នេះគឺជាការលើកពេលសវនាការលើកទី២ហើយ តាំងពីថ្ងៃទី៦ ខែកក្កដាមក។ ការប្រកាសលើកពេលលើកទី២ដូច្នេះ គឺដោយសារតែលោក សំ សុគង់ ជាមេធាវីការពារក្ដីឲ្យលោក ព្រំ ជា និងអ្នកស្រី មាស ស្រី បានអវត្តមាននៅក្រៅប្រទេសកម្ពុជា ហើយកសិករខ្មែរ២នាក់នេះ មិនព្រមទទួលយកមេធាវីថ្មី គឺលោក កែវ ចំរើន។
សវនាការរយៈពេលជិត ៣០នាទីនៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែសីហានេះ បានចូលរួមដោយតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី សកម្មជន អ្នកកាសែត និងអ្នកសង្កេតការណ៍មកពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា សរុបជាង ៥០នាក់។
ចៅក្រមជម្រះក្តីនៃតុលាការសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានប្រកាសថា បើសិនណាលោក ព្រំ ជា និងអ្នកស្រី មាស ស្រី មិនទទួលយកមេធាវីថ្មី លោក កែវ ចំរើន ទេ ហើយសុំមិនឲ្យបន្តសវនាការនេះទៀត ដោយសារតែគ្មានមេធាវីចាស់ គឺលោក សំ សុគង់ នោះ ហេតុនេះតុលាការក៏យល់ព្រម ហើយបានសម្រេចលើកពេលសវនាការនេះទៅថ្ងៃទី៣០ ខែសីហាវិញ។

លោក ឃុន លាងម៉េង បានដាក់លក្ខខណ្ឌថា មេធាវីចាស់ លោក សំ សុគង់ ដែលបានផ្ទេរសិទ្ធិឲ្យទៅមេធាវីថ្មី លោក កែវ ចំរើន រួចហើយនោះ គឺលោក សំ សុគង់ ត្រូវតែសុំសិទ្ធិមកតុលាការជាថ្មី ដើម្បីបន្តការពារក្ដីនេះ បើមិនដូច្នោះទេ តុលាការសាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ ដោយមិនរង់ចាំមេធាវីឡើយ។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺលោក ជូង ជូងី ដែលបានមកចូលរួមសវនាការខ្លីនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ពីព្រោះសវនាការដំណើរទៅបានល្អ ហើយផ្ដល់យុត្តិធម៌ដល់គាត់។ នេះយើងត្រូវតែគោរពតាមឆន្ទៈរបស់គាត់»។
អ្នកស្រី មាស ស្រី និងលោក ព្រំ ជា ក្នុងឯកសណ្ឋានជាអ្នកទោសអាវខៀវ និងខោពណ៌ខៀវ មានទឹកមុខស្រពោន នៅគ្រាដែលឆ្មាំគុកច្រើននាក់បានបណ្ដើរចូលក្នុងរថយន្តពន្ធនាគារនាំចូលក្នុងកន្លែងឃុំឃាំងវិញ។
មេធាវីការពារក្ដីឲ្យរដ្ឋាភិបាលកម្ពុជា គឺលោក ចាន់ សុខយាង បានមានប្រសាសន៍រិះគន់ថា ៖ «ការពន្យារពេលនេះជាការខាតប្រយោជន៍របស់ជនជាប់ចោទ។ នេះជាកំហុសធ្ងន់ធ្ងរណាស់របស់មេធាវីជនជាប់ចោទ»។
ម្ដាយរបស់កសិករ មាស ស្រី គឺអ្នកស្រី គង់ ម៉ុល អាយុ ៦៨ឆ្នាំ ដែលបានមកចូលរួមក្នុងសវនាការបានថ្លែងថា ៖ «មេធាវីថ្មី ខ្ញុំមិនព្រមទេ ចាំមេធាវីចាស់»។
ភរិយារបស់លោក ព្រំ ជា គឺអ្នកស្រី ឈឿង សារិន បានថ្លែងថា ៖ «សុំចង់ឲ្យពន្យារពេល។ រង់ចាំមេធាវីចាស់»។
កាលពីថៃ្ងទី២៧ ខែមករា កន្លងទៅនេះ តុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខលោក សម រង្ស៊ី ឲ្យជាប់គុកចំនួន ២ឆ្នាំ ក្រោមបទចោទប្រកាន់ថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានទៅដកតម្រុយបង្គោលព្រំដែនលេខ ១៨៥ រវាងកម្ពុជា និងវៀតណាម នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៨ កន្លងទៅ។
កសិករខ្មែរ២នាក់មានអ្នកស្រី មាស ស្រី និងលោក ព្រំ ជា ត្រូវបានតុលាការខេត្តស្វាយរៀងដដែល បានកាត់ទោសឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ ក្រោមបទចោទប្រកាន់ថា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ គឺដកតម្រុយបង្គោលព្រំដែននោះដែរ។
កសិករខ្មែរនិងបក្សប្រឆាំង បានចោទថា តម្រុយបង្គោលព្រំដែននោះបានបោះចូលក្នុងដីស្រែរបស់កសិករច្រើនរយម៉ែត្រ ប៉ុន្តែមន្ត្រីជំនាញកិច្ចការងារព្រំដែនកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់នេះ៕