង់ ដែលធ្លាប់បានផ្ទេរសំណុំរឿងនេះឲ្យមេធាវីផ្សេងទៀត ដើម្បីការពារក្ដីឲ្យកសិករខែ្មរ ២នាក់នោះ បានមានប្រសាសន៍បញ្ជាក់ថា លោកបានដាក់ពាក្យទៅតុលាការសាលាឧទ្ធរណ៍រួចហើយ ដើម្បីបន្តការពារក្ដីនេះឲ្យកសិករខ្មែរ ២នាក់។
លោក សំ សុគង់ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំបានដាក់ពាក្យការពារជាថ្មី ទៅសាលាឧទ្ធរណ៍ហ្នឹង កាលពីថ្ងៃទី២៧ ខែ៨ ។ ពេលដែលខ្ញុំដាក់ពាក្យ គឺតុលាការបានទទួលយកជាផ្លូវការហើយ។ ខ្ញុំកំពុងតែរង់ចាំថ្ងៃសវនាការ»។
លោកមេធាវីអវត្តមានពីប្រទេសកម្ពុជា ចំនួន ៣សប្ដាហ៍កន្លងទៅនេះទៅកាន់ប្រទេសទីម័រខាងកើតខាងកើត ដើម្បីចូលរួមសិក្សាផ្នែកសិទ្ធិមនុស្ស។
មន្ត្រីអ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី និងជាតំណាងរាស្ត្រ គឺលោក យឹម សុវណ្ណ បានពណ៌នាថា សំណុំរឿងខាងលើនេះ គឺជារឿងនយោបាយ ៖ «ការពារគាត់ដើម្បីជួយជំរុញឲ្យគាត់មានសេចក្ដីក្លាហានឡើង ព្រោះការកាត់សេចក្ដីនេះ គឺមានភាពអយុត្តិធម៌ជាទីបំផុត។ ជារឿងនយោបាយ»។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ កន្លងទៅនេះ តុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់គុក ២ឆ្នាំ ក្រោមបទចោទថា លោកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានទៅដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា-វៀតណាម នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទា្រ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៨ កន្លងទៅ។
តុលាការដដែលបានកាត់ទោសកសិករខ្មែរ ២នាក់ មានលោកស្រី មាស ស្រី និងលោក ព្រំ ជា ឲ្យជាប់គុកម្នាក់ៗ ១ឆ្នាំ ក្រោមបទចូលរួមដកតម្រុយបង្គោលព្រំដែននោះ ដែលគាត់ចោទថា បានបោះនៅក្នុងដីស្រែរបស់គាត់៕